Fact-Check: តើ​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដូច​ការ​អះ​អាង​ឬទេ?

False Political

ខណៈ​ដែល​វីរុស​កូវីដ-១៩​បន្ត​រាត​ត្បាត​កម្ពុជា​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​មិន​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដូច​មុន​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ហ៊ុន សែន មាន​បញ្ហា​សុខភាព ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដើម្បី​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​ News Assembly ​បាន​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រៀម​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​មួយ​សន្លឹក​របស់​លោក ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​​សម្រាក​ព្យាបាល​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក News Assembly ដែល​អះ​អាង​ថា «ថ្ងៃ​អាទិត្យ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ ត្រៀម​ៗៗ…​ថ្ងៃ​នេះ​ទទួល​បាន​ព័ត៌មាន​មក​ថា លោក ហ ស កំពុង​តែ​ឈឺ​ធ្ងន់ ត្រៀម​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់ ដើម្បី​ធ្វើការ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ខណៈ​គ្រូ​ពេទ្យ​ជំនាញ​សិង្ហបុរី​ឈប់​ទទួល​ព្យាបាល»។

Facebook Post | Archived Link

ការ​អះ​អាង​ដូច​គ្នា​ទាំង​ស្រុង ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ​ News Fast បង្ហោះ​ផង​ដែរ ត្រឹម​តែ​ ១​នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​ទំព័រ​ហ្វេសប៊ុក News Assembly បាន​បង្ហោះ​រួច​មក។ គេ​អាច​រក​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៃ​សារ​នោះ​បាន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​​បន្ត​នៅ​ទីនេះ

ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​អះ​អាង​​បែប​នេះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ SNP News បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ផង​ដែរ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ដដែល​នោះ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​។

ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​អះ​អាង​នោះ អាច​រក​អាន​បាន​នៅ​ក្នុង​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​បន្ត​មាន​នៅ​ទីនេះ។

Facebook Post | Archived Link

ការ​អះ​អាង​​បែប​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ សុខឿន ប៉ាង បង្ហោះ​លើ​គណនី​របស់​ខ្លួន​ផង​ដែរ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ហើយ​ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ថែម​ទៀត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត។

ខ្លឹមសារ​ដើម​នៃ​ការ​អះ​អាង​នោះ អាច​រក​អាន​បាន​នៅ​ក្នុង​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​បន្ត​មាន​នៅ​ទីនេះ​ផង​ដែរ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរ​​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ការ​សម្ភាស​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ការ​បង្ហាញ​វត្តមាន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់។

តាម​រយៈ​កម្មវិធី Google Reverser Image យើង​បាន​រូបថត​មួយ​សន្លឹក​នេះ ចុះ​ផ្សាយ​ជាមួយ​រូបថត​ដទៃ​ទៀត​នៅ​ក្នុង​វេបសាយ​មួយ​ឈ្មោះ​ថា Khmer Breaking កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០១៨​កន្លង​មក។

Khmer Breaking | Archived Link

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​​មួយ​ផ្នែក​ចេញ ដែល​បង្ហាញ​ឱ្យ​ឃើញ​តែ​រូប​លោក ហ៊ុន សែន ត្រឹម​តែ​មួយ​ផ្នែក និង​ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដើម និង​រូបថត​ដែល​ត្រូវ​បាន​កាត់​ចេញ​មួយ​ផ្នែក។

ទោះជាយ៉ាងណា គេហ​ទំព័រ​ខាង​លើ​នេះ មិន​បាន​ផ្ដល់​ព័ត៌មាន​ជាក់​លាក់​នៃ​រូបថត​ទាំង​នេះ​នោះ​ទេ ខណៈ​ដែល​សំណេរ​របស់​ខ្លួន​និយាយ​រៀបរាប់​ទាក់​ទង​នឹង​សុខភាពរបស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​ដោយ។

ថ្វី​បើ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ក្ដី ប៉ុន្តែ យើង​បាន​រក​ឃើញ​រូបថត​ទាំង​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​ចំនួន ដែល​បង្ហាញ​ផ្ដល់​ព័ត៌មាន​ជាក់​លាក់​។

សារព័ត៌មាន​ថ្មីៗ បាន​ចុះ​ផ្សាយ​រូបថត​​ចំនួន​បី​សន្លឹក​​នៅ​ក្នុង​អត្ថបទ​មួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦ ដោយ​រៀបរាប់​ថា រូបថត​ទាំង​បី​សន្លឹក​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​រូបថត​សរុប ១១​សន្លឹក ដែល​​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នោះ។

