
ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះ នរោត្ដម សីហមុនី សោយរាជ្យអស់រយៈពេលជិត ២០ឆ្នាំដោយមិនមានមហេសី។ ទន្ទឹមនេះ រូបថត ៣សន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយបង្ហាញនូវសៀវភៅមួយក្បាលអំពីទ្រង់។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានប្រតិកម្ម និងបញ្ចេញមតិទៅលើរូបថតទាំង ៣សន្លឹកនេះ ដោយពុំដឹងថា ជារូបថតពិតប្រាកដឬយ៉ាងណានោះឡើយ។ ទោះជាងយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបថតទាំង ៣សន្លឹកនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Mammo Mammo Mammo បានបង្ហោះរូបថត ៣សន្លឹកកាលពីថ្ងៃម្សិលមិញនេះ ដែលបង្ហាញសៀវភៅមួយក្បាលមានចំណងជើងជាភាសាអង់គ្លេសថា «KING OF GAY» ឬមានន័យជាភាសាខ្មែរថា «ព្រះមហាក្សត្រខ្ទើយ»។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិ និងប្រតិកម្មតបទៅនឹងការបង្ហោះ និងចែករំលែករូបថតទាំង ៣សន្លឹកនេះនៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថត ៣សន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពី ២ថ្ងៃមុន ដោយមានសំណេរជាភាសាថៃរៀបរាប់ថា «อย่าลืมไปอุดหนุนหนังสือเล่มนี้นะครับ “KING OF GΔY” นะครับ» ឬមានន័យជាភាសាខ្មែរថា «កុំភ្លេចទិញសៀវភៅមួយក្បាល KING OF GAY នេះណាបាទ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតទាំងនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងរកឃើញថា សៀវភៅមួយក្បាលនេះ មិនមានព្រះឆាយាល័ក្ខព្រះមហាក្សត្រកម្ពុជានៅលើគម្របនោះឡើយ ហើយសៀវភៅមួយក្បាលនេះ ក៏មិនមានចំណងជើងបែបនេះដែរ។
រូបថតច្បាប់ដើម បង្ហាញឱ្យឃើញសៀវភៅមួយក្បាលមានចំណងជើងជាភាសាអង់គ្លេសថា «The Deep and Rich History of Temmie» ហើយមានរូបគំនូរនៅលើគម្របសៀវភៅនេះ ដែលរូបថតនៃសៀវភៅមួយក្បាលនេះ មាននៅលើគេហទំព័រ Deviant Art។


តាមរយៈ Google Reverse Image Search យើងក៏បានរកឃើញរូបថតច្បាប់ដើមមួយសន្លឹកទៀត ដែលមិនមានព្រះឆាយាល័ក្ខព្រះមហាក្សត្រ នរោត្ដម សីហមុនី នោះឡើយ។ រូបថតនេះ ត្រូវបានរកឃើញនៅលើគេហទំព័រផ្ទាល់របស់អ្នកនិពន្ធអង់គ្លេស Stella Berry ។ អ្នកស្រី Stella Berry គឺជាអ្នកនិពន្ធដែលស្នាដៃទាំងអស់របស់គាត់ គឺជារឿងរ៉ាវឃាតកម្មដ៏អាថ៌កំបាំង។


តាមរយៈ Google Reverse Image Search នេះដែរ យើងក៏បានរកឃើញរូបថតច្បាប់ដើម ដែលមិនមានព្រះឆាយាល័ក្ខព្រះមហាក្សត្រ នរោត្ដម សីហមុនី នៅក្នុងសៀវភៅនោះដែរ។ រូបថតដើមដែលត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គម Unsplash បានបង្ហាញឱ្យឃើញការអានសៀវភៅមួយក្បាលដែលមានត្រឹមតែអក្សរជាកំណាព្យ។


យើងក៏បានស្វែងរកសៀវភៅមានចំណងជើងថា «KING OF GAY»ផងដែរ ប៉ុន្តែ យើងពុំអាចរកឃើញសៀវភៅនៅលើប្រព័ន្ធអ៊ិនធឹណិតនោះឡើយ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតទាំង ៣សន្លឹកដែលត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់សង្គម មិនត្រឹមត្រូវនោះឡើយ។ រូបថតទាំង ៣សន្លឹកនេះ ត្រូវបានកាត់តពីរូបថតច្បាប់ដើមភ្ជាប់ជាមួយរូបថតព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះ នរោត្ដម សីហមុនី។ រូបថតច្បាប់ដើមទាំង ៣សន្លឹក សុទ្ធតែគ្មានរូបថតព្រះមហាក្សត្រ នរោត្ដម សីហមុនី នោះឡើយ។

Title:ព្រះឆាយាល័ក្ខព្រះមហាក្សត្រកម្ពុជាត្រូវបានកាត់តជាមួយសៀវភៅក្លែងក្លាយ
Fact Check By: Jay UdomResult: Altered
