Fact Check: តើ​តោ​​ស្គម​ស្គាំង​​ទាំង​ពីរ​ក្បាល​នេះ​​ស្ថិត​​នៅ​ក្នុង​សួន​សត្វ​ភ្នំ​តាម៉ៅ​មែន​​ឬទេ​?

False Social

កាល​ពី​សប្តាហ៍​មុន​នេះ​ អាជ្ញាធរ​ចម្រុះ​បាន​ចុះ​ទៅ​រឹប​អូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ពី​ជនជ​ាតិ​ចិន​ម្នាក់​ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង​​រាជធានី​ភ្នំពេញ​ ដែល​វិធានការ​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​យ៉ាង​ផុស​ផុល។

ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​​សត្វ​តោ​ចំនួន​ពីរ​ក្បាល​ដែល​មាន​រូប​រាង​ស្គម​ មាន​តែ​ស្បែក​ដណ្តប់​ឆ្អឹង​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា ​ជា​សត្វ​​តោ​នៅ​ក្នុង​តំបន់​ថែរក្សា​​សត្វ​ភ្នំ​តាម៉ៅ​ ប្រទេស​កម្ពុជា​។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​សត្វ​តោ​មាន​សភាព​ស្គម​ស្គាំង​ចំនួន​ពីរ​ក្បាល​។​ អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ដដែល​នេះ​ ​អះអាង​ថា សត្វ​តោ​ទាំង​ពីរ​ក្បាល​នោះ ត្រូវ​បាន​ថែ​រក្សា​នៅ​ក្នុង​បរិវេណ​នៃ​សួន​សត្វ​ភ្នំតាម៉ៅ​ ដែល​ជា​សួន​សត្វ​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​។​

រូប​ថត​ជាមួយ​សំណេរ​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ ក្រោយ​ពី​មាន​ការ​រឹប​អូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ពី​ជនជ​ាតិ​ចិន​ម្នាក់​កាល​ពី​សប្តាហ៍​មុន​នេះ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «ពួក​មន្រ្តី​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​ បាន​កិប​កេង​លុយ​ថ្លៃ​អាហារ​ដល់​សត្វ​ទាំង​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ខ្លួន​មាន​ស្ថាន​ភាព​បែប​នេះ…​»​។​

Facebook Post | Archived Link

រូប​ថត​មួយ​សន្លឹក​ដដែល​នេះ​ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ​​បង្ហោះ​ និង​ចែក​រំលែក​បន្ត​ផង​ដែរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ជាមួយ​នឹង​សំណេរ​បែប​ចោទ​សួរ​ថា​​​ «សួន​សត្វ​ ឬ​សួន​ធ្វើ​បាប​សត្វ​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​ដែល​មាន​ទម្រង់​ និង​ភិនភាគ​ដូច​គ្នា​របស់​សត្វ​តោ​ទាំង​ពីរ​ក្បាល​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គណនី​អ្នក​ប្រើ​បណ្តាញ​សង្គម​ Twitter មួយ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០២០​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​អះអាង​ និង​សុំ​ជំនួយ​ទៅ​ដល់​មេដឹកនាំ​​ប្រទេស​ស៊ូដង់​ ដើម្បី​ជួយ​សង្គ្រោះ​សត្វ​តោ​ទាំង​ឡាយ​នេះ​ពី​សួន​សត្វ​ Khartoum ស្ថិត​ក្នុង​ប្រទេស​តំបន់​អាហ្វ្រិក​មួយ​នេះ។​

រូប​ភាព​ផ្តាម​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Mr. Prime Minister of Sudan @SudanPMHamdok, I am sorry for bothering you but I did not know to whom I address my appeal and scream out loud to save the lions in this Zoo at #Sudan #khartoum Please help these starving lions, this is against humanity.» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «លោក​នាយករដ្ឋមន្រ្តី​ស៊ូដង់​ @SudanPMHamdok ខ្ញុំ​សុំទោស​ដែល​រំខាន​លោក​ ប៉ុន្តែ​ ខ្ញុំ​មិន​ដឹង​ថា ​អ្នក​ណា​ដែល​ខ្ញុំ​អាច​អំពាវនាវ​ដល់​ ឬ​សុំ​ការ​ជួយ​សង្គ្រោះ​សត្វ​តោ​ នៅ​ក្នុង​សួន​សត្វ​នេះ​នៅ #ស៊ូដង់​ #khartoum សូម​ជួយ​សត្វ​តោ​ដែល​ឃ្លាន​ទាំង​នេះ​ផង​»។​