បើ​តាម​សារព័ត៌មាន​ថ្មីៗ រូបថត​ទាំង​នេះ បង្ហាញ​លោក ហ៊ុន សែន បាន​ទៅ​ត្រួត​​ពិនិត្យ​សុខភាព​​របស់​លោក​​កាល​ពី​ ៥​ឆ្នាំ​មុន នៅ​មន្ទីរ​ពេទ្យ​មួយ​ស្ថិត​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ការ​ត្រួត​ពិនិត្យ​សុខភាព​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ណាត់​ជួប​ជា​ទៀង​ទាត់។

Thmey Thmey | Archived Link

ការ​ត្រួត​ពិនិត្យ​សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឯ​មន្ទីរ​ពេទ្យ​សិង្ហបុរី​នា​ពេល​នោះ ក៏​ត្រូវ​បាន​សារព័ត៌មាន​នគរធំ​ចុះ​ផ្សាយ​ផង​ដែរ​​នៅ​ក្នុង​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា «សម្ដេច ហ៊ុន សែន ចូល​ពេទ្យ​សិង្ហបុរី» កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។

Nokorthom | Archived Link

បច្ចុប្បន្នភាព​សុខភាព​លោក ហ៊ុន សែន

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​រួច​មក​ហើ​យនោះ បាន​អះ​អាង​ថា លោក ហ៊ុន សែន «កំពុង​ឈឺ​ធ្ងន់» និង​ត្រៀម​​សង្គ្រោះ​បន្ទាន់​ និង​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។

ប៉ុន្តែ ៤​ថ្ងៃ​ក្រោយ​មក លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​របស់​លោក​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ (7th GSM Summit)​លើក​ទី​៧ ដែល​វេទិកា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​បរិបទ​វិបត្តិ​សុខភាព​សកល។

ក្នុង​នាម​ជា​ប្រធាន​​​វេទិកា​មហា​​អនុ​តំបន់​មួយ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​​សារ​​ទៅ​កាន់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ចំនួន ៥​ផ្សេង​ទៀត ដែល​ពិធី​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​ផ្ទាល់ដោយ​ទូរទស្សន៍​ជាតិ និង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ​នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១។

Samdech Hun Sen, Cambodian Prime Minister| Archived Link

ពាក្យ​ចរចាម​អារ៉ាម ឬ​ការ​អះ​អាង​ផ្សេងៗ​ទាក់​ទង​នឹង​សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​ជា​រឿយៗ​រួច​មក​ហើយ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ Fact Crescendo Cambodia ក៏​បាន​​ផ្ទៀង​ផ្ទាត់​ជា​បន្ត​បន្ទាប់​រួច​មក​ហើយ​ផង​ដែរ។

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​មក​នេះ Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​​លើ​ការ​អះ​អាង​មួយ​ដែល​និយាយ​ថា លោក ហ៊ុន សែន បាន​ទទួល​មរណភាព ប៉ុន្តែ យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ពិត​ទេ។ សូម​អាន​អត្ថបទ​ផ្ទៀង​ផ្ទាត់​របស់​យើង​នៅ​ទីនេះ

នៅ​ដើម​ខែ​មិថុនា​នោះ​ដែរ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក៏​បាន​អះ​អាង​អំពី​មរណភាព​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក​ផង​ដែរ ហើយ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ពិត​ផង​ដែរ។ សូម​អាន​អត្ថបទ​ផ្ទៀង​ផ្ទាត់​របស់​យើង​នៅ​ទីនេះ

កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ Fact Crescendo Cambodia ក៏​បាន​​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​មួយ​ទៀត​ដែល​និយាយ​ថា លោក ហ៊ុន សែន បាន​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ពិត​នោះ​ឡើយ។ សូម​អាន​អត្ថបទ​ផ្ទៀង​ផ្ទាត់​របស់​យើង​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ងត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​វះ​កាត់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ។ លោក ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​វេទិកា​មេដឹកនាំ​បណ្ដា​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ​នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ដែល​បង្ហាញ​លោក​មាន​សុខភាព​ធម្មតា។

Avatar

Title:តើ​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដូច​ការ​អះ​អាង​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.