រូបថតមួយចំនួន ត្រូវបានភ្ជាប់មិនត្រឹមត្រូវទៅនឹងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែនមក វីដេអូ និងរូបថតជាច្រើន ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម និងអះអាងផ្សេងៗគ្នា។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពកុមារពីរនាក់កំពុងតែអង្គុយលើគំនរបាក់បែក និងរូបថតមួយចំនួនទៀត បង្ហាញអំពីទិដ្ឋភាពការឱបគ្នារវាងកងទ័ពអាមេរិក និងក្រុមគ្រួសារ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ ដោយភ្ជាប់ទៅនឹងវិបត្តិរុស្ស៊ី-អ៊ុយក្រែន កំពុងកើតមានឡើងនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia រកឃើញថា រូបថត និងការសរសេរដោយទំព័រហ្វេសប៊ុក បង្ហោះនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២កន្លងទៅ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Myy Heart បង្ហោះរូបថត ៥សន្លឹក ក្នុងនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពក្មេងពីរនាក់ អង្គុយលើគំនរបែកបាក់ និងរូបថត៤សន្លឹកទៀត បង្ហាញអំពីទិដ្ឋភាពរបស់កងទ័ពឱបជាមួយគ្រួសាររបស់ខ្លួន។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ជាមួយនឹងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងតែកើតមានឡើង តាំងពីខែកុម្ភៈមកម្ល៉េះ។
ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនរយដង ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិ និងប្រតិកម្មទៅនឹងការអះអាងនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ សរសេររៀបរាប់ថា «រូបភាពរយលានអត្ថន័យ តើខ្ញុំខុសអ្វី? ខ្ញុំគ្រាន់តែចង់រស់នៅជួបជុំគ្រួសារ នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ #អ៊ុយក្រែន»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើគេហទំព័រ Unicef ចុះផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ។ គេហទំព័រដដែលខាងលើ បញ្ជាក់អំពីទិដ្ឋភាព និងព័ត៌មានលម្អិតអំពីរូបថតនេះថា គឺជាទិដ្ឋភាពបងប្អូនពីរនាក់ អង្គុយក្នុងគំនរបាក់បែក ក្បែរជម្រកសម្រាប់ជនភៀសខ្លួនក្នុងទីក្រុងមួយរបស់ប្រទេសស៊ីរី។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ សរសេររៀបរាប់ជាភាសាអង់គ្លេសថា «Esraa, 4, and her brother Waleed, 3, sit in rubble near a shelter for internally displaced persons in Aleppo» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «អេសរ៉ា (Esraa) អាយុ ៤ឆ្នាំ និងប្អូនប្រុសរបស់នាងឈ្មោះ វ៉ាលេដ (Waleed) អាយុ ៣ឆ្នាំ អង្គុយក្នុងគំនរបាក់បែកក្បែរជម្រកសម្រាប់ជនភៀសខ្លួនក្នុងទីក្រុងអាឡេប៉ូ (Aleppo)»។
ខាងក្រោមនេះ គឺជារូបថតផ្សេងទៀតបង្ហាញពីទិដ្ឋភាពរបស់បងប្អូនពីរនាក់ កំពុងអង្គុយលើគំនរបាក់បែក។
ដូចគ្នានេះ រូបថតមានទម្រង់ និងសណ្ឋានដូចគ្នា ក៏ត្រូវបានរកឃើញនៅលើគេហទំព័រសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ផងដែរ។ គេហទំព័រដដែលខាងលើ បានបញ្ជាក់ និងរៀបរាប់ជាភាសាអង់គ្លេសថា «Syria's five-year-old conflict has created 2.4 million child refugees, killed many and led to the recruitment of children as fighters, some as young as seven» ឬប្រែសម្រួលជាភាសាខ្មែរថា «ជម្លោះរយៈពេល៥ឆ្នាំរបស់ប្រទេសស៊ីរី បានបង្កើតឲ្យមានជនភៀសខ្លួនជាកុមារចំនួន ២.៤លាននាក់ សម្លាប់មនុស្សជាច្រើន និងនាំឱ្យមានការរើសកុមារជាកងកម្លាំង ដោយខ្លះមានអាយុត្រឹមតែ៧ឆ្នាំ»។
Business Insider Report | Archived Link
Fact Crescendo Cambodia ក៏បានផ្ទៀងផ្ទាត់ការពិត នូវរូបថតបង្ហាញទិដ្ឋភាពនៃការឱបរវាងកងទ័ពអាមេរិក និងក្រុមគ្រួសារនោះផងដែរ ដោយបានរកឃើញថា រូបថតទាំងនោះមិនបានជាប់ពាក់ព័ន្ធទៅនឹងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននាពេលថ្មីៗនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រ The San Diego Union Tribune ដោយសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Rocio Rebollar Gomez hugs her 30-year-old son 2nd Lt. Gibram Cruz after he arrived at San Diego International Airport on Thursday, Dec. 18, 2019. Gomez is facing a January 2, 2020, date to report to the border to comply with a deportation order» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «អ្នកស្រី Rocio Rebollar Gomez ឱបកូនប្រុសអាយុ ៣០ឆ្នាំរបស់នាង លោក Lt. Gibram Cruz បន្ទាប់ពីគាត់បានមកដល់អាកាសយានដ្ឋានអន្តរជាតិ San Diego កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។ អ្នកស្រី Gomez កំពុងប្រឈមនឹងការរាយការណ៍ទៅព្រំដែន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដើម្បីអនុវត្តតាមដីកានិរទេស»។
The San Diego Union Tribune Link | Archived Link
ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មាន New York Times ចុះផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក៏បង្ហាញនូវទិដ្ឋភាពដូចគ្នាទៅនឹងរូបថតបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើផងដែរ។ រូបថតមួយនេះ ពុំបានទាក់ទងទៅនឹងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។ លោក ប្រៃអីន អាយស៍ (Brian Eisch) គឺជាពលបាលមួយរបស់អាមេរិក ដែលត្រូវបញ្ជូនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០១០កន្លងទៅ។
រូបភាពផ្តាម បង្ហាញនូវទិដ្ឋភាពលោក ប្រៃអីន អាយស៍ ថតជាមួយនឹងកូនប្រុសទាំងពីររបស់លោក។
New York Times Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត និងការអះអាងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ រូបថត៥សន្លឹកខាងលើនេះ មិនមែនជាលទ្ធផលនៃវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងកើតមានឡើងនោះឡើយ។ ការពិតរូបថតបង្ហាញទិដ្ឋភាពកុមារ២នាក់អង្គុយក្បែរនោះ គឺជាទិដ្ឋភាព អេសរ៉ា (Esraa) និងប្អូនប្រុសរបស់នាងឈ្មោះ វ៉ាលេដ (Waleed) អង្គុយលើគំនរបាក់បែក ក្បែរជម្រកសម្រាប់ជនភៀសខ្លួន ក្នុងទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី។ ចំណែកឯរូបថតបង្ហាញទិដ្ឋភាពការឱបរបស់កងទ័ពអាមេរិក និងក្រុមគ្រួសារនោះ មិនបានជាប់ពាក់ព័ន្ធទៅនឹងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននាពេលថ្មីៗនោះឡើយ។
Title:រូបថតមួយចំនួន ត្រូវបានភ្ជាប់មិនត្រឹមត្រូវទៅនឹងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
Fact Check By: Kakada SimResult: Misleading