លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ជាប់​ពន្ធនាគារ​ដូច​ការ​អះ​អាង​នោះ​ឡើយ​

False Social

កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី​ ហ៊ុន ស៊ី​ណាត​ ដែល​ជា​ប្អូន​ស្រី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្ដឹង​​ទៅ​លើ​​អ្នក​លេង​ហ្វេសប៊ុក​ល្បី​ឈ្មោះ លោក ផែង វណ្ណៈ ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​អំពី​ជម្លោះ​គ្រួសារ​អ្នក​អត្ថាធិប្បាយ​កម្មវិធី​ប្រកួត​បាល់ទាត់ លោក ជឿន ប៊ុនចក់ ហៅ ជីកចក់ និង​អ្នក​លក់​ឡេ​នៅ​លើ​បណ្ដាញ​សង្គម អ្នក​នាង ទ្រិញ ផល្លា​​។

ភ្លាមៗ​ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម ​បាន​លើក​ឡើង​ថា ​លោក​ ផែង​ វណ្ណៈ បាន​ជាប់​គុក​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ទទួល​ប្រតិកម្ម​មតិ​ចម្រុះ​ និងចែក​ចាយ​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នៅ​លើ​បណ្តាញ​សង្គម​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ កាមទេព លីម ហុង​ បាន​​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដ៏​ល្បី​ឈ្មោះ លោក​ ផែង​ វណ្ណៈ​ បាន​ជាប់​ពន្ធនាគារ​ហើយ​។​

ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ផែង​ វណ្ណៈ​ ជាប់​គុក​​ហើយ​​… រង់ចាំ​ព័ត៌មាន​លម្អិត»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ និង​ការ​បំភ្លឺ​បក​ស្រាយ​របស់​លោក​ ផែង​ វណ្ណៈ​ ដោយ​ផ្ទាល់​។​

ក្នុង​កិច្ច​សម្ភាស​ឆ្លើយ​តប​នឹង​ការ​សាក​សួរ​របស់ Fact Crescendo Cambodia ​លោក​ ផែង​ វណ្ណៈ​​ បាន​បដិសេដ​នូវ​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​និយាយ​ថា «ឲ្យ​គេ​និយាយ​អី​ និយាយ​ទៅ​ កាម​ទេព​ លីម​ ហុង​ ហ្នឹង ​ដែល​និយាយ​ការ​ពិត​ពី​អង្កាល់​»។​

ដូច​គ្នា​នេះ​ តាម​រយៈ​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ ​លោក​ ផែង​ វណ្ណៈ​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៥​​ ខែ​កក្កដា​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ បាន​បង្ហាញឱ្យ​​​លោក​ចូល​ជួប​​អ្នក​ស្រី​ ហ៊ុន​ ស៊ីណាត​ ​ដើម្បី​​សុំ​អធ្យាស្រ័យ​ពី​លោកស្រី ហ៊ុន ស៊ីណាត។​

Facebook Post | Archived Link

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​សប្ដាហ៍​មុន លោកស្រី ហ៊ុន ស៊ីណាត បាន​ប្រកាស​ប្ដឹង​លោក ផែង វណ្ណៈ ទៅ​តុលាការ បន្ទាប់​ពី​លោក ផែង វណ្ណៈ បាន​លើក​ឈ្មោះ​លោកស្រី​នៅ​ពេល​និយាយ​អំពី​ជម្លោះ​គ្រួសារ​របស់​លោក ជឿន ប៊ុនចក់ និង​អ្នក​នាង ទ្រិញ ផល្លា។

ការ​អះ​អាង​ស្រដៀង​គ្នា​ខាង​លើ​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​ស្ថាប័ន​ត្រួត​ពិនិត្យ​ការពិត​ Fact Crescendo Cambodia ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១២​​ ខែ​កក្កដា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ដោយ​រក​ឃើញ​ថា​ ការ​អះ​អាង​នោះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​អាន​អត្ថបទ រូបថត​​លោក​ ផែង​ វណ្ណៈ​ ជាប់​ខ្នៅ​ដៃ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ជាប់​ពន្ធនាគារ​ដូច​ការ​អះ​អាង​នោះ​ទេ​ ហើយ​លោក​ទើប​តែ​ជួប​ និង​ធ្វើការ​សុំទោស​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​​កាល​ពី​ថ្ងៃ​ទី​១៥​​​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​។​

Avatar

Title:លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ជាប់​ពន្ធនាគារ​ដូច​ការ​អះ​អាង​នោះ​ឡើយ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.