តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ត្រូវ​បាន​គេ​ធ្វើ​ឃាត​មែន​ឬ​?

False Political

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ។ ក្នុង​ចំណោម​នោះ​ ព័ត៌មាន​មួយ​អះ​អាង​ថា​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ត្រូវ​បាន​ចែក​ចាយ​ និង​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាងផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​

ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិតរបស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​មួយ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ដែល​ក្នុង​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​អះ​អាង​ថា​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​នៅ​វេលា​ម៉ោង​ ៥​ ព្រឹក​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​ថា​ «ព័ត៌មាន​មួយ​នេះ​បើ​ពិត​ជា​ការ​ល្អ​ណាស់​ ខ្ញុំ​ត្រៀម​ខ្លួន​ជប់​លៀង​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ទូ​ទាំង​ពិភព​លោក​ហើយ»។​

Facebook Post | Archived Link

ការ​អះ​អាង​មួយ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​សារ​ព័ត៌​មាន​ដែល​មាន​ឈ្មោះ​ថា​ កម្សាន្ត​ខ្មែរ​​ កាល​ពី​ជាង​៤​ឆ្នាំ​មុន​​ ក្រោម​ចំណង​ជើង​ថា​ «ភ្ញាក់​ផ្អើល​កក្រើក​ប្រឹថពី​៖​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ម៉ោង​ ៥​ ព្រឹក​នេះ​!!​»។​

Kamsan Khmer News Report | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​លើ​ការ​អះអាង​នេះ​ តាម​រយៈ​ការ​ពិនិត្យ​មើលសារ​បង្ហោះ​នានា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​​​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ 

ដំណឹង​មរណភាព​របស់​មេដឹកនាំ​ប្រទេស គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត ប៉ុន្តែ​គិត​ត្រឹម​មក​ដល់​ល្ងាច​ថ្ងៃ​ទី​០៤​ ខែ​កុម្ភៈនេះ​ យើង​សង្កេត​ឃើញ​ថា​ នៅ​តាម​បណ្តា​ព័ត៌​មាន​ជាតិ​ និង​អន្តរ​ជាតិ​ ពុំ​មាន​ព័ត៌​មាន​ផ្លូវ​ការ​​ណាមួយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អំពី​ករណី​មួយ​នេះ​ឡើយ​។​

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព​ រាជ​ធានី​ភ្នំពេញ​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ហ៊ុន​ សែន​ បាន​សរសេរ​រៀប​រាប់​ថា​ «សម្តេច​តេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៣​កើត​ ខែ​មាឃ​ ឆ្នាំ​ឆ្លូវ​ ត្រី​ស័ក​ ព.ស​.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ នេះ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព​ រាជ​ធានី​ភ្នំពេញ​។ សម្រាប់​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នា​សប្តាហ៍​នេះ​ មាន​ដូច​ខាង​ក្រោម​៖​ ១. សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​ការពារ​រុក្ខ​ជាតិ​ និង​ភូត​គាម​អនាម័យ​ ២.បញ្ហា​ផ្សេង​ៗ​»។​

Facebook Post | Archived Link

Facebook Post | Archived Link

ដូច​គ្នា​នេះ​ ក្រុម​ការ​ងារ​របស់​យើង​ក៏​បាន​ផ្ទៀង​ផ្ទាត់​ភិន​ភាគ​ និង​រក​ឃើញ​ផង​ដែរ​ថា​ រូប​ថត​បុរស​គេង​ដាក់​សារ៉ូម​ និង​សម្រាក​នៅ​ក្នុង​គេហ​ដ្ឋាន​នោះ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​លោក​ ទៀ​ វិញ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​។​ រូប​ថត​នេះ​ ត្រូវ​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​សីហា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ដោយ​បាន​សរសេរ​រៀប​រាប់​ថា​ «ចៅ​ៗ​មក​មើល​កុង​ឈឺ​បន្តិច​បន្តួច​»។​

Facebook Post | Archived Link

Fact Crescendo Cambodia ក៏​បាន​ព្យាយាម​ស្នើ​សុំ​ការ​បក​ស្រាយ​បញ្ជាក់​ពី​លោក​ ទៀ​ វិញ​ និង​លោក​ ទៀ​ វិចិត្រ​ ដែល​ត្រូវ​ជា​កូន​របស់​លោក​ផង​ដែរ​ ប៉ុន្តែ​ មក​ដល់​ពេល​នេះ ​ពុំ​មាន​ការ​ឆ្លើយ​តប​បញ្ជាក់​នៅ​ឡើយ​ទេ​។​ ក្រុម​ការ​ងារ​របស់​យើង​ នឹង​ធ្វើ​ការ​បញ្ជាក់​លំអិត​បន្ថែម​ ក្នុង​ករណី​ដែល​មាន​ព័ត៌​មាន​បំភ្លឺ​បន្ថែម​ទៀត​។​​

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ និង​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ ការ​ពិត​ ​រូប​ថត​​ដែល​បង្ហាញ​បុរស​ម្នាក់​គេង​ព្យួរ​សេរ៉ូម​នោះ គឺ​ជា​លោក​ ទៀ​ វិញ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​កម្ពុជា នៅ​ពេល