ព័ត៌មានចាស់អំពីការឃាត់ខ្លួនលោក ផែង វណ្ណៈ ត្រូវបានផ្សាយឡើងវិញ
កាលពីសប្ដាហ៍មុន ព័ត៌មានមួយបានផ្សាយថា អ្នកលេងហ្វេសប៊ុកល្បីឈ្មោះ លោក ផែង វណ្ណៈ ត្រូវបានតុលាការសម្រេចឱ្យឃុំខ្លួនក្រោមការចោទប្រកាន់ ២ករណី។ ព័ត៌មាននេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះជាច្រើនយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកម្ពុជាយ៉ាងផុសផុល។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
គេហទំព័រមួយបានផ្សាយព័ត៌មានកាលពីសប្ដាហ៍មុនថា អ្នកលេងហ្វេសប៊ុកល្បីឈ្មោះ លោក ផែង វណ្ណៈ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារក្រោមការចោទប្រកាន់ចំនួន២ករណី ដែលអាចមានទោសជាប់ពន្ធនាគារ ២ឆ្នាំ។
ព័ត៌មាននេះ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម ហើយត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា «Update ក្តៅៗ ផែង វណ្ណៈ ត្រូវតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារនេះ និងចោទ ២ករណី»។
ការអះអាងដូចគ្នាខាងលើ ក៏ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយគេហទំព័រ 24 Hot Topic កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះផងដែរ។
24 Hot Topic Link | Archived Link
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រសារព័ត៌មាន Cambodia Express News (CEN) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ដោយបានបញ្ជាក់នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា លោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ផែង វណ្ណៈ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ»។
Cambodia Express News Report | Archived Link
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ផែង វណ្ណៈ ក៏បានច្រានចោលព័ត៌មាននេះផងដែរ ដោយបញ្ជាក់ថា លោកមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះឡើយ។
ការអះអាងស្រដៀងគ្នាខាងលើនេះ ក៏ធ្លាប់ត្រូវបានស្ថាប័នត្រួតពិនិត្យការពិត Fact Crescendo Cambodia ផងដែរកាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដោយរកឃើញថា ការអះអាងនោះ មិនត្រឹមត្រូវនោះឡើយ។ សូមអានលម្អិតនៅទីនេះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ព័ត៌មានដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ គេហទំព័រមួយ បានផ្សាយព័ត៌មានចាស់នៃការចាប់ខ្លួនលោក ផែង វណ្ណៈ កាលពីឆ្នាំ២០១៩កន្លងមក។ អ្នកលេងហ្វេសប៊ុកល្បីឈ្មោះរូបនេះ មិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីដូចព័ត៌មានផ្សាយនោះឡើយ។
Title:ព័ត៌មានចាស់អំពីការឃាត់ខ្លួនលោក ផែង វណ្ណៈ ត្រូវបានផ្សាយឡើងវិញ
Fact Check By: Kakada SimResult: False