
បណ្ដឹងពីសំណាក់មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជាប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានតុលាការបារាំងលើកយកមកជំនុំជម្រះកន្លងមកថ្មីៗនេះ។ ប៉ុន្មានថ្ងៃក្រោយមក រូបថតមួយសន្លឹកដែលបង្ហាញមេបក្សប្រឆាំងជិះកង់ដឹកកន្ត្រកនំប៉ុងតាមដងផ្លូវនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ហើយទទួលបានការចែករំលែកបន្តជាច្រើនដង រួមទាំងការបញ្ចេញមតិផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបភាពមួយសន្លឹកនោះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃអាទិត្យកន្លងមកកនេះ រូបថតមួយសន្លឹកដែលបង្ហាញមេដឹកនាំបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី ជិះកង់ទឹកកន្ត្រក់នំប៉័ងនៅតាមដងផ្លូវមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការចែករំលែកបន្តជាច្រើនដង និងការបញ្ចេញមតិផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញប៉ុស្តិ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១១ ខែកញ្ញា ជាមួយសំណេររៀបរាប់ថា «និយាយរឿងអស់សំណើចក្នុងតុលាការបារាំង គេថាសប្បាយចិត្តណាស់ គេថាគេនឹងឈ្នះក្ដី […]»។

រូបថតមួយសន្លឹកនេះ ក៏ត្រូវបានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមជាច្រើន ដែលក្រុមបណ្ដាញសង្គមនីមួយៗសុទ្ធតែមានគណនីហ្វេសប៊ុករាប់សែនជាសមាជិក។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
យើងបានរកឃើញរូបថតមួយសន្លឹកដែលបង្ហាញមេដឹកនាំបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី ជិះកង់តាមដងផ្លូវ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។ រូបថតដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនោះ បានបង្ហាញឱ្យឃើញលោក សម រង្ស៊ី ជិះកង់ដោយមិនមានផ្ទុកអ្វីនៅពីក្រោយកន្ទុយកង់នោះឡើយ។
សំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីឆ្នាំ២០១៨កន្លងមក បានឱ្យដឹងថា រូបថតមួយសន្លឹកនេះ ត្រូវបានថតដោយក្រុមអ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន Reuters នៅឯគេហដ្ឋានរបស់លោកស្ថិតនៅក្នុងប្រទេសបារាំង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ដែលសរសេររៀបរាប់ថា «១៩ កក្កដា ២០១៨/19 July 2018 ថ្ងៃនេះ អ្នកកាសែតពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters បានមកថតដល់គេហដ្ឋានរបស់ខ្ញុំនៅទីក្រុងប៉ារីស។ / Today, with journalists from Reuters, at my home in Paris.»។

នៅក្នុងអត្ថបទមួយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters យើងបានរកឃើញថា រូបថតមួយសន្លឹកនេះស្ថិតនៅក្នុងចំណោមរូបថតសរុប ៤សន្លឹក ដែលត្រូវបានចុះផ្សាយនៅក្នុងអត្ថបទមួយដែលនិយាយអំពីការអំពាវនាវរបស់លោក សម រង្ស៊ី កុំឱ្យប្រជាពលរដ្ឋចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។ សូមមើលរូបថតទាំងនោះនៅក្នុងតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបភាពបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកដូចដែលត្រូវបានរៀបរាប់ពីខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកដែលបង្ហាញមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជិះកង់ដឹកកន្ត្រកនំប៉័ងនោះ គឺជារូបភាពកាត់តតែប៉ុណ្ណោះ។ រូបថតច្បាប់ដើម បង្ហាញឱ្យឃើញមេដឹកនាំបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី ជិះកង់តាមដងផ្លូវដោយពុំមានផ្ទុកកន្ត្រកនំប៉័ងនោះឡើយ។

Title:រូបថតលោក សម រង្ស៊ី ជិះកង់តាមដងផ្លូវនៅប៉ារីស ត្រូវបានកាត់តបន្ថែមកន្ត្រកនំប៉័ង
Fact Check By: Jay UdomResult: Altered
