តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ភព​ទាំង​ប្រាំ​រះ​ឡើង​តម្រៀប​ជួរ​គ្នា​មែន​ឬទេ?

False Social

ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា ភព​ទាំង៥​នឹង​ធ្វើ​ដំណើរ​ស្ថិត​នៅ​លើ​អ័ក្ស​តែ​មួយ ឬ​ស្ថិត​នៅ​តម្រៀប​ជួរ​គ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ។ បន្ទាប់​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នូវ​ដំណើរគោ​ចរ​នៃ​ភព​មួយ​ដងមាន​ពន្លឺ​ផង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​អះ​អាងថា ជា​ទិដ្ឋភាព​នៃ​ភព​ទាំង​៥​ស្ថិត​នៅ​តម្រៀប​ជួរ​គ្នា។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ២០០​ដង​ ហើយ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​នឹង​ការ​អះ​អាង​នេះ។ ទោះជាយ៉ាងណា ក្រោយ​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូប​ថត​នោះ​បង្ហាញ​ឱ្យ​ឃើញ​ភព​មួយ​បញ្ចេញ​​ពន្លឺ​មួយ​ចំនិត​ម្ដងៗ​ស្ថិត​នៅ​លើ​ទីលំហរ​អាកាស​ក្នុង​ពេល​រាត្រី។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះអាង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ភព​ទាំង​ប្រាំ​ដែល​ធ្វើ​ដំណើរ​គោចរ​តម្រៀប​គ្នា​ជាជួរ​ក្នុង​ពេល​តែ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ។

ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ទៅ​នឹង​ការ​អះ​អាង​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​សុក្រ​នេះ ​ដែល​អះ​អាង​ថា «ភព​ទាំង​៥​កោះ​ប្រជុំ​ម៉ោង​៤​ទៀប​ភ្លឺ ២៤.៦.២២»។

Facebook Post | Archived Link

ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ផង​ដែរ ដែល​មាន​គណនី​ហ្វេសប៊ុក​​ដល់​ជិត ៣​សែន​ជា​សមាជិក​នៅ​ក្នុង​ក្រុម​នោះ​ទៀត​ផង​ដែរ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​​យើង​រក​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​នេះ​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ជាពិសេស​បណ្ដាញ​សង្គម Pinterest ប៉ុន្តែ មិន​មែន​ថ្ងៃ​ទី​២៤ ខែ​មិថុនា ​ក្នុង​ឆ្នាំ​នេះ​ទេ។

Fact Crescendo Cambodia បាន​ស្វែង​រក​ប្រភព​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ ដោយ​បាន​រក​ឃើញ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម Pinterest ដែល​រៀបរាប់​ថា រូបថត​នេះ​គឺ​ជា​ទិដ្ឋភាព​សូរ្យ​គ្រាស​ដែល​ផ្ដិត​បាន​នៅ​ទីក្រុង​តូក្យូ។

Pinterest Post | Archived Link

​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​យក​ចេញ​ពី​គេហទំព័រ 500px ជា​​បណ្ដាញ​សង្គម​ចែក​រំលែក​រូបថត​។

បើ​តាម​បណ្ដាញ​សង្គម​មួយ​នេះ យើង​បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​សូរ្យគ្រាស​នៅ​ទីក្រុង​តូក្យូ​កាល​ពី ១០​ឆ្នាំ​មុន ដែល​ថត​ដោយ​មនុស្ស​ម្នាក់​ឈ្មោះ​ថា Yoshi Sekey។

500px Post | Archived Link

គេហទំព័រ Guillaume Erard បាន​ដឹង​ថា ហេតុការណ៍​សូរ្យ​គ្រាស​ ឬ​ដំណើរ​គោ​ចរ​របស់​ព្រះ​ចន្ទ​ស្ថិត​នៅ​ចន្លោះ​ព្រះ​អាទិត្យ និង​ផែនដី​នេះ បាន​កើត​ឡើង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១២​កន្លង​មក។

Guillaume Erard | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា ផ្ទៀង​ផ្ទាត់​រួច​ហើយ​ដែរ​កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​មក បន្ទាប់​ពី​មាន​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​សូរ្យ​គ្រាស​ដែល​គេ​មើល​ឃើញ និង​ផ្ដិត​រូបភាព​បាន​នៅ​ក្នុង​ប្រទេស​ស្រីលង្កា និង​ឥណ្ឌា។

ប៉ុន្តែ ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង បាន​រក​ឃើញ​ថា រូបថត​ទិដ្ឋភាព​សូរ្យ​គ្រាស​នេះ ត្រូវ​បាន​ផ្ដិត​យក​នៅ​ទីក្រុង​តូក្យូ​កាល​ពី​ឆ្នាំ​២០១២​កន្លង​មក មិន​មែន​ជា​ទិដ្ឋភាព​សូរ្យ​គ្រាស​កើតឡើង​នៅ​ស្រីលង្កា និង​ឥណ្ឌា​នោះ​ឡើយ។

សម្រាប់​សេចក្ដី​លម្អិត សូម​ចូល​ទៅ​អាន​​អត្ថបទ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា Image From December 26 Solar Eclipse?

ទស្សនាវដ្ដី Science Focus របស់​សារព័ត៌មាន BBC បាន​ឱ្យ​ដឹង​ថា ភព​ទាំង ៥ មាន​ភព​ពុធ (Mercury) ភព​សុក្រ (Venus) ភព​អង្គារ (Mars) ភព​ព្រហស្បតិ៍ (Jupiter) និង​ភព​សៅរ៍ (Saturn) បាន​ធ្វើ​ដំណើរ​នៅ​លើ​គន្លង​របស់​ពួកគេ​មក​ដល់​អ័ក្ស​តែ​មួយ ឬ​ស្ថិត​នៅ​តម្រៀប​ជួរ​គ្នា នៅ​មុន​ថ្ងៃ​រះ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២​នេះ។

បើ​តាម​ទស្សនាវដ្ដី​ដដែល​នេះ គេ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេរ​នូវ​ទិដ្ឋភាព​ភព​ទាំង​៥​ស្ថិត​នៅ​តម្រៀបជួរ​គ្នា​បាន​នៅ​ម៉ោង ៤ និង ១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែ​មិថុនា ប៉ុន្តែ យើង​អាច​មើល​ឃើញ​ក្នុង​លក្ខណៈ​ជា​ផ្កាយ​បញ្ចេញ​ពន្លឺ​ភ្លឺ​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ភព​នីមួយៗ​ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយ​ពី​ភព​ផែនដី។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​អាន​អត្ថបទ​របស់​គេហទំព័រ Science Focus មាន​ចំណង​ជើង​ថា Rare five-planet alignment to dazzle the night sky

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​មែន​ជា​​ទិដ្ឋភាព​ភព​ទាំង​៥​ស្ថិត​នៅ​តម្រៀប​គ្នា ឬ​ស្ថិត​នៅ​លើ​អ័ក្ស​តែ​មួយ​នោះ​ឡើយ។ តាម​ការពិត រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​​សូរ្យ​គ្រាស​ដែល​កើត​ឡើង​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​​ ១០​ឆ្នាំ​មុន។

Avatar

Title:តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ភព​ទាំង​ប្រាំ​រះ​ឡើង​តម្រៀប​ជួរ​គ្នា​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *