ជន​អន្តោប្រវេសន៍​​ដែល​​ប៉ូលិស​​ថៃ​​ឃាត់​​ខ្លួន​​នៅ​​ភាគ​ខាង​ត្បូងមិន​មែន​​ជា​​ជន​ជាតិ​​ខ្មែរ​​ទេ​

Misleading Social

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​​ដែល​បង្ហាញ​​មនុស្ស​មួយ​ក្រុម​​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​​មួយ ត្រូវ​បាន​បង្ហោះ​ឡើង​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា មនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​។​ វីដេអូ​ឃ្លីប​ភ្ជាប់​នឹង​ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុសផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រក​ឃើញ​មនុស្ស​មួយ​ក្រុម​​បាន​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ បាន​រៀប​រាប់​ក្នុង​ន័យ​ថា មនុស្ស​ដែល​តម្រួត​ថៃ​ឃាត់​ខ្លួន​នោះ គឺ​​ជា​ពល​ករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។​

ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា «ឃើញ​ហើយ​គួរ​អោយ​សង្វេគ​ជាតិ​សាសន៍​ខ្ញុំ​😫🥺»។​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

​ទិដ្ឋភាព​មនុស្ស​មួយ​ក្រុម​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ប៉ូលីស​ថៃ​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វផ្សាយ​​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ Khaosod កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​​កន្លង​ទៅ​ ដោយ​​បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា​ ទិដ្ឋភាព​នោះ​ គឺ​ជា​ការ​រក​ឃើញ​ និង​ឃាត់​ខ្លួន​ជន​អន្ដោប្រវេស​ន៍​មីយ៉ាន់ម៉ាខុស​ច្បាប់​​ចំនួន​ ៧​នាក់​ ដែល​បាន​លាក់​ខ្លួន​នៅ​ក្នុង​​រថយន្ត​​មួយ​គ្រឿង ដើម្បីលួច​​ចូល​មក​កាន់​ប្រទេស​ថៃ​​។​ 

គេហទំព័រ​សារព័ត៌មានដដែល​​ខាង​លើ​ ពុំ​បាន​អះ​អាង​ និង​បញ្ជាក់​ថា​ គឺ​ជា​ពល​ករ​ខ្មែរ​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ សរសេរ​រៀបរាប់​ជា​ភាសា​ថៃ​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ពលករ​មីយ៉ាន់ម៉ា​ខុស​ច្បាប់​ លាក់​ខ្លួន​ក្នុង​ធុង​ផ្លែ​ឈើ​ ត្រូវ​បាន​ឆែកឆេរ​រក​ឃើញ​ដោយ​អាជ្ញាធរ​ថៃ​ ក្នុង​ខេត្ត​តាក​»។​

Khaosod News Report | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​រាយ​ការណ៍​ដោយ​ស្ថាប័ន​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ​ Matichon ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​ពុំ​បាន​បង្ហាញ​ថា ករណី​នេះ​ គឺ​ជា​ពលករ​ជនជាតិ​ខ្មែរ​នោះ​ទេ​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋភាព​អាជ្ញាធរ​ថៃ​ បាន​រក​ឃើញ​ជន​អន្តោប្រវេសន៍​​មីយ៉ាន់ម៉ា ដែល​បាន​លាក់​ខ្លួន​នៅ​ក្នុង​ធុង​ផ្លែ​ឈើ​។​

Matichon News Report | Archived Link

ខាង​ក្រោម​នេះ​ ​គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ស្ថានីយ​ទូរទស្សន៍​​ថៃ​ PPTV HD 36 ដែល​បាន​បញ្ជាក់​​ថា​ ពលករ​មីយ៉ាន់ម៉ាខុស​ច្បាប់​ នៅ​តែបន្តលួច​ចូលក្នុង​ប្រទេស​ថៃ​តាមម​ធ្យោបាយ​ផ្សេង​ៗ​។

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia រក​ឃើញ​ថា​វីដេអូ​ឃ្លីប​​ និង​ការ​លើក​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ច្បាប់​ដើម​នៃ​វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ឃាត់​ខ្លួន​ជន​អន្តោប្រវេសន៍​​មីយ៉ាន់ម៉ា ​ពី​សំណាក់​អាជ្ងាធរ​ថៃ​ ក្នុង​ភូមិសាស្ដ្រ​ខេត្ត​ Tak កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២៣​​កន្លងមក​​។​

Leave a Reply

Your email address will not be published. Required fields are marked *