
បើទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលអស់រយៈពេលជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែ មេដឹកនាំបក្សប្រឆាំងដ៏ធំមួយនេះ នៅតែទទួលបានការវាយប្រហារជារឿយៗ។ ជាឧទាហរណ៍ ថ្មីៗនេះ រូបថតអ្នកស្រី មូរ សុខហួរ មេដឹកនាំបក្សប្រឆាំងមួយរូបមានភាពស្និទ្ធស្នាលជាមួយសកម្មជនបក្សប្រឆាំងនៅកូរ៉េខាងត្បូង ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការយល់ច្រឡំថា ពួកគេជាគូស្នេហ៍នឹងគ្នា។ ទោះជាយ៉ាងណា យើងរកឃើញថា រូបភាពមួយសន្លឹកនេះ គ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញអ្នកស្រី មួរ សុខហួរ មេដឹកនាំបក្សប្រឆាំងឈានមុខមួយរូប មានឱបជាមួយសកម្មជនបក្សប្រឆាំងម្នាក់នៅកូរ៉េខាងត្បូង ត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន ក្នុងមានសំណេរក្នុងន័យថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។
រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្ត និងទទួលបានមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីវាត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ដោយមានសំណេររៀបរាប់ថា «រឿងនិទានស្នេហារកម្លោះក្រមុំ ១គូ ព្រោះតែការស្រឡាញ់ទើបសុំស្នេហ៍អូនរហូតបានចូលរោងការ បន្ទាប់មកយើងរកស៊ីជុំគ្នារហុតមានបានកើតជាមហាសេដ្ឋី ព្រោះតែកម្មពៀរពីអតីត ស្នេហា ១គូនោះត្រូវប្រេះស្រាអដោយសារខាងស្រីចូលតួអំនួត រហូតអូនស្នើសុំបងលែងលះគ្នាព្រើតែគំនិត? ព្រោះតែស្នេហ៍ស្មោះ […]»។

រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកតាំងពីឆ្នាំ២០១៩កន្លងមក ហើយក៏ទទួលបានការចែករំលែកបន្ត និងការបញ្ចេញមតិយោបល់ជាច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យទៅលើការអះអាងនេះតាមរយៈការដំណើរការ TinEye ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញគូស្នេហ៍មួយគូស្និទ្ធស្នាលជាមួយគ្នានៅក្នុងហាងហែលទឹកមួយ ត្រូវបានរកឃើញនៅក្នុងវេបសាយ www.shuttterstock.com ដែលជាវេបសាយរក្សាទុកនូវរូបភាពសោទស្សន៍ដ៏ច្រើនរបស់សហរដ្ឋអាមេរិក។
តាមរយៈវីដេអូដែលត្រូវបានរកឃើញនៅក្នុងវេបសាយនេះ យើងឃើញនារី និងបុរសស្បែកសមួយគូឱបគ្នានៅក្នុងអាងហែលទឹកមួយកន្លែង ប៉ុន្តែ មិនមែនជារូបថតអ្នកស្រី មូរ សុខហួរ ឱបគ្នាជាមួយសកម្មជនគាំទ្របក្សប្រឆាំងនៅកូរ៉េខាងត្បូងនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីវេបសាយ Shutterstock ដែលបង្ហាញគូស្នេហ៍ស្បែកសមួយគូមានភាពស្និទ្ធស្នាលនឹងគ្នានៅក្នុងអាងហែលទឹកមួយ។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតកាត់ដែលបង្ហាញអ្នកស្រី មូរ សុខហួរ មានភាពស្និទ្ធស្នាលជាមួយសកម្មជនគាំទ្របក្សប្រឆាំង និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញនៅក្នុងវេបសាយដ៏ធំមួយ។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដែលត្រូវបានបង្ហោះលើបណ្ដាសង្គមដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺជារូបថតកាត់តតែប៉ុណ្ណោះ។ រូបថតច្បាប់ដើម បង្ហាញឱ្យឃើញគូស្នេហ៍ស្បែកសមួយគូមានភាពស្និទ្ធស្នាលនឹងគ្នានៅក្នុងអាងហែលទឹកមួយកន្លែង ប៉ុន្តែ មិនមែនជាអ្នកស្រី មូរ សុខហួរ និងសកម្មជនបក្សប្រឆាំងនៅកូរ៉េខាងត្បូងនោះឡើយ។

Title:រូបថតអ្នកស្រី មូរ សុខហួរ ឱបសកម្មជនម្នាក់ក្នុងអាងទឹក គឺជារូបភាពកាត់តតែប៉ុណ្ណោះ
Written By: Jay UdomResult: Altered