រូបថត​លោក​ ខឹម​ វាសនា​ ថត​រួម​គ្នា​ជាមួយ​លោក ពូទីន កាល​វ័យ​កុមារ គឺ​ជា​រូបភាព​កាត់​ត

Altered Political

ខណៈ​មេ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​​លោក​ ខឹម​ វាសនា​ បាន​អំពាវនាវ​​ឲ្យ​អ្នក​គាំទ្រ​ខ្លួ​ន​ទៅ​ជួបជុំ​​នៅឯ​ច​ម្ការ​របស់​លោក​ដែល​ស្ថិត​នៅតំបន់ភ្នំ​គូលេន​ ដើម្បី​រួច​ផុត​ពី​គ្រោះមហ​ន្តរាយ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​រូប​មេ​បក្ស​រូប​នេះ​កាល​នៅ​វ័យ​កុមារ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​​ ទទួល​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​

ការអះអាងលើបណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេស​ប៊ុក​មួយ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​កុមារ​ជា​ច្រើន​នាក់ ក្នុង​នោះ​​មាន​កុមារ​ម្នាក់​ដែល​អង្គុយ​នៅ​កណ្ដាល​​គេ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ លោក​ ខឹម​ វាសនា​ កាល​នៅ​កុមារភាព។​ 

រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​រៀប​រាប់​ថា​ «កុមារ​២​នាក់​នេះ​ ខ្លាំ​ងម្យ៉ាង​ម្នា​ក់ទេ​ ១​ខ្លាំ​ងអាវុធ​ ១​ទៀត​បង្វិល​ផែនដី​»​។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ iNEWS ដែល​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​។​ គេហទំព័រ​ដដែល​ខាង​លើ​ បាន​បញ្ជាក់​ជា​ភាសា​អង់​គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​​ «នេះ​គឺ​ជា​ទិដ្ឋភាព​ការ​ថត​រូប​ជា​ក្រុម​នៃ​ក្មេង​សាលាម​ត្តេយ្យ​មួយ​នៅ​ទីក្រុង​ St. Petersburg ដែល​ក្នុង​នោះ​ រូប​ទី​មួយ​នៅ​ខាង​ឆ្វេង​ គឺ​ជា​លោក​ ពូទីន​ កាល​នៅ​វ័យ​កុមារ​»។​

iNEWS Link | Archived Link

Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​រូប​ថត​ដើម​ ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ Ebook Cambodia ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ពុំ​បាន​បង្ហាញ​សណ្ឋាន​កុមារ​ម្នាក់​អង្គុយ​នៅ​កណ្ដាល​នោះ​ គឺ​ជា​លោក​ ខឹម​ វាសនា​ នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ បង្ហាញ​ទិដ្ឋភាព​លោក​ ពូ​ទីន​ កាលនៅ​វ័យ​កុមារ​។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​បង្ហោះ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ជា​ទិដ្ឋភាព​លោក​ ពូ​ទីន​ កាលនៅ​កុមារ​ រួម​ជាមួយ​ក្មេង​ៗ​ដទៃ​ទៀត​នៅ​ឯ​សាលាម​ត្តេយ្យ​មួយ​ក្នុង​ទីក្រុង​ St. Petersburg។​ រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ ខឹម​ វាសនា​ កាល​នៅ​វ័យ​កុមារ​នោះ​ឡើយ​។​

Avatar

Title:រូបថត​លោក​ ខឹម​ វាសនា​ ថត​រួម​គ្នា​ជាមួយ​លោក ពូទីន កាល​វ័យ​កុមារ គឺ​ជា​រូបភាព​កាត់​ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.