
លោក ព្រហ្ម ម៉ាញ គឺជាសិល្បករចម្រៀងអាយ៉ៃជើងចាស់ ដែលបានប្រឡូកក្នុងវិថីសិល្បៈដ៏ល្បីល្បាញមួយរូប។ កាលពីពេលថ្មីៗនេះ ព័ត៌មានមួយអះអាងថាតារារូបនេះ ទទួលមរណភាពត្រូវបានបង្ហោះ និងផ្សព្វផ្សាយនៅតាមបណ្តាញសង្គមយ៉ាងផុសផុល។ ការអះអាងនេះ ត្រូវបានប្រតិកម្មចម្រុះពីរង្វង់អ្នកប្រើប្រាស់ជាច្រើន។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយទំព័រហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Good Morning បង្ហោះរូបថតចំនួន៤សន្លឹករបស់លោក ព្រហ្ម ម៉ាញ ដោយភ្ជាប់ជាមួយនឹងការអះអាងថា លោកបានទទួលមរណភាពហើយ។ ដំណឹងមរណភាពនេះ បានបង្កើតឲ្យមានការចែករំលែកព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការប្រតិកម្មចម្រុះ និងចែកចាយព័ត៌មានមួយនេះជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «លោកតា ព្រហ្មម៉ាញ ទទួលមរណភាពហើយ 😭😭»។

ការអះអាងនេះ ក៏ត្រូវបានបង្ហោះ និងចែកចាយដោយអ្នកប្រើប្រាស់បណ្តាញសង្គមដទៃទៀតផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ សរសេររៀបរាប់ថា «Rip លោកអ៊ុំ ព្រុំម៉ាញ ចាំមិនភ្លេចទេទឹកមុខលោកអ៊ុំញញឹមហើយនិយាយសម្តីពិរោះណាស់ សល់ត្រឹមរូបថត តារាជើងចាស់ដែលមានស្នាដៃ សូមចូលរួមសោកស្ដាយផង»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មានអះអាងខាងលើនេះ តាមរយៈព័ត៌មានថ្មីចុងក្រោយ និងការបំភ្លឺបកស្រាយរបស់លោក ព្រហ្ម ម៉ាញ ផ្ទាល់។
តាមរយៈទំព័រហ្វេសប៊ុករបស់លោក ស ខេង បង្ហោះកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញទិដ្ឋភាពនៃការនាំយកអំណោយថវិកាឧបត្ថម្ភរបស់លោក ស ខេង ប្រគល់ជូនទៅកាន់លោក ព្រហ្ម ម៉ាញ ដោយបច្ចុប្បន្ននេះ លោកកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ ដែលលោកបានចូលសម្រាកព្យាបាលតាំងពីថ្ងៃសៅរ៍ ទី១៩ ខែមីនា មកម្ល៉េះ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តាំងមន្ត្រីខុទ្ទកាល័យ នាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកជំទាវ ចំនួន ៥០០០ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បករ ព្រហ្ម ម៉ាញ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។ ស្ថានភាពសុខភាពលោកវីរៈសិល្បករ ព្រហ្ម ម៉ាញ បានប្រសើរគ្រាន់បើច្រើនជាងថ្ងៃដែលលោកចូលមន្ទីរពេទ្យដំបូង កាលពីថ្ងៃទី១៩ ខែមីនា ប៉ុន្តែលោកនៅមិនទាន់អាចដើរបាននៅឡើយទេ»។

ខាងក្រោមនេះ គឺជារូបថតបង្ហាញទិដ្ឋភាពរបស់លោក ព្រហ្ម ម៉ាញ បានទទួលថវិកាឧបត្ថម្ភរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។

ការអះអាងខាងលើនេះ ក៏ត្រូវបានបដិសេដ និងបកស្រាយដោយលោក ខេង រតនៈ (ហៅ នាយ ព្រែក) ត្រូវជាក្មួយរបស់លោក ព្រហ្ម ម៉ាញ នៅលើបណ្តាញហ្វេសប៊ុកកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះផងដែរ។ លោកបញ្ជាក់នៅក្នុងវីដេអូមួយ ដែលមានរយៈពេលមួយនាទីជាង ថាព័ត៌មានអះអាងថាអ៊ុំ ព្រហ្ម ម៉ាញ ទទួលមរណភាព គឺមិនពិតនោះឡើយ។
ដូចគ្នានេះ នៅក្នុងថ្ងៃដដែលនោះ លោក ព្រហ្ម ម៉ាញ ក៏បានធ្វើការបញ្ជាក់នៅក្នុងវីដេអូសម្ភាសជាមួយនឹងលោក តាំង គីមឡេង ផងដែរ ដោយលោកបំភ្លឺបកស្រាយថាលោករស់រាននៅមានជីវិត និងកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយស្ថានភាពជំងឺរបស់លោកក៏បានធូរស្រាលមួយកម្រិតផងដែរ។
ក្រុមការងាររបស់FactCrescendo Cambodia ក៏បានស្វែងរកការបំភ្លឺតាមរយៈប្រព័ន្ធទូរស័ព្ទជាមួយនឹងភរិយារបស់លោក ព្រហ្ម ម៉ាញ ផងដែរកាលពីរសៀលថ្ងៃទី២៥ ខែមីនានេះ។ លោកស្រី គង់ សុចិន្ដា ភរិយារបស់សិល្បករអាយ៉ៃរូបនេះ បានច្រានចោលការអះអាងលើបណ្ដាញសង្គម ដោយនិយាយថា ស្ថានភាពសុខភាពស្វាមីរបស់អ្នកស្រី បានធូរស្រាលច្រើន និងអាចដើរដោយខ្លួនឯងបាន។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត និងការអះអាងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ សិល្បករចម្រៀងអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ គឺរស់រានមានជីវិតនៅឡើយទេ ដោយបច្ចុប្បន្ននេះ លោកកំពុងតែសម្រាកព្យាបាលជំងឺលើសឈាម នៅក្នុងមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ ហើយស្ថានភាពជំងឺរបស់លោកក៏បានធូរស្រាលមួយកម្រិតផងដែរ។

Title:ភរិយាលោក ព្រហ្ម ម៉ាញ អះអាងថា ស្វាមីរបស់អ្នកស្រីកំពុងមានសុខភាពល្អប្រសើរឡើងវិញ
Fact Check By: Kakada SimResult: False
