
ក្រោយពីមានការបើកវាយប្រហារដ៏ទ្រង់ទ្រាយធំទៅលើទឹកដីអ៊ីស្រាអែល ពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ វីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពយន្តហោះជាច្រើនគ្រឿង និងក្រុមកងទ័ពអាកាសលោតឆ័ត្រយោង ត្រូវបានបង្ហោះឡើង ដោយបានភ្ជាប់ និងអះអាងថា នោះគឺជាទិដ្ឋភាពនៃការវាយប្រហារបកទៅលើក្រុមហាម៉ាសប៉ាឡេស្ទីន របស់កងទាហានអ៊ីស្រាអែល។ ការលើកឡើងបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «ចាបមាស/Chin Sarim» បានបង្ហោះវីដេអូឃ្លីបព័ត៌មានរាយការណ៍មួយ ដោយបានបង្ហាញទិដ្ឋភាពក្រុមកងទាហានឆ័ត្រយោង ដែលបានលោតចេញពីយន្តហោះជាច្រើនគ្រឿង។ ការបង្ហោះវីដេអូនេះ ត្រូវបានអះអាង និងភ្ជាប់ទៅនឹងទិដ្ឋភាពវិបត្តិសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលកើតឡើងនាពេលថ្មីៗនេះ។
ការអះអាងខាងលើ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិ និងប្រតិកម្មទៅនឹងវីដេអូឃ្លីបនេះផងដែរ។
ខាងក្រោមនេះគឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានសរសេរថា «អ៊ីស្រាអែល បានបើកការវាយប្រហារ៣មុខព្រួញលើក្រុមហាម៉ាសប៉ាឡេស្ទីន»។
ការអះអាងដូចគ្នា ក៏ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រវីដេអូ YouTube ផងដែរ ដោយបានភ្ជាប់ទិដ្ឋភាពនៃការលោតឆ័ត្រយោងខាងលើ ទៅនឹងការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានកើតឡើងកាលពីសប្ដាហ៍មុននេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូឃ្លីប និងខ្លឹមសារខាងលើ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
វីដេអូឃ្លីបដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញនិង បានបង្ហោះនៅលើគេហទំព័រវីដេអូ YouTube របស់ «AiirSource Military» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ដោយបានបញ្ជាក់ថា ទិដ្ឋភាពនេះ គឺជាទិដ្ឋភាពនៃការលោតឆ័ត្រយោង មកពីកងពលលេខ៨២ និង១០១ នៅក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលត្រូវបានបង្ហោះនៅលើគេហទំព័រវីដេអូ YouTube កាលពី៧ឆ្នាំមុនមកម្ល៉េះ។
ដូចគ្នានេះ ទិដ្ឋភាពនៃការលោតឆ័ត្រយោងខាងលើ ក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈផងដែរនៅលើគេហទំព័រសារព័ត៌មាន Daily Mail កាលពីឆ្នាំ២០១៦កន្លងទៅ ដែលនេះមិនមែនជាទិដ្ឋភាពនៃការបើកវាយប្រហារតបតរបស់អ៊ីស្រាអែល ទៅកាន់ក្រុមហាម៉ាសប៉ាឡេស្ទីននាពេលថ្មីៗនោះឡើយ។
Daily Mail News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប និងការអះអាងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការពិតវីដេអូឃ្លីបមួយនេះ គឺជាទិដ្ឋភាពនៃការលោតឆ័ត្រយោងរបស់ទាហាន មកពីកងពលធំលេខ៨២ និង១០១ នៅក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០១៦មកម៉្លេះ។

Title: តើនេះគឺជាទិដ្ឋភាពនៃការបើកវាយប្រហាររបស់អ៊ីស្រាអែលទៅកាន់ក្រុមហាម៉ាសប៉ាឡេស្ទីនមែនឬ?
Written By: Kakada SimResult: Misleading
