Fact Check: តើ​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​មែន​ឬ​?​

False Social

ជីវិត​ជា​ប្តី​ប្រពន្ធ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​ ក្រៅ​ពី​រស់​នៅ​យល់​ចិត្ត​គ្នា​ អធ្យា​ស្រ័យ​គ្នា​ យើង​ក៏​ត្រូវ​ចេះ​អត់​ឱន​ និង​រក្សា​រឿង​ឯក​ជន​ប្តី​ប្រពន្ធ​បាន​ល្អ​ផង​ដែរ​។ ធម្មតា​ប្តី​ប្រពន្ធ​ ដែល​រស់​នៅ​ជាមួយ​គ្នា​ គឺ​ដូច​ជា​ចាន​នៅ​ក្នុង​រាវ​  រមែង​តែង​មាន​ការ​ឈ្លោះ​ប្រកែក​ និង​រឿង​មិន​ពេញ​ចិត្ត​មួយ​ចំនួន​ ដែល​គួរ​តែ​ពិភាក្សា​គ្នា​ និង​និយាយ​គ្នា​ដោយ​សន្តិ​វិធី​។

ទន្ទឹម​នឹង​នេះ​ មាន​ព័ត៌មាន​មួយ​បាន​អះ​អាង​ថា​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​ ក្រោយ​ពី​បាន​រៀប​ការ​ជាមួយ​គ្នា​៦​ឆ្នាំ​មក​។​ ការ​ចុះ​ផ្សព្វ​ផ្សាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​រូប​ថត​បុរស​ និង​ស្ត្រី​កំពុង​តែ​យំ​ពីរ​នាក់​។​ ព័ត៌មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Komsan Obsok (កម្សាន្ត​អផ្សុក​) បាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​ថតបុរស​ និង​ស្រ្តី​ម្នាក់​កំពុង​អង្គុយ​យំ​ ក្រោម​ចំណង​ជើង​សរសេរ​រៀប​រាប់​ថា​ «ប្តី​​ប្រពន្ធ​មួយ​គូរ​ រៀប​ការ​បាន​ ៦​ឆ្នាំ​គ្មាន​កូន​នឹក[នឹង​] ​គេ​សោះ​ ប្តី​សម្រាច់​[សម្រេច​] ចិត្ត​យក​ប្រពន្ធ​ទៅ​ពេទ្យ​ពិនិត្យ​ ក្រោយ​ពេល​ពិនិត្យ​រួច​ស្រាប់​តែ​ប្តី​ទន់​ជង្គង់​ ហើយ​សុំ​លែង​លះ​ភ្លាម​ៗ​ព្រោះ​តែ​…»។​

ការ​ផ្សព្វ​ផ្សាយ​ដោយ​ភ្ជាប់​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​សារព័ត៌មាន​បាន​បង្ហាញ​ទិដ្ឋ​ភាព​បុរស​ និង​ស្ត្រី​ម្នាក់​កំពុង​តែ​អង្គុយ​យំ​ និង​អះ​អាង​ថា​ពួក​គាត់​គឺ​ជា​ប្តីប្រពន្ធ​នឹង​គ្នា​។​

