Fact Check: រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ សម​ រង្ស៊ី​ អង្គុយ​ក្បែរ​សត្វ​ឆ្កែ​ដេក​លើ​កៅអី គឺ​​ជា​រូប​ថត​កាត់​ត​

Altered Political

លោក​ សម​ រង្ស៊ី​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ធ្លាប់​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ ​នៅ​ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ទាំង​១២៣​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ នោះ​ បាន​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ដោយ​តែង​តែ​ត្រូវ​បាន​គេ​រិះ​គន់ និង​វាយ​បក​ជា​រឿយ​ៗ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​ម្នាក់​កំពុង​តែ​ដេក​​នៅ​លើ​ដី​​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​យក​មក​បង្ហោះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​កំពុង​តែ​ដេក​​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែកចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ផង​ដែរ​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ផ្តាំ​អោយ​[ឲ្យ​]ហើយ​វើយ​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ មុន​និង​ធ្វើ​អ្វី​មួយ​ ដែល​ជា​ទង្វើ​ក្បត់​ជាតិ​ត​ពូជ​របស់​អា​ឯង​ ឯង​ត្រូវ​តែ​ចេះ​គិត​ពី​ តម្លៃ​ខ្លួន​ឯង​ផង​ ថា​តើ​វា​បច្ចុប្បន្ន​នេះ​ តម្លៃ​ខ្លួន​អា​វា​ថោក​ជាង​សត្វ​ឆ្កែ​ ឬ​ក៏​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​សត្វ​ឆ្កែ​ បាន​ជា​ឃើញ​ចេះ​តែ​ព្រុស​ៗ​ ម្តង​ធ្វើ​នេះ​ម្តង​ធ្វើ​នោះ​ តែ​ទី​បញ្ចប់​ក្រុម​នៃ​ចលនា​ក្បត់​ជាតិ​ របស់​ពពួក​អា​អស់​ឯង​ គឺ​ច្បាប់​ត្រូវ​តែ​ចាត់​ការ​ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​ #ងើប​មួយ​ចាប់​មួយ​  ព្រោះ​គ្រប់​ប្រទេស​លើ​លោក​នេះ​ គ្មាន​ប្រទេស​ណា​មួយ​ គេ​ទុក​អោយ​[ឲ្យ​]ក្រុម​ឧទ្ទាម​ក្បត់​ជាតិ​ រស់​ក្រៅ​សំណាញ់​ច្បាប់​ឡើយ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ តាម​រយៈ​គេហទំព័រ​សារ​ព័ត៌​មាន​ Khmer Load បាន​ធ្វើ​ការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ហួស​ចិត្ត​! ឆ្កែ​ដេក​លើ​ប៉ៅ​អ៊ី​ ឯ​ម្ចាស់​ស្រវឹង​ ដេក​នៅ​លើ​ដី​»។​ ​រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​ត្រូវ​បាន​យក​មក​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​របស់​​ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៥កន្លង​ទៅ​​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​ពុំ​បាន​​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​របស់​លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​នោះឡើយ​​។​

Khmer Load News Report | Archived Link

តើ​បច្ចុប្បន្ន​លោក​ សម​ រង្ស៊ី​ កំពុង​ស្ថិត​នៅ​ទីណា​?​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម​ រង្ស៊ី​ បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ ដោយ​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​បារាំង​ឆ្ពោះ​ទៅ​​សហរដ្ឋ​​អាមេរិក​​ដើម្បី​​ជួប​​មន្ត្រី​​សហរដ្ឋអាមេរិក​ ​និង​ក្រុម​​អ្នក​គាំ​ទ្រ​​គណបក្ស​របស់​ខ្លួន​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ​។​

ថ្មី​ៗ​នេះ​ លោក​ក៏​បាន​បង្ហោះ​នូវ​រូប​ថត​មួយ​សន្លឹក​ជាមួយ​នឹង​មន្ត្រី​សហរដ្ឋ​អាមេរិក​ ដោយ​ភ្ជាប់​ជា​មួយ​នឹង​ ការ​​សរសេរ​រៀប​រាប់​ថា​ «សកម្មភាព​លោក​ សម​ រង្សុី​ នៅ​រដ្ឋធានី​ វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ ថ្ងៃ​២៨​ កញ្ញា​ ២០២១​នេះ​»។​

Facebook Post | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ​ច្បាប់​ដើម​នៃ​រូប​ថត​នេះ គឺ​ជា​ទិដ្ឋ​ភាព​បុរស​ម្នាក់​ដែល​ស្រវឹង​ដេក​នៅ​លើ​ដី​ ខណ:​ដែល​សត្វ​ឆ្កែ​មួយ​ក្បាល​កំពុង​តែ​ដេក​នៅ​លើ​ប៉ៅ​អ៊ី​។​ រូប​ថត​នេះ​ពុំ​បាន​បង្ហាញ​នូវ​រូប​របស់​លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​នោះ​ទេ​។​

Avatar

Title:រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ សម​ រង្ស៊ី​ អង្គុយ​ក្បែរ​សត្វ​ឆ្កែ​ដេក​លើ​កៅអី គឺ​​ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *