Fact Check: តើ​បុរស​ជា​ឪពុក​ម្នាក់​នេះ​យំ​ដោយសារ​តែ​ការ​បាត់​បង់​ត្រី​នាគ​របស់​ខ្លួន​មែន​ឬ​?​

False Social

សព្វ​ថ្ងៃ​នេះ ​នៅ​តាម​បណ្តាញ​សង្គម​នានា​ គឺ​ពោរ​ពេញ​ទៅ​ដោយ​ព័ត៌​មាន​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ទាំង​ព័ត៌មាន​ពិត​ ព័ត៌មាន​មិន​ពិត​ ព័ត៌មាន​ចម្លែក​ ភ្ញាក់​ផ្អើល​ និង​ព័ត៌មាន​សោក​សង្រែង​ជា​ច្រើន​ដែល​បាន​ចែក​ចាយ​ និង​ផ្សព្វ​ផ្សាយ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​​ មាន​ព័ត៌​មាន​មួយ​បាន​អះ​អាង​ថា​ បុរស​ម្នាក់​ជា​ឪពុក​បានយំ​សោក​ ក្រោយ​ពី​ដឹង​ដំណឹង​បាត់​បង់​ត្រី​នាគ​ដោយ​សារ​កូន​នោះ​ ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​ភ្ជាប់​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​បុរស​ពីរ​នាក់​កំពុង​យំ​។​ ព័ត៌​មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និង​មាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Komsan Obsok (កម្សាន្ត​អផ្សុក​) បាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​ថត​បុរស​ពីរ​នាក់​កំពុង​យំ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «តើ​ឲ្យ​បន្ទោស​អ្នក​ណា​? ឪពុក​យំ​ស្ទើរ​តែ​ធ្លាក់​ថ្លើម​ក្តុក​ក្រោយ​ ត្រី​នាគរ​បស់​ខ្លួន​ដែល​ខំ​បង្កាត់​ពូជ​អស់​រាប់​ម៉ីន​ដុល្លា​ ត្រូវ​រលាយ​១​ភ្លែត​ដោយ​សារ​តែ​កូន​គាត់»។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​សារ​ព័ត៌​មាន​ដែល​ភ្ជាប់​រូប​ថត​ឪពុក​ និង​កូន​ប្រុសយំ​ ជាមួយ​នឹង​រូប​ថត​ត្រី​ដែល​កំពុងតែ​ត្រូវ​បាន​ដាក់​អាំង​ចម្អិន​។​

Komsan Obsok News Report | Archived Link

ដូច​គ្នា​នេះ​ផង​ដែរ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Sdach Reading ក៏​បាន​ចែក​ចាយ​ព័ត៌​មាន​ខាង​លើ​ ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​មួយ​សន្លឹក​នេះ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «តើ​ឲ្យ​បន្ទោស​អ្នក​ណា​? ឪពុក​យំ​ស្ទើរ​តែ​ធ្លាក់​ថ្លើម​ក្តុក​ក្រោយ​ ត្រី​នាគរ​បស់​ខ្លួន​ដែល​ខំ​បង្កាត់​ពូជ​អស់​រាប់​ម៉ីន​ដុល្លា​ ត្រូវ​រលាយ​១​ភ្លែត​ដោយ​សារ​តែ​កូន​គាត់​បាន​….!»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​គេហទំព័រ​សារព័ត៌​មាន​អន្តរជាតិ​ Daily Mail កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ដែល​បាន​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​មួយ​ ទាក់​ទង​ទៅ​នឹង​ការ​ជួប​ជុំ​រវាង​ឪពុក​ម្តាយ​ជន​ជាតិ​ចិន​វ័យ​ចំណាស់​ពីរ​នាក់​ និង​កូន​ប្រុស​របស់​ខ្លួន​ដែល​បាន​បាត់​កាល​ពី​៣៨​ឆ្នាំ​មុន​។​ រូប​ថត​នេះ​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​នៃ​ការ​ឱប​គ្នា​ និង​យំ​របស់​ឪពុក​ម្តាយ​​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន​អន្តរជាតិ​ Daily Mail ដែល​បាន​បង្ហាញរូប​ថត​មួយ​សន្លឹក​នៃ​ការ​វិល​ត្រលប់​របស់​កូន​ប្រុស​ក្នុង​ក្រុមគ្រួសារ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​។​ គេហទំព័រ​មួយ​ក៏​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ផង​ថា​ «This is the touching moment two elderly Chinese parents are reunited with their long-lost son 38 years after he was abducted. Emotional footage shows the family breaking down in tears»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «នេះ​គឺ​ជា​គ្រា​ដ៏​រំជួល​ចិត្ត​មួយ​ ដែល​ឪពុក​ម្តាយ​ជន​ជាតិ​ចិន​វ័យ​ចំណាស់​ពីរ​នាក់​ បាន​ជួប​ជុំ​គ្នា​ជាមួយ​កូន​ប្រុស​ ដែល​បាត់​ខ្លួន​អស់​រយៈ​ពេល​ ៣៨​ឆ្នាំ​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ចាប់​ពង្រត់​»។​

Daily Mail News Report | Archived Link

តាម​រយៈ​គេហទំព័រ​សារ​ព័ត៌​មាន​ The Sun ​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ក្រុម​គ្រួសារ​ជន​ជាតិ​ចិន​មួយ​ ដែលបាន​ជួប​ជុំ​ជាមួយ​នឹង​កូន​ប្រុស​របស់​ខ្លួន​ ដោយ​ត្រូវ​បាន​គេ​ចាប់​ពង្រត់​កាល​ពី​៣៨​ឆ្នាំ​មុន​ផង​ដែរ​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌​មាន​ The Sun ​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «REUNITED AT LAST Heartwarming moment parents are reunited with their abducted son 38 YEARS after he was snatched as a toddler»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ជួប​ជុំ​គ្នា​ចុង​ក្រោយ​គ្រា​ដ៏​កក់ក្តៅ​ ដែល​ឪពុក​ម្តាយ​ជួប​ជុំ​គ្នា​ជាមួយ​កូន​ប្រុស​ ដែល​ត្រូវ​ចាប់​ពង្រត់​កាល​ពី​ ៣៨​ឆ្នាំមុន​ តាំង​​ពី​គាត់​នៅ​តូច​ម៉្លេះ​»។​

The Sun News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ មិន​បាន​ទាក់​ទង​ទៅ​នឹង​ ការ​បាត់​បង់​ត្រី​នាគ​នោះ​អ្វី​ឡើយ​។​ ការ​ពិត​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ជា​ទិដ្ឋ​ភាព​ដ៏​រំជួល​ចិត្ត​មួយ​ដែល​ឪពុក​ម្តាយ​ ជន​ជាតិ​ចិន​វ័យ​ចំណាស់​ពីរ​នាក់​ បាន​ជួប​ជុំ​គ្នា​ជាមួយ​កូន​ប្រុស​ ដែល​បាត់​ខ្លួន​អស់​រយៈ​ពេល​ ៣៩​ឆ្នាំ​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ចាប់​ពង្រត់​កាល​ពី​ឆ្នាំ​១៩៨២​។​

Avatar

Title:តើ​បុរស​ជា​ឪពុក​ម្នាក់​នេះ​យំ​ដោយសារ​តែ​ការ​បាត់​បង់​ត្រី​នាគ​របស់​ខ្លួន​មែន​ឬ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.