Fact Check: រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

Altered Political

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។

ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។ 

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​។ ​លោក​ សម​ រង្ស៊ី​ បាន​ចាក​ចេញ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​កាន់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១៨ ខែសីហាកន្លង​ទៅ​នេះ​ ដើម្បី​បំពេញ​បេសកកម្ម​រយៈពេល​មួយខែ ដោយ​លោក​គ្រោង​នឹង​ដឹកនាំ​ក្រុម​​មន្រ្តី​​គណបក្ស​នេះ​​ទៅ​ជួប​​មន្រ្តី​ពាក់ព័ន្ធ​របស់​​សហរដ្ឋ​អាមេរិក​ផង​ដែរ​។

រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ចង់​សេីច​ក្រុម​​ រង្សុី​ វា​ប្រជុំ​សម្ងាត់​តាម​រយៈ​​ ​Zoom 😂 សម្ងាត់​ម្រាយ​វា​ស្អី​​! បេី​រាល់​ការ​ប្រជុំ​គេ​ថត​សំឡេង​បាន​ទាំង​អស់​ហ្នឹង​​ វា​ល្ងង់​អញ្ចឹង​តេី​ បាន​ចាញ់​មួយ​ជីវិត​​​ គ្មាន​ពេល​ឈ្នះ​សោះ​ 😂😂»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

ក្រុម​ការ​ងារ​ Fact Crescendo បាន​ចាប់​ផ្តើម​ប្រៀប​ធៀប​ និង​ផ្ទៀង​ផ្ទាត់​រូប​ថត​ខាង​លើ​ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​រូប​ថត​ច្បាប់​ដើម​ ដែល​មាន​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ សម​ រង្ស៊ី​ ផ្ទាល់​។​

តាម​រយៈ​សារ​បង្ហោះ​មួយ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី បាន​បង្ហោះ​រូប​ថត​ចំនួន​ ៩​សន្លឹក​ ដោយ​ក្នុង​នោះ​ក៏​មាន​រូប​ថត​មួយ​សន្លឹក​ដែល​មាន​សណ្ឋាន​ និង​ទម្រង់​ដូច​គ្នា​ទៅ​នឹង​​រូប​ថត​ដែល​អ្នក​ប្រើប្រាស់​បាន​អះ​អាង​ខាង​លើ​ផង​ដែរ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ​ពុំ​បាន​បង្ហាញ​សភាព​របស់​លោក​ជា​មនុស្ស​ចំណាស់​នោះ​ឡើយ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ សម​ រង្ស៊ី​ ជាមួយ​នឹង​ការ​សរសេរ​រៀប​រាប់​ថា​​​ «កិច្ច​ប្រជុំ​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីក្រុង​ Seattle រដ្ឋ​ Washington សហរដ្ឋ​អាមេរិក​។ CNRP meeting in Seattle, Washington state, USA. បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​យើង​ នៅ​សហរដ្ឋ​អាមេរិក​ យល់​ច្បាស់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​ សម្រាប់​ប្រជា​រាស្ត្រ​ខ្មែរ​។ ពួក​គេ​ប្តេជ្ញា​ប្រើ​ប្រាស់​សេរីភាព​ និង​ធន​ធាន​ ដែល​ពួក​គេ​មាន​នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួយ​រំដោះ​ប្រជា​រាស្ត្រ​ខ្មែរ​ ពី​ក្រញ៉ាំ​អំណាច​ផ្តាច់​ការ​ និង​ក្បត់​ជាតិ​សព្វ​ថ្ងៃ​ ដឹក​នាំ​ដោយ​ ហ៊ុន​ សែន​»។​

Facebook Post | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ​ច្បាប់​ដើម​នៃ​រូប​ថត​នេះ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ សម​ រង្ស៊ី​ អំឡុង​ពេល​ដែល​លោក​ចុះ​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ដែល​ពុំ​បាន​បង្ហាញ​សភាព​របស់​លោក​ជា​មនុស្ស​ចំណាស់​នោះ​ឡើយ​។​

Avatar

Title:រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.