
ការបោះឆ្នោតជាតិសំខាន់ៗកាន់តែខិតជិតចូលមកដល់នៅក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត ចំណែកឯការរិះគន់ និងវាយប្រហារគ្នាជាពាក្យសម្តីខាងនយោបាយ បានក្លាយទៅជាប្រធានបទមួយនៃការជជែកដេញដោល រវាងអ្នកប្រើប្រាស់ហ្វេសប៊ុកគ្រប់មជ្ឍដ្នាន និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមនានា។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងឈុតសម្លៀកបំពាក់ឯកសណ្ឋានកងទ័ពវៀតណាម ត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដោយមានការចែកចាយតៗគ្នាផងដែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងឈុតសម្លៀកបំពាក់ឯកសណ្ឋានកងទ័ពវៀតណាម។ រូបថតខាងលើនេះ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានចែករំលែកបន្ត។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកកាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតមួយសន្លឹកនេះ តាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
គេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានចុះផ្សាយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ បានបង្ហាញនូវសកម្មភាព និងរូបថតរបស់លោករដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក ង៉ោ សួនលីច (Ngo Xuan Lich) ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ជែមស៍ ម៉ាទីស (James Mattis) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកន្លងទៅនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីចេញគេហទំព័រដែលបានសរសេរជាភាសាអង់គ្លេសថា «US Secretary of Defence James Mattis received Vietnam Defence Minister General Ngo Xuan Lich» ឬប្រែជាភាសាខ្មែរថា «ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក ជែមស៍ ម៉ាទីស និងលោករដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង៉ោ សួនលីច»។
Ministry of National Defence of Vietnam Link | Archived Link
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ក៏ត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសវៀតណាមផងដែរកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។ គេហទំព័រដដែលនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ជែមស៍ ម៉ាទីស (James Mattis) បានទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង៉ោ ស៊ួនលីច សម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅថ្ងៃទី០៨ ខែសីហា ដើម្បីពិភាក្សាអំពីទំនាក់ទំនងវិស័យការពារជាតិអាមេរិក-វៀតណាមដែលកំពុងកើនឡើង និងបញ្ហាប្រឈមសន្តិសុខនៅក្នុងតំបន់។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម ដែល បង្ហាញនូវរូបថតការចាប់ដៃគ្នារវាងរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក ង៉ោ សួនលីច និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ជែមស៍ ម៉ាទីស។
U.S. Embassy in Vietnam Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិត ច្បាប់ដើមនៃរូបថតនេះ គឺជារូបថតរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង៉ោ សួនលីច (Ngo Xuan Lich) ក្នុងអំឡុងជំនួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជែមស៍ ម៉ាទីស (James Mattis) នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ។

Title:លោក សម រង្ស៊ី ក្នុងឯកសណ្ឋានកងទ័ពវៀតណាមជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
