ភរិយា​លោក ព្រហ្ម ម៉ាញ អះ​អាង​ថា ស្វាមី​របស់​អ្នកស្រី​កំពុង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​

False Social

លោក​ ព្រហ្ម​ ម៉ាញ​ គឺ​ជា​សិល្បករ​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​ ដែល​បាន​ប្រឡូក​ក្នុង​វិថី​សិល្បៈ​ដ៏​ល្បី​ល្បាញ​មួយ​រូប​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ព័ត៌មាន​មួយ​អះ​អាង​ថា​តារា​រូប​នេះ​ ទទួល​មរណភាព​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុសផុល​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​រង្វង់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Good Morning បង្ហោះ​រូប​ថត​ចំនួន​៤​សន្លឹក​របស់​លោក​ ព្រហ្ម​ ម៉ាញ​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ ដំណឹង​មរណភាព​នេះ​ បាន​បង្កើត​ឲ្យ​មាន​ការ​ចែក​រំលែក​ព្រោង​ព្រាត​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ដោយ​មាន​ការ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ព័ត៌មាន​មួយ​នេះ​ជាច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «លោក​តា​ ព្រហ្ម​ម៉ាញ​ ទទួល​មរណភាព​ហើយ​ 😭😭»។​

Facebook Post | Archived Link

ការ​អះ​អាង​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ សរសេរ​រៀប​រាប់​ថា​ «Rip លោក​អ៊ុំ​ ព្រុំម៉ាញ​ ចាំ​មិន​ភ្លេច​ទេ​ទឹក​មុខ​លោក​អ៊ុំ​ញញឹម​ហើយ​និយាយ​សម្តី​ពិរោះ​ណាស់​ សល់​ត្រឹម​រូប​ថត​ តារា​ជើង​ចាស់​ដែល​មាន​ស្នាដៃ​ សូម​ចូល​រួម​សោក​ស្ដាយ​ផង​»។​

Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ និង​ការ​បំភ្លឺ​បក​ស្រាយ​របស់​លោក​ ព្រហ្ម​ ម៉ាញ​ ផ្ទាល់​។​

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ស ខេង​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២២​នេះ​ បាន​បង្ហាញ​ទិដ្ឋ​ភាព​នៃ​ការ​នាំ​យក​អំណោយ​ថវិកា​ឧបត្ថម្ភ​របស់​លោក​ ស​ ខេង​ ប្រគល់​ជូន​ទៅ​កាន់​លោក​ ព្រហ្ម​ ម៉ាញ​ ដោយ​បច្ចុប្បន្ន​នេះ​ លោក​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​លោក​បាន​ចូល​សម្រាក​ព្យាបាល​តាំង​ពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មីនា​ មក​ម្ល៉េះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​​ បាន​ចាត់​តាំង​មន្ត្រី​ខុទ្ទកាល័យ​ នាំ​យក​ថវិកា​ឧបត្ថម្ភ​របស់​សម្ដេច​ និង​លោក​ជំទាវ​ ចំនួន​​ ៥០០០​ដុល្លារ​ ប្រគល់​ជូន​លោក​វីរៈ​សិល្បករ​ ព្រហ្ម​ ម៉ាញ​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ប៉ាស៊ីហ្វិក​ភ្នំពេញ​។ ស្ថាន​ភាព​សុខភាព​លោក​វីរៈ​សិល្ប​ករ​ ព្រហ្ម​ ម៉ាញ​ បាន​ប្រសើរ​គ្រាន់​បើ​ច្រើន​ជាង​ថ្ងៃ​ដែល​លោក​ចូល​មន្ទីរ​ពេទ្យ​ដំបូង​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មីនា​ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​អាច​ដើរ​បាន​នៅ​ឡើយ​ទេ​»។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ថត​បង្ហាញ​ទិដ្ឋភាព​របស់​លោក​ ព្រហ្ម​ ម៉ាញ​ បាន​ទទួល​ថវិកា​ឧបត្ថម្ភ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស​ ខេង​។​ 

Facebook Post | Archived Link

ការ​អះ​អាង​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​បដិសេដ​ និង​បក​ស្រាយ​ដោយ​លោក​ ខេង​ រតនៈ​ (ហៅ​ នាយ​ ព្រែក)​ ត្រូវ​ជា​ក្មួយ​របស់​លោក​ ព្រហ្ម​ ម៉ាញ​ នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ផង​ដែរ​។​ លោក​បញ្ជាក់​នៅ​ក្នុង​វីដេអូ​មួយ​ ដែល​មាន​រយៈ​ពេល​មួយ​នាទី​ជាង​ ថា​ព័ត៌​មាន​អះ​អាង​ថា​អ៊ុំ​ ព្រហ្ម​ ម៉ាញ​ ទទួល​មរណភាព​ គឺ​មិន​ពិត​នោះ​ឡើយ​។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​ លោក​ ព្រហ្ម​ ម៉ាញ​ ក៏​បាន​ធ្វើ​ការ​បញ្ជាក់​នៅ​ក្នុង​វីដេអូ​សម្ភាស​ជាមួយ​នឹង​លោក​ តាំង​ គីម​ឡេង​ ផង​ដែរ​ ដោយ​លោក​បំភ្លឺ​បក​ស្រាយ​ថា​លោក​រស់​រាន​នៅ​មាន​ជីវិត​ និង​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ហើយ​ស្ថាន​ភាព​ជំងឺ​របស់​លោក​ក៏​បាន​ធូរ​ស្រាល​មួយ​កម្រិត​ផង​ដែរ​។

Facebook Post | Archived Link

ក្រុម​ការ​ងារ​របស់​FactCrescendo Cambodia ក៏​បាន​ស្វែង​រក​​ការ​បំភ្លឺ​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​នឹង​ភរិយា​របស់​លោក​ ព្រហ្ម​ ម៉ាញ​ ផង​ដែរ​កាល​ពី​រសៀល​​ថ្ងៃ​ទី​២៥​ ខែ​មីនា​នេះ​។ លោក​ស្រី​ គង់ សុចិន្ដា ភរិយា​របស់​សិល្បករ​អាយ៉ៃ​រូប​នេះ បាន​ច្រាន​ចោល​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ដោយ​និយាយ​ថា ស្ថានភាព​សុខភាព​ស្វាមី​របស់​អ្នកស្រី​ បាន​ធូរ​ស្រាល​ច្រើន និង​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន។

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ សិល្បករ​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​លោក​ ព្រហ្ម​ ម៉ាញ​ គឺ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​ទេ​ ដោយ​បច្ចុប្បន្ន​នេះ​ លោក​កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ​លើស​ឈាម​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប៉ាស៊ីហ្វិក​ភ្នំពេញ​ ហើយ​ស្ថាន​ភាព​ជំងឺ​របស់​លោក​ក៏​បាន​ធូរ​ស្រាល​មួយ​កម្រិត​ផង​ដែរ​។​

Avatar

Title:ភរិយា​លោក ព្រហ្ម ម៉ាញ អះ​អាង​ថា ស្វាមី​របស់​អ្នកស្រី​កំពុង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.