
ថ្មីៗនេះ ក្រសួងមហាផ្ទៃបានជូនដំណឹងថា រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានធ្វើដំណើរទៅប្រទេសបារាំងរយៈពេលពីរសប្ដាហ៍សម្រាប់«ធុរៈផ្ទាល់ខ្លួន»។ ដំណើររបស់រដ្ឋមន្ត្រីមហាផ្ទៃរូបនេះទៅប្រទេសបារាំង នាំឱ្យមានការអះអាងលើបណ្ដាញសង្គមថា លោក ស ខេង និងលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅឯប្រទេសបារាំងផងដែរនោះ បានជួបពិភាក្សាគ្នា។ អ្នកប្រើប្រាស់បណ្ដាញសង្គម ថែមទាំងបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញលោក ស ខេង ចាប់ដៃគ្នាជាមួយលោក សម រង្ស៊ី ផងដែរ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ក្នុងនោះមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនជឿថា មេដឹកនាំទាំងពីររូបនេះ បានជួបគ្នាមែន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៥ ខែសីហាកន្លងមកថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផងនោះ ចាប់ដៃគ្នាជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេស។
អ្នកប្រើប្រាស់ហ្វេសប៊ុកដដែល អះអាងថា លោក ស ខេង និងលោក សម រង្ស៊ី បានជួបគ្នា និងសម្រេចបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដោយលោក ស ខេង ទទួលខុសត្រូវលើការបង្វឹកកងទ័ព ហើយលោក សម រង្ស៊ី ទទួលខុសត្រូវលើការស្វែងរកហិរញ្ញវត្ថុ។
រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដង ហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់បានបញ្ចេញមតិចម្រុះបែបផងដែរ ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿជាក់ថា មេដឹកនាំគណបក្សនយោបាយទាំងពីររូបនេះ ពិតជាបានជួបគ្នានៅឯក្រៅប្រទេសមែន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលសរសេររៀបរាប់ថា «ជំនួបរវាងសម្ដេច ស ខេង និងឯកឧត្ដម សម រង្ស៊ី ថ្ងៃនេះ សម្រេចថា និង[នឹង]បង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដោយសម្ដេច ស ខេង ត្រូវទទួលបន្ទុកក្នុងការបង្វឹកកងទ័ព ចំណែកឯឧត្ដម សម រង្ស៊ី ទទួលខុសត្រូវក្នុងការស្វែងរកហិរញ្ញវត្ថុ។ ហើយពលករចំណាកស្រុកមកធ្វើការនៅប្រទេសថៃរាប់សែននាក់ ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលធ្វើជាកងទ័ពស្ម័គ្រចិត្តក្នុងរដ្ឋាភិបាលបណ្ដោះអាសន្នមួយនេះ ដើម្បីផ្ដួលរំលំរបបផ្ដាច់ការអាយ៉ង់យួន ហ៊ុន សែន»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតនៅលើ Google និងការបកស្រាយពីខុទ្ទកាល័យរបស់លោក ស ខេង ដែលនាំឱ្យយើងបានជួបរូបថត និងព័ត៌មានលម្អិតទាំងស្រុង។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយជាច្រើនដងដោយគេហទំព័រនៃវិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរ(RFI)កាលពីឆ្នាំ២០១៥កន្លងមក។ នៅក្នុងអត្ថបទមួយរបស់ខ្លួន វិទ្យុបារាំងអន្តរជាតិ RFI បានសរសេរព័ត៌មានរូបថតថា លោក ស ខេង និងលោក សម រង្ស៊ី ជួបជជែកគ្នាកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១៥ ហើយរូបថតនោះ ត្រូវបានថតដោយអ្នកថតរូបសារព័ត៌មាន លោក ស៊ីវ ចាន់ណា។
បើតាមខ្លឹមសារនៃអត្ថបទនេះ លោក ស ខេង និងលោក សម រង្ស៊ី បានជួបជជែកគ្នានាពេលនោះ ដើម្បីពិភាក្សាអំពីកំណែទម្រង់ការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីឆ្នាំ២០១៣ ដែលឈានទៅដល់ការតវ៉ាយ៉ាងធំធេងជុំវិញលទ្ធផលបោះឆ្នោតនាពេលនោះ។
ការអះអាងខាងលើនេះ បានកើតឡើងចំពេលដែលលោក ស ខេង បានស្ថិតក្នុងដំណើរទៅកាន់ប្រទេសបារាំងរយៈពេល ២សប្ដាហ៍ ដែលលោកបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២២ ខែសីហាថា លោកមាន«ធុរៈផ្ទាល់ខ្លួន»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍មួយរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស ខេង ដែលភ្ជាប់មកជាមួយនូវសេចក្ដីជូនដំណឹងមួយដែលបញ្ជាក់ថា អនុប្រធានគណបក្សកាន់អំណាចរូបនេះ នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។
សេចក្ដីជូនដំណឹងនោះ មិនបានបញ្ជាក់មូលហេតុច្បាស់លាស់នោះឡើុយ ដែលនាំឱ្យមានមន្ទិលសង្ស័យ និងការចោទសួរថា តើលោក ស ខេង អាចនឹងមានជំនួបជាសម្ងាត់ណាមួយជាមួយលោក សម រង្ស៊ី ដែលកំពុងរស់នៅឯប្រទេសបារាំងដែរ ឬយ៉ាងណា។
ទោះជាយ៉ាងណា លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសបង្កើតរបស់លោក ស ខេង បានច្រានចោលនូវការអះអាងអំពីជំនួបនេះ ដោយថា ឪពុករបស់លោកធ្វើដំណើរទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ និង«ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់លោក ស សុខា ដែលបានបកស្រាយឆ្លើយតបទៅនឹងការអះអាងថា ឪពុករបស់លោកបានជួបជាមួយមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី នៅប្រទេសបារាំង។
មួយថ្ងៃក្រោយលោក ស ខេង ចាកចេញពីកម្ពុជាទៅកាន់ប្រទេសបារាំង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានប្រាប់សារព័ត៌មាន VOD ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ មិនមានជំនួបណាមួយជាមួយមេដឹកនាំបក្សប្រឆាំងនោះឡើយ។
នៅក្នុងអត្ថបទសារព័ត៌មាន VOD ដដែល លោក ម៉ែន សុថាវរិន្ទ្រ ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ធំ និងសៀមរាប បានបញ្ជាក់ពីបំណងចង់ឱ្យមានជំនួបរវាងលោក ស ខេង និងលោក សម រង្ស៊ី ប៉ុន្តែ លោកបញ្ជាក់ថា លោក សម រង្ស៊ី កំពុងស្ថិតក្នុងដំណើរនៅលើទឹកដីសហរដ្ឋអាមេរិកអំឡុងពេលដំណាលគ្នានេះ។
នៅចន្លោះពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៧ ខែសីហា លោក សម រង្ស៊ី បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជាបន្តថា លោកកំពុងស្ថិតនៅលើទឹកដីសហរដ្ឋអាមេរិក និងជួបជាមួយក្រុមអ្នកគាំទ្រគណបក្សប្រឆាំងនៅទីនោះ។
Sam Rainsy Facebook Post | Archived Link
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលកំពុងរស់នៅឯសហរដ្ឋអាមេរិកដែរនោះ បានបញ្ជាក់នៅថ្ងៃនេះថា លោក សម រង្ស៊ី កំពុងស្ថិតនៅលើទឹកដីសហរដ្ឋអាមេរិក ហើយមិនបានជួបជាមួយលោក ស ខេង នោះឡើយ។
អ្នកស្រី មូរ សុខហួរ បានឱ្យដឹងទៀតថា លោក សម រង្ស៊ី កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេល ២ខែនៅទីនោះចន្លោះពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី១១ ខែតុលាខាងមុខនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ គ្មានការជួបគ្នារវាងលោក សម រង្ស៊ី និងលោក ស ខេង នោះឡើយនៅថ្ងៃទី២៥ ខែសីហាកន្លងមកថ្មីៗនេះ។ រូបថតមួយសន្លឹកនោះ គឺជាជំនួបលោក ស ខេង និងលោក សម រង្ស៊ី កាលពីឆ្នាំ២០១៥កន្លងមក។ ខណៈលោក ស ខេង កំពុងស្ថិតក្នុងដំណើរនៅក្នុងប្រទេសបារាំងនៅចន្លោះថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញានោះ លោក សម រង្ស៊ី កំពុងស្ថិតលើទឹកដីសហរដ្ឋអាមេរិកចន្លោះពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១១ ខែតុលាខាងមុខ។

Title:តើលោក ស ខេង និងលោក សម រង្ស៊ី ជួបគ្នានៅប្រទេសបារាំងមែនឬទេ?
Fact Check By: Jay UdomResult: Misleading
