រូបថតលោក ​សម រង្ស៊ី ជិះ​កង់​​តាម​ដង​ផ្លូវ​នៅ​ប៉ារីស ត្រូវ​បាន​កាត់​ត​បន្ថែម​កន្ត្រក​នំប៉័ង

Altered Political

​​បណ្ដឹង​ពីសំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ប្រឆាំង​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​បារាំង​លើក​យក​មក​ជំនុំ​ជម្រះ​កន្លង​មក​ថ្មីៗ​នេះ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេ​បក្ស​ប្រឆាំង​ជិះ​កង់​ដឹក​កន្ត្រក​នំប៉ុង​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ទាំង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នោះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃអាទិត្យ​កន្លង​មកក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី ជិះ​កង់​ទឹក​កន្ត្រក់​នំ​ប៉័ង​នៅ​តាម​ដង​ផ្លូវ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​​ប៉ុស្តិ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ជាមួយ​សំណេរ​រៀបរាប់​ថា «និយាយ​រឿង​អស់​សំណើច​ក្នុង​តុលាការ​បារាំង គេ​ថា​សប្បាយ​ចិត្ត​ណាស់ គេ​ថា​គេ​នឹង​ឈ្នះ​ក្ដី […]»។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ជាច្រើន ដែល​ក្រុម​បណ្ដាញ​សង្គម​នីមួយៗ​សុទ្ធ​តែ​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

យើង​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី ជិះកង់តាម​ដង​ផ្លូវ នៅ​ក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក។ រូបថត​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​លោក សម រង្ស៊ី ជិះ​កង់​ដោយ​មិន​មាន​ផ្ទុក​អ្វី​នៅ​ពី​ក្រោយ​កន្ទុយ​កង់​នោះ​ឡើយ។

សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ឯ​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក សម រង្ស៊ី ដែល​សរសេរ​រៀបរាប់​ថា «១៩ កក្កដា ២០១៨/19 July 2018 ថ្ងៃ​នេះ អ្នកកាសែត​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ Reuters បាន​មក​ថត​ដល់​គេហដ្ឋាន​របស់​ខ្ញុំ​នៅ​ទីក្រុង​ប៉ារីស។ / Today, with journalists from Reuters, at my home in Paris.»។

Facebook Post | Archived Link

នៅ​ក្នុង​អត្ថបទ​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters យើង​បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​រូបថត​សរុប ៤​សន្លឹក ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​និយាយ​អំពី​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ សូម​មើល​រូបថត​ទាំង​នោះ​នៅ​ក្នុង​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបភាព​បង្ហោះ​​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក សម រង្ស៊ី។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ពីខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជិះ​កង់​ដឹក​កន្ត្រក​នំប៉័ង​នោះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ រូបថត​ច្បាប់​ដើម បង្ហាញ​ឱ្យ​ឃើញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី ជិះ​កង់​តាម​ដង​ផ្លូវ​ដោយ​ពុំមាន​ផ្ទុក​កន្ត្រក​នំប៉័ង​នោះ​ឡើយ។

Avatar

Title:រូបថតលោក ​សម រង្ស៊ី ជិះ​កង់​​តាម​ដង​ផ្លូវ​នៅ​ប៉ារីស ត្រូវ​បាន​កាត់​ត​បន្ថែម​កន្ត្រក​នំប៉័ង

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.