<strong>ឈុតឆាកក្នុងស្ទូឌីយ៉ូមួយត្រូវបានភ្ជាប់មិនត្រឹមត្រូវ</strong><strong>នឹងឧបទ្ទវហេតុធ្លាក់យន្តហោះនៅនេប៉ាល់</strong>
បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅភាគកណ្ដាលប្រទេសនេប៉ាល់កាលពីចុងសប្ដាហ៍កន្ងលមកនេះ រូបថត វីដេអូ និងការអះអាងជាច្រើន បានលើកឡើងអំពីហេតុការណ៍ដ៏សោកសៅនេះ។ ក្នុងនោះ មានវីដេអូឃ្លីបមួយដែលបង្ហាញអំពីទិដ្ឋភាពនៃការខូចខាត ប៉ះពាល់ផ្ទះសម្បែង និងបំណែកយន្តហោះនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមដោយបានភ្ជាប់ទៅនឹងហេតុការណ៍ដែលបានកើតឡើងនាពេលថ្មីៗនេះ។ វីដេអូភ្ជាប់ដោយការអះអាងខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិប្រតិកម្មយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូឃ្លីបមួយមានរយៈពេលប្រមាណ ១នាទី និង០៥វិនាទី ដែលបង្ហាញបំណែកបាក់បែកនៃយន្តហោះមួយគ្រឿង។ រូបថតនៅក្នុងវីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមអះអាងថា ជាបំណែកយន្តហោះស៊ីវិលមួយគ្រឿងដែលបានធ្លាក់នៅភាគកណ្ដាលប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
ការអះអាង ដោយភ្ជាប់ទៅនឹងវីដេអូខាងលើនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើ បានសរសេរថា «បំណែកនៃការធ្លាក់យន្តហោះ មើលហើយគួរឲ្យសង្វែកណាស់ 🙏🥲»។
វីដេអូមួយនេះ ក៏ត្រូវបានអះអាងដូចគ្នាផងដែរ ដោយអ្នកប្រើប្រាស់ TikTok ដទៃផ្សេងទៀត កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើវីដេអូខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
វីដេអូឃ្លីបដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រវីដេអូ YouTube កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ដោយបានបញ្ជាក់ជាភាសាអង់គ្លេសថា «Plane Crash Set at Universal Studios Hollywood» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ឈុតឆាកនៃការធ្លាក់យន្តហោះនៃស្ទូឌីយ៉ូយូនីវើសល»។
ដូចគ្នានេះ វីដេអូមួយផ្សេងទៀត ដែលបានបង្ហោះនៅលើគេហទំព័រវីដេអូ YouTube កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក៏បានបង្ហាញទិដ្ឋភាពដូចគ្នាទៅនឹងទិដ្ឋភាពដែលអ្នកប្រើប្រាស់បានបង្ហោះ និងអះអាងមិនត្រឹមត្រូវទៅនឹងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់នាពេលថ្មីៗនេះ។
រូបថតបង្ហាញទិដ្ឋភាពយន្តហោះធ្លាក់មួយនេះ ក៏ត្រូវបានរកឃើញ និងបង្ហោះផងដែរនៅលើគេហទំព័រ Alamy ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា «ឈុតឆាកធ្លាក់យន្តហោះនៅក្នុង Universal Studio ក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក»។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថាវីដេអូឃ្លីប និងការលើកឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺមិនត្រឹមត្រូវឡើយ។ ច្បាប់ដើមនៃវីដេអូឃ្លីបនេះ គឺជាឈុតឆាករៀបចំជាទិដ្ឋភាពយន្តហោះធ្លាក់ នៅក្នុង Universal Studio ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។
Title:ឈុតឆាកក្នុងស្ទូឌីយ៉ូមួយត្រូវបានភ្ជាប់មិនត្រឹមត្រូវនឹងឧបទ្ទវហេតុធ្លាក់យន្តហោះនៅនេប៉ាល់
Fact Check By: Kakada SimResult: False