Twitter Post | Archived Link

តាម​រយៈ​គេហទំព័រ​សារព័ត៌​មាន​ Hindustan Times ក៏បាន​ចុះ​ផ្សាយ​អំពី​ទិដ្ឋ​ភាព​សត្វ​តោ​ដែល​មាន​សភាព​ស្គម​ស្គាំង​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២០​កន្លង​មក​។​ ​សេចក្តី​រាយការណ៍​ព័ត៌​មាន​នេះ​ បាន​បញ្ជាក់​បន្ថែម​ថា​ សត្វ​តោ​ទាំង​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​សួន​សត្វ​ ​​Khartoum ប្រទេស​ស៊ូដង់ ដោយ​មិន​បាន​បញ្ជាក់​ទាក់​ទង​ទៅ​នឹង​សួន​សត្វ​ភ្នំ​តាម៉ៅ​ដូច​ដែល​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​នោះ​ឡើយ​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌​មាន​ ដែល​បាន​សរសេរ​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា​ «Heartbreaking images of starving lions in Sudan zoo prompt outrage» ឬ​ប្រើ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «រូបថត​របស់​សត្វ​តោ​ដែល​ឃ្លាន​​ អត់​អាហារ​នៅ​ក្នុង​សួន​សត្វ​ប្រទេស​ស៊ូដង់​ បង្កើត​ឲ្យ​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​»។ 

Hindustan Times’s Report | Archived Link

ករណី​សត្វ​តោ​ខាង​លើ​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​ផង​ដែរ​នៅ​ក្នុង​គេហទំព័រ​វីដេអូ​ Youtube កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០២០​ ដោយ​សារ​ព័ត៌​មាន​អន្តរជាតិ​ AfricaNews

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ ដែល​បាន​សរសេរ​រៀបរាប់​ប្រែ​ជា​ភាសាខ្មែរ​ថា​ «របៀប​ដែល​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ បាន​ជួយ​សង្គ្រោះ​សត្វ​តោ​ដែល​ឃ្លាន​អត់​អាហារ​នៅ​ក្នុង​សួន​សត្វ​ប្រទេស​ស៊ូ​ដង់​»។

Youtube Link | Archived Link 

ទំព័រ​ហ្វេស​ប៊ុក​របស់​សួន​សត្វ​ភ្នំតាម៉ៅ​ ក៏​បាន​ធ្វើ​ការ​បដិសេដ​អំពី​ការ​អះ​អាង​ខាង​លើផង​ដែរ​​កាល​ពី​ល្ងាច​ថ្ងៃ​ទី០២​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ដោយ​បាន​បញ្ជាក់​ថា ​រូប​ថត​ដែល​បាន​បង្ហាញ​អំពី​សត្វ​តោ​ស្គម​ស្គាំង​ទាំង​ពីរ​ក្បាល​នោះ​ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សួន​សត្វ​ប្រទេស​ស៊ូដង់​ ដែល​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​យក​មក​បង្ហោះ​ ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា​ សត្វ​ទាំង​នោះ​ គឺ​ស្ថិត​នៅ​ក្នុង​សួន​សត្វ​ភ្នំ​តាម៉ៅ​ទៅ​វិញ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ដែល​បានរៀបរាប់​ថា​​​ «…ករណី​នេះ​ ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ មាន​កត្តិយស​ជម្រាប​ជូន​សាធារណ​ជន​មេត្តា​ជ្រាប​ថា​ រូបភាព​តោ​ដែល​មាន​សភាព​ស្គម​ខ្លាំង​នេះ​នៅ​សួន​សត្វ​សូដង់​(Sudan Zoo)ទេ​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ Hindustan Time កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២០​»​។​

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូប​ថត​មួយ​សន្លឹក​នេះ​ មិនមែន​ជា​ទិដ្ឋ​ភាព​សត្វ​តោ​នៅ​ក្នុង​សួន​សត្វ​ភ្នំ​តាម៉ៅ​ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​ ការ​ពិត ​រូប​ថត​សត្វ​តោ​ទាំង​ពីរ​ក្បាល​នេះ​ គឺ​ត្រូវ​បាន​រក​ឃើញ​ និង​ថត​ឡើង​តាំង​ពី​ឆ្នាំ​២០២០​មក​ម្ល៉េះ​ ដែលស្ថិត​នៅ​ក្នុង​សួន​សត្វ ​​Khartoum ប្រទេស​ស៊ូដង់​។

Avatar

Title:តើ​តោ​​ស្គម​ស្គាំង​​ទាំង​ពីរ​ក្បាល​នេះ​​ស្ថិត​​នៅ​ក្នុង​សួន​សត្វ​ភ្នំ​តាម៉ៅ​មែន​​ឬទេ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *