
នៅក្នុងសប្ដាហ៍នេះ មន្ត្រីសុខាភិបាលកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជាច្រើនទៀត ត្រូវបានរក្សាទុកនៅកន្លែងតម្កល់សព និងរង់ចាំការបូជា។ បន្ទាប់មក អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញសពត្រូវបានវេចខ្ចប់ទុកក្នុងអគារមួយកន្លែង។ ដោយគ្មានព័ត៌មានជាក់លាក់ រូបថតនេះ ត្រូវបានចែករំលែកដល់ទៅរាប់ពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរកឃើញថា រូបថតនៃសពទាំងនេះ មិនមែនស្ថិតនៅក្នុងប្រទេសកម្ពុជានោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញសពត្រូវបានវេចខ្ចប់ស្ថិតនៅក្នុងទីតាំងនៃអគារមួយ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានរៀបរាប់ថា «សង្វេគដល់មនុស្សណាស់» ហើយពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «សង្វេគដល់មនុស្សណាស់»។

រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បង្ហោះចូលក្នុងគ្រុបហ្វេសប៊ុកមួយ ហើយត្រូវបានចែករំលែកបន្តរហូតដល់ជាង ១ពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត។ អ្នកប្រើប្រាស់ហ្វេសប៊ុកផ្សេងទៀត បានចូលទៅបញ្ចេញយោបល់ និងសាកសួររកទីតាំងជាក់លាក់នៃសពដែលត្រូវបានវេចខ្ចប់នោះ។

ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានជួបប្រទះនឹងរូបថតនេះ និងព័ត៌មានលម្អិតនៃរូបថតផងដែរ។
រូបថតនេះ ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុក Khit Thit Media ដែលបានបង្ហោះរូបថតនេះ និងរូបថតមួយសន្លឹកទៀតកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
ទំព័រហ្វេសប៊ុកមួយនេះ ដែលអាចជាប្រព័ន្ធផ្សព្វផ្សាយមួយរបស់ភូមានោះ បានរៀបរាប់ជាភាសាភូមា ហើយអាចប្រែសម្រួលមកជាភាសាខ្មែរ ដែលមានខ្លឹមសារថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងទីក្រុង Myawaddy ស្ថិតក្នុងរដ្ឋកាយិន ភាគអាគ្នេយ៍ប្រទេសភូមា ឬនៅជិតនឹងព្រំដែនជាមួយប្រទេសថៃ។
ទំព័រហ្វេសប៊ុកដដែលនេះ បានរៀបរាប់ទៀតថា មនុស្ស ២២នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែកក្កដា ហើយរូបថតនេះ ត្រូវបានថតនៅឯទីតាំងរក្សាសពស្ថិតក្នុងមន្ទីរពេទ្យ Myawaddy។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដែលត្រូវបានបង្ហោះក្នុងបណ្ដាញសង្គមដូចរៀបរាប់ខាងលើនេះ បានធ្វើឱ្យមានការយល់ច្រឡំ។ រូបថតសពដែលត្រូវបានវេចខ្ចប់នេះ មិនមែនជាសពពលរដ្ឋខ្មែរស្លាប់ដោយសារជំងឺកូវីដ-១៩នោះឡើយ។ សពទាំងនេះ គឺជាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅទីក្រុង Myawaddy ភាគអាគ្នេយ៍ប្រទេសភូមា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

Title:តើសពទាំងនេះជាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជាមែនឬទេ?
Fact Check By: Jay UdomResult: Missing Context
