ខណៈ​ដែល​ចិន​គំរាម​ប្រើ​ប្រាស់​កម្លាំង​យោធា​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក លោក​ស្រី Nancy Pelosi នៅ​ដែនដី​កោះ​តៃវ៉ាន់​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​កម្លាំង​យោធា​ និង​ការ​ដាក់​ពង្រាយ​កាំភ្លើង​ធំ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មួយ​កន្លែង ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​​ទៅ​នឹង​ការ​ប្រឈម​មុខ​គ្នា​រវាង​ប្រទេស​ចិន​ និង​តៃ​វ៉ាន់​ ដែល​មាន​ការ​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការអះអាងលើបណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​សីហា​​​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ ឈ្មោះ​ថា​ «Pey Pey Ly»​ បាន​បង្ហោះ​រូប​ថត​ពីរ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​តម្រៀប​ជួរ​គ្នា​ឈុត​​កាំ​ភ្លើង​ធំ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មួយ​កន្លែង​។​ រូប​ថត​ខាង​លើ​ បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ស្មាន​តែ​ចិន​ខ្លាំង​ ការ​ពិត​បាន​តែ​ព្រុស​»។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​​។​​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​រៀបរាប់​ថា​​ «ស្មាន​តែ​ចិន​ គាត់​ខ្លាំង​ តាម​ការ​ពិត​ ជា​តៅហ៊ូ​ស្អុយ​សោះ​ បាន​តែ​ព្រុស​មិន​ហ៊ាន​ខាំ​»​។​

Facebook Post | Archived Link

រូប​ថត​ភ្ជាប់​ទៅ​នឹង​សំណេរ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ នៅ​ទីនេះ​ និង​ទីនេះ​ផង​ដែរ​។​

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​គេហទំព័រ​សារព័ត៌​មាន​ CNN ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ បាន​បង្ហាញ​នូវ​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​។​ គេហទំព័រ​ដដែល​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​រាយ​ការណ៍​របស់​ខ្លួន​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​​កូរ៉េ​ខា​ង​ជើង​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៧​មក​ម្ល៉េះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​​ចេញ​ពី​សារព័ត៌មាន CNN ជាមួយ​សំណេរ​រៀបរាប់​ថា​ «ការធ្វើ​សមយុទ្ធ​គ្រាប់​ពិត​នៅ​ក្នុង​ទីក្រុង​ Wonsan ​កូរ៉េ​ខាង​ជើង​​ ដើម្បីប្រារព្ធ​ខួប​លើក​ទី​៨៥​ នៃ​ការ​បង្កើត​កង​ទ័ព​ប្រជាជន​កូរ៉េ​»។​

CNN News Report | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទិដ្ឋភាព​ដូច​គ្នា​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​សារព័ត៌មាន​ The Sun កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ខាង​លើ​ ដោយ​បាន​សរសេរ​រៀប​រាប់​ថា​ «គ្រាប់​រ៉ុក្កែត​ និង​កាំភ្លើង​ធំ​រាប់​រយ​គ្រឿង​ បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្នុង​ពេល​ដំណាល​គ្នា​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៨៥​ នៃ​ការ​បង្កើត​កង​ទ័ព​ប្រជាជន​កូរ៉េ​»។​

The Sun News Report | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ រូប​ថត​នេះ​ មិន​មែន​ជា​ទិដ្ឋ​ភាព​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​យោធា​របស់​ប្រទេស​ចិន​​នៅ​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​តៃវ៉ាន់​នា​ពេល​ថ្មីៗ​នេះ​ឡើយ។​ ការ​ពិត​ រូបថត​មួយ​សន្លឹក​នេះ​ គឺ​ជា​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រា​ប់ពិ​ត​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ Wonsan ​កូរ៉េ​ខាង​ជើង​ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ដើម្បីប្រារព្ធ​ខួប​លើក​ទី​៨៥​ នៃ​ការ​បង្កើត​កង​ទ័ព​ប្រជាជន​កូរ៉េ​។​

Avatar

Title:តើ​នេះ​ជា​ទិដ្ឋភាព​នៃ​ការ​ត្រៀម​សព្វាវុធ​របស់​ប្រទេស​ចិន​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim

Result: Misleading