
រូបថតចំនួន ២សន្លឹកដែលបង្ហាញឱ្យឃើញមនុស្សកកកុញនៅក្នុងផ្សារទំនើបមួយកន្លែង និងបុរសម្នាក់ដេកសន្លប់ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ហេតុការណ៍នេះបានកើតឡើងនៅផ្សារទំនើបអ៊ីអនម៉ល នៅរាជធានីភ្នំពេញ។ ការអះអាងបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងដែលទំព័រហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតចំនួន ៤សន្លឹក ដែលក្នុងនោះ ២សន្លឹកបង្ហាញឱ្យឃើញមនុស្សកកកុញ និងបុរសម្នាក់បានដួលសន្លប់ផងដែរ។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ទៅនឹងការអះអាងថា នោះគឺជាហេតុការណ៍ដែលបានកើតឡើងនៅផ្សារទំនើបអ៊ីអនម៉ល ក្នុងរាជធានីភ្នំពេញ។
ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់មូលហេតុថា បណ្ដាលមកពីមនុស្សជាច្រើនបានតម្រង់ជួរជាច្រើនម៉ោង ដើម្បីទិញទឹកអប់ចំនួន ២ដប។ ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានរៀបរាប់ថា «ក្រុមជួយសង្គ្រោះត្រូវជួយមនុស្សរាប់រយនាក់ចេញពីផ្សារទំនើបអ៊ីអន ដោយសារតែមនុស្សរាប់ពាន់នាក់កំពុងតម្រង់ជួរទិញទឹកអប់»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលបង្ហាញឱ្យឃើញមនុស្សច្រើនកុះករនោះ ត្រូវបានរកឃើញ និងបង្ហោះនៅលើទំព័រហ្វេសប៊ុក «Crescent Mall» ដែលបានបង្ហោះ និងផ្សព្វផ្សាយកាលពី ៧ឆ្នាំមុន។ ទំព័រហ្វេសប៊ុកដដែលនេះ បានបញ្ជាក់ថា ហេតុការណ៍មនុស្សម្នាឈរតម្រង់ជួរគ្នាដ៏ច្រើនបែបនេះ គឺជាហេតុការណ៍ដែលកើតឡើងនៅផ្សារទំនើប Crescent Mall អំឡុងពេលមានការលក់បញ្ចុះតម្លៃនៅពេលយប់ ឬហៅថា «Midnight Sale»។

ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតច្បាប់ដើម និងរូបថតដែលត្រូវបានកាត់ត ដោយដាក់បង្ហាញនូវផលិតផលទឹកអប់។

ចំណែកឯរូបថតមួយសន្លឹកទៀត បង្ហាញឱ្យឃើញបុរសម្នាក់ដេកនៅលើការ៉ូឥដ្ឋនោះ ក៏ត្រូវបានរកឃើញនៅលើគេហទំព័រសារព័ត៌មាន Fresh News ផងដែរ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។

Fresh News Link | Archived Link
ករណីស្រដៀងគ្នាខាងលើនេះ ក៏ធ្លាប់ត្រូវបានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យការពិតដោយក្រុមការងារ Fact Crescendo Cambodia ផងដែរកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ សូមមើលខ្លឹមសារអត្ថបទ «រូបថតបង្ហាញទិដ្ឋភាពមនុស្សកកកុញនេះ មិនមែនស្ថិតនៅកម្ពុជានោះឡើយ» ទាំងស្រុងតាមរយៈតំណភ្ជាប់ដែលបានរក្សាទុកនៅទីនេះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត និងការលើកឡើងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមនុស្សកកកុញនោះ គឺជាទិដ្ឋភាពផ្សារទំនើប Crescent Mall ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយបុរសម្នាក់ដេកសន្លប់នោះ កើតឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាំងពី២ឆ្នាំមុនម៉្លេះ។

Title:រូបថតប៉ុន្មានសន្លឹកនេះមិនមែនជាស្ថានភាពមនុស្សម្នាកកកុញនៅផ្សារទំនើបអ៊ីអនភ្នំពេញទេ
Fact Check By: Kakada SimResult: False
