រូប​ថត​បង្ហាញ​ទិដ្ឋភាព​មនុស្ស​កក​កុញ​នេះ​ មិន​មែន​ស្ថិត​នៅ​កម្ពុជា​​នោះ​ឡើយ​

False International

រូប​ថត​ចំនួន​២​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​​ក្មេង​ស្រី​ដេក​សន្លប់​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ភ្នំ​ពេញ​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ ឈ្មោះ​ថា​ «ប្រេស ដានី»​ បាន​បង្ហោះ​រូប​ថត​ចំនួន ​៤​សន្លឹក​ ដែល​ក្នុង​នោះ​ ២​សន្លឹក​​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ និង​ក្មេង​ស្រី​ម្នាក់​​បាន​ដួល​សន្លប់​ផង​ដែរ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​មួយ​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ចល័ត​។​

ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ថា​ «ខ្ញុំ​ឈ​រតម្រង់​ជួរ​អស់​ ៣​ម៉ោង​ ហើយ​មានអ្នក​ខ្លះ​ក៏​ដួល​សន្លប់​នៅ​ផ្សា​រទំនើប​ AEON MALL ក្នុ​ងរាជធានី​ភ្នំពេញ​​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ច្រើន​កុះករ​នោះ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០២១​ ដោយ​បាន​បញ្ជាក់​ព័ត៌មាន​នៃ​ផ្សារ​ទំនើប​មួយ​នេះ​ថា​ គឺ​ជា​ទិដ្ឋភាព​ផ្សារ​ទំនើប​ Nikolsky ក្នុង​ប្រទេស​អ៊ុយក្រែន។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដ្ឋភាព​ និង​បរិវេណ​ផ្សារ​ទំនើប​ Nikolsky។​

YouTube Link | Archived Link

ចំណែក​ឯ​រូបថត​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​ឱ្យ​ឃើញ​ស្ត្រី​ម្នាក់​ដេក​នៅ​លើ​ការ៉ូ​ឥដ្ឋ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Saostar ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​តុលា​ ឆ្នាំ​២០១៦​កន្លង​មក។​ គេហទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​ជា​ភាសា​វៀត​ណាម​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «ក្មេង​ស្រី​ម្នា​ក់បាន​ដួល​សន្ល​ប់នៅ​ផ្សារទំនើប​អ៊ីអន​ (វៀតណាម​) ពេល​ចូល​រួម​ទស្សនា​តារា​ចម្រៀង​ Noo Phước Thịnh»។​

Saostar Link | Archived Link

ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​ក្រុម​ការងារ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ហ្វីលីពីន​ត្រួត​ពិនិត្យ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ លទ្ធផល​នៃ​ការ​ផ្ទៀង​ផ្ទាត់​ ត្រូវ​បាន​រក​ឃើញ​ថា រូប​ថត​រូប​មួយ​សន្លឹក​ខាង​លើ​នេះ គឺ​ជា​​នារី​ជន​ជាតិ​វៀត​ណាម​​ម្នាក់ ដួល​សន្លប់​នៅ​ពេល​ចូល​រួម​ទស្សនា​ការ​ប្រគុំ​តន្រ្ដី​របស់​តារាចម្រៀង​វៀត​ណាម​ លោក​ Noo Phước Thịnh។​ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ​ផង​ដែរ។

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​លើក​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​បង្ហាញ​មនុស្ស​កក​កុញ​នោះ​ គឺ​ជា​ទិដ្ឋភាព​ផ្សារ​ទំនើប​ Nikolsky ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ចំណែក​ឯ​រូប​ថត​បង្ហាញ​ទិដ្ឋភាព​ក្មេង​ស្រី​ដេក​សន្លប់​នោះ​ គឺ​ជា​ក្មេង​ស្រី​វៀត​ណាម​ ដែល​បាន​សន្ល​ប់នៅ​ផ្សារទំនើប​អ៊ីអន​ (វៀតណាម​) ខណៈពេល​កំពុង​ទស្សនា​ការ​ប្រគុំ​តន្រ្តី​របស់​តារា​ចម្រៀង​លោក​ Noo Phước Thịnh។​

Avatar

Title:រូប​ថត​បង្ហាញ​ទិដ្ឋភាព​មនុស្ស​កក​កុញ​នេះ​ មិន​មែន​ស្ថិត​នៅ​កម្ពុជា​​នោះ​ឡើយ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.