រូប​ថត​បី​សន្លឹក​ដែល​បង្ហាញ​​សំណង់​លំនៅឋាន​មួយ​បាក់​ស្រុត​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​នេះ។​ រូបថត​នេះ​ មិន​ត្រូវ​បាន​បញ្ជាក់​លម្អិត​នោះ​ឡើយ ដែលនាំ​ឱ្យ​​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​គិត​ថា ​ហេតុការណ៍​មួយ​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​ចំនួន​បី​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​បំណែក​នៃ​ការ​បាក់​បែក​ផ្ទះ​មួយ​កន្លែង​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​សំណេរ​មួយ​​ថា​ «ទុក​ជា​បទ​ពិសោធន៍ស​ម្រាប់ប​ងប្អូន​ម្ចាស់​ផ្ទះ​ និង​មេជាងម៉ៅកា​រធ្វើ​ផ្ទះ​ ចង់​បាន​ជាង​ថោក​ជាង​គេ​»។​

សំណេរ​ភ្ជាប់​ដោយ​រូប​ថត​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ចោទ​សួរ​អំពី​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍​នេះ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បង្ហាញ​ទិដ្ឋភាពនៃ​ការ​​ខូច​ខាត​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​គេហទំព័រ​សារព័ត៌​មាន​ USA Today ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២២​ បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ដូច​គ្នា​ទាំង​ស្រុង​នៃ​ការ​ខូច​ខាត​នៃ​​លំនៅឋាន និង​រថយន្ត​។​ គេហ​ទំព័រ​ដដែល​ខាង​លើ​ បាន​បញ្ជាក់​ថា​ការ​ខូចខាត​ និង​បែក​បាក់​នោះ​ គឺ​បណ្ដាល​មក​ពី​ការ​រញ្ជួយ​ដី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​​ «ស្ត្រី​ម្នា​ក់ឈរ​ក្បែរ​​លំនៅឋាន​ និង​រថយន្ត​ដែល​ត្រូវ​បានបំ​ផ្លាញ​បន្ទា​ប់ពី​មាន​ការ​រញ្ជួ​យ​ដីដ៏​ខ្លាំ​ងមួ​យបា​នវាយប្រហា​រទីក្រុង​ Bangued ខេត្ត​ Abra ភាគ​ខាង​ជើង​នៃ​ប្រទេស​ហ្វីលីពីន​ កាលពី​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ២០២២​នេះ​។ គ្រោះ​រញ្ជួយ​ដី​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការបាក់ដី​ និង​អគារ​ខូច​ខាត​ជា​ច្រើន​នៅ​ភាគខាងជើង​ ដោយ​បាន​សម្លាប់​​មនុស្ស​​មួយ​​ចំនួន​ និង​​រាប់​​សិប​​នាក់​​រង​របួស​ផង​ដែរ​»។​

USA Today News Report | Archived Link

ហេតុ​ការណ៍​នៃ​ការ​ខូច​ខាត​ខាង​លើ​នេះ​​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Getty Images ដែល​ជា​គេហ​ទំព័រ​សោតទស្សន៍​ដ៏​ធំ​មួយ​ផង​ដែរ​។​ គេហទំព័រ​នេះ​ បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​នោះ​​ គឺ​ជា​ទិដ្ឋភាព​ក្រោយ​ពី​មាន​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ពុធ​កន្លង​ទៅ​​។​

Getty Images | Archived Link

កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០២២​ គ្រោះរ​ញ្ជួយ​ដី​ដ៏​ខ្លាំ​ងមួយ​ បាន​វាយ​ប្រហារ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន​ និង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់ផង​ដែរ​។​ ហ្វីលីពីន ជាប្រទេស​មួយ​ដែល​ងាយ​នឹង​រងគ្រោះ​ហេតុការណ៍​រញ្ជួយ​ដី ដោយសារ​ប្រទេស​នេះ​ ស្ថិត​នៅ​តំបន់​មួយ​ហៅ​ថា​ «ខ្សែ​ក្រវាត់​ភ្នំ​ភ្លើង​» នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​។

Reuters Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ហេតុការណ៍​មួយ​នេះ​ ពុំ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ ការ​ពិត​ ការ​បាក់​រលំ​នៃ​លំនៅឋាន​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​ក្រោយ​ពី​មាន​ការ​រញ្ជួ​យដី​ដ៏ធំ​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ហ្វីលីពីន​​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​

Avatar

Title:សំណង់​លំនៅឋាន​បាក់​ស្រុត​នេះពុំ​បាន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

Fact Check By: Kakada Sim

Result: Misleading