Komsan Obsok News Report | Archived Link

ដូច​គ្នា​នេះ​ផង​ដែរ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Osja MV ក៏​បាន​ចែក​ចាយ​ព័ត៌​មាន​ខាង​លើ​ ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​មួយ​សន្លឹក​នេះ​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ប្តី​​ប្រពន្ធ​មួយ​គូរ​ រៀប​ការ​បាន​ ៦​ឆ្នាំ​គ្មាន​កូន​នឹក[នឹង​] ​គេ​សោះ​ ប្តី​សម្រាច់​[សម្រេច​] ចិត្ត​យក​ប្រពន្ធ​ទៅ​ពេទ្យ​ពិនិត្យ​ ក្រោយ​ពេល​ពិនិត្យ​រួច​ស្រាប់​តែ​ប្តី​ទន់​ជង្គង់​ ហើយ​សុំ​លែង​លះ​ភ្លាម​ៗ​ព្រោះ​តែ​…»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Alamy ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ​។ គេហទំព័រ​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​  ជើង​ហោះ​ហើរ​ដែល​មាន​លេខ​សម្គាល់​ QZ8501 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឥណ្ឌូនេស៊ី​ AirAsia ដែល​ជា​យន្តហោះ​ប្រភេទ​ Airbus A320-200 បាន​បាត់​ការ​ទាក់​ទង​ជាមួយ​នឹង​ អ្នក​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ក្នុង​កំឡុង​ពេល​ដែល​មាន​អាកាស​ធាតុ​អាក្រក់​។​ យន្ត​​ហោះ​មួយ​នេះ​ បាន​ធ្វើ​ការ​ហោះ​ហើរ​ចេញ​ពី​ទីក្រុង​ស៊ូរ៉ាបាយ៉ា​ ប្រទេស​ឥណ្ឌូនេស៊ី​ ឆ្ពោះ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ចេញ​ពី​គេហទំព័រ​ Alamy ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Family members of passengers onboard missing AirAsia flight QZ8501 cry at a waiting area in Juanda International Airport, Surabaya, December 30, 2014. Indonesian rescuers saw bodies and luggage off the coast of Borneo island on Tuesday and officials said they were “95 percent sure” debris spotted in the sea was from a missing AirAsia plane with 162 people on board.»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​ ដែល​បាន​បាត់​ខ្លួន​ QZ8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia បាន​យំ​នៅ​កន្លែង​រង់ចាំ​មួយ​ នា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ជូអានដា​ ស៊ូរ៉ាបាយ៉ា​ កាល​ពី​ថ្ងៃទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ឥណ្ឌូនេស៊ី​ បាន​ឃើញ​សាក​សព​ និង​ឥវ៉ាន់​នៅ​ឆ្នេរ​សមុទ្រ​កោះបឺណេអូ​ កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​មន្រ្តី​បាន​និយាយ​ថា​ពួក​គេ​ប្រាកដ​ ៩៥​ភាគរយ​ កំទេច​កំទី​ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​សមុទ្រ​ គឺ​មក​ពី​យន្ត​ហោះ​ AirAsia ដែល​បាត់​ខ្លួន​ដែល​មាន​មនុស្ស​ ១៦២ នាក់​នៅ​លើ​នោះ​»។​

Alamy Stock Photo | Archived Link

តាម​រយៈ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ Reuters ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​ ក៏​បាន​បង្ហាញ​នូវ​រូប​ថត​ និង​ទិដ្ឋ​ភាព​របស់​ក្រុម​គ្រួសារ​ដែល​ជា​សមាជិក​របស់​ជន​រង​គ្រោះ​ នៃ​អ្នក​ដំណើរ​នៅ​លើ​យន្ត​ហោះរបស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ AirAsia ដែល​បាន​បាត់​ខ្លួន​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ Reuters ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Family members of passengers onboard missing AirAsia flight QZ8501 cry at a waiting area in Juanda International Airport, Surabaya, Indonesia, December 30, 2014.»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «សមាជិក​គ្រួសារ​នៃ​អ្នក​ដំណើរ​នៅ​លើ​យន្ត​ហោះ​ដែល​បាត់​ជើង​ហោះ​ហើរ​ QZ8501 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ AirAsia យំ​នៅ​កន្លែង​កំពុង​រង់​ចាំ​មួយ​ នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ ជូ​អាន​ដា​ ស៊ូរ៉ាបាយ៉ា​ ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​»។​

Reuters Link | Archived Link

ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​នៃ​ជើង​ហោះ​ហើរ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ AirAsia លេខ​សម្គាល់​ QZ8501 នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​ផង​ដែរ​ នៅ​ក្នុង​បណ្តាណ​គេហទំព័រ​វីដេអូ​ Youtube។ 

Youtube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដោយ​ភ្ជាប់​រូប​ថត​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ មិន​បាន​ទាក់​ទង​ទៅ​នឹង​ប្តី​​ប្រពន្ធ​មួយ​គូរ​ ដែល​រៀប​ការ​បាន​៦​ឆ្នាំ​ហើយ​គ្មាន​កូន​នឹង​គេ​នោះ​អ្វី​ឡើយ​។​ ការ​ពិត​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ជា​ទិដ្ឋ​ភាព​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​ ដែល​បាន​បាត់​ខ្លួន​ QZ8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ដែល​បាន​យំ​ នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ជូ​អាន​ដា​ ស៊ូរ៉ាបាយ៉ា​ ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​។​

Avatar

Title:តើ​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​មែន​ឬ​?​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.