Fact Check: រូប​លោក​​ ស៊ិន​ ស៊ី​សាមុត​ អង្គុយ​លេង​ហ្គីតា​ជា​រូប​ថត​កាត់​ត​

Altered Social

ទោះ​បី​ជា​តារា​ចម្រៀង​ប្រុស​ដ៏​ល្បី​ឈ្មោះ​លោក​​ ស៊ិន​ ស៊ីសាមុត​ បាន​លា​ចាក​លោក​យើង​តាំង​ពី​ជំនាន់​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ម៉្លេះ​ក្ដី​ តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក​នៅ​តែ​ល្បី​រន្ទឺ​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាជន​ខ្មែរ​គ្រប់​រូប​ មិន​ថា​ចាស់​ ឬ​ក្មេង។

ទន្ទឹម​នឹង​នេះ​​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​តា​ ស៊ិន​ ស៊ី​សាមុត​ កំពុង​អង្គុយ​លេង​ហ្គីតា​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​យក​មក​បង្ហោះ​ និង​មាន​ការ​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Da Pleng បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​តា​រា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​លោក​ ស៊ិន​ ស៊ី​សាមុត​កំពុង​អង្គុយ​លេង​ហ្គីតា​។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​

រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សមត្ថភាព​របស់​លោក​តា​​ គឺ​មាន​ពេញ​លេញ​​ 1.តន្រ្តី​​ករ​ដែល​លេង​បាន​ច្រើន​ឧបករណ៍​ 2.អ្នក​ចម្រៀង​ 3.ចេះ​អក្សរ​ភ្លេង​សរសេរ​បទ​ភ្លេង​ 4.និពន្ធ​ទំនុក​ច្រៀង​​ 5.អំណោយ​ផល​ពី​ធម្មជាតិ​​ ចៅ​ៗ​ប្រៀប​មិន​បាន​រោម​ជេីង​​តា​ទេ​​ បេី​សិន​តា​មាន​វត្ត​មាន​លោក​តា​នៅ​រស់​វិញ​​ ចៅ​សុំ​ថេីប​មួយ​ខ្សឺត​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ដែរ​ តាម​រយៈ​គេហ​ទំព័រ​សារ​ព័ត៌មាន​ផ្សេង​ទៀត​ Dara News ក៏​បាន​ចុះ​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​នូវ​រូប​ថត​លោក​តា​ សុិន​ សុី​សាមុត កំពុង​លេង​ហ្គីតា​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ដែល​មាន​ចំណង​ជើង​ថា​ «តោះ​! មក​ស្តាប់​ ប្រវត្តិ​សង្ខេប​របស់​ អធិរាជ​សម្លេង​មាស​ សុិន​ សុី​សាមុត​»។​

Dara News Report | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ 

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ធាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​មួយ​ ​បង្ហោះ​ឡើង​តាំង​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៣​ ដោយ​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា​ ណេហ៊ីម៊ែរ​ ប៉ីស្លីសិន​ (Nehemia Bislissin)។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ ដែល​ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​អតីត​អធិរាជ​សម្លេង​មាស​លោក​ ស៊ិន​ ស៊ី​សាមុត​ នោះ​ឡើយ​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​ «Man playing bass guitar, black and white»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «បុរស​ម្នាក់​លេង​ហ្គីតា​បាស​ ក្នុង​សភាព​រូប​ថត​ ស ខ្មៅ​​»។​

Wikimedia Commons Link | Archived Link

ដូច​គ្នា​នេះ​ដែរ​ តាម​រយៈ​គណនី​ហ្វេស​ប៊ុក​របស់​លោក​ ណេហ៊ីម៊ែរ​ ប៉ីស្លីសិន​ (Nehemia Bislissin) បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០២១​ ក៏​បាន​បង្ហាញ​នូវ​រូប​ថត​របស់​លោក​ កំពុង​អង្គុយ​លេង​ហ្គីតា​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​លោក​ ណេហ៊ីម៊ែរ​ ប៉ីស្លីសិន​។​

Facebook Post | Archived Link

កន្លង​មក​ មាន​គេហទំព័រ​សារ​ព័ត៌​មាន​ និង​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​មួយ​​ចំនួន​ បាន​យក​រូបថត​មួយ​សន្លឹក មក​សរសេរ​ និង​អះ​អាង​ថា គឺ​ជា​រូប​ថត​របស់​រាជិនី​សំឡេង​មាស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ជំនាន់​ដើម លោក​ស្រី​ រស់ សេរី​សុទ្ធា​ លោក​ស្រី​ ប៉ែន​ រ៉​ន​ និង​លោក​ស្រី​ ហួយ​ មាស​ ​បណ្ដើរ​​គ្នា​​ទៅ​​សាលា​​ ដែល​ធ្វើ​​ឲ្យ​​មាន​ការ​​យល់​​ច្រឡំ​​ថា​នេះ​គឺ​ជា ​រឿង​ពិត​។ ករណី​នេះ​ ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ផង​ដែរ​ ដោយ​ក្រុម​ការ​ងារ​ Fact Crescendo Cambodia កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ កន្លង​ទៅ​​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ Fact Crescendo Cambodia អំពី​ករណី​កាត់​ត​រូប​និស្សិត​ជន​ជាតិ​អាហ្វហ្កានីស្ថាន​ ជា​តារា​ចម្រៀង​ស្រី​ខ្មែរ​។​

Fact Crescendo Cambodia Report | Archived Link

តើ​លោក​ ស៊ិន​ ស៊ី​សាមុត​ ជា​នរណា​?​ 

លោក​ ស៊ិន​ ស៊ី​សាមុត​ គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​តារា​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​​​ក្នុង​អំឡុង​ឆ្នាំ​ ១៩៥០-១៩៧០ ដែល​លោក​ត្រូវ​បាន​គេ​ឲ្យ​រហ័ស​នាម​​លោក​ជា​ «អធិរាជ​សំឡេងមាស»។ លោក​កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា​ ឆ្នាំ​១៩៣២​ និង​ទទួល​មរណភាព​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​១៩៧៦​ នៅ​ក្នុង​​របប​​ប្រល័យ​​ពូជ​សាសន៍​​ខ្មែរ​​ក្រហម​។​

ភាព​ល្បី​ល្បាញ​របស់​លោក​ ស៊ិន​ ស៊ី​សាមុត​ បាន​​មក​ពី​​ទឹក​​ដម​​សំឡេង​​ដ៏​​ក្រអួន​​ក្រអៅ​ ពិរោះ​រណ្ដំ​​ចិត្ត​ គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​​រសជាតិ​ អន្លង់​​អន្លោច​ សប្បាយ​ កម្សត់​​ដែល​ទាំង​ឡាយ​នេះ​ជា​​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក​ និង​​ជាមួយ​ដៃ​គូ​អ្នក​​និពន្ធ​ដ៏ទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​ជំនាន់​នោះ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​លោក​ ណេហ៊ីម៊ែរ​ ប៉ីស្លីសិន​ (Nehemia Bislissin) ជន​ជាតិ​ឥណ្ឌូនេស៊ី​ ដែល​បាន​ថត​ឡើង​កាល​ពី​អំឡុង​ឆ្នាំ​២០១៣​ និង​​ពុំ​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​អធិរាជ​សំឡេង​មាស​ លោក​​ ស៊ិន​ ស៊ី​សាមុត កំពុង​អង្គុយ​លេង​ហ្គីតា​នោះ​ទេ​។​

Avatar

Title:រូប​លោក​​ ស៊ិន​ ស៊ី​សាមុត​ អង្គុយ​លេង​ហ្គីតា​ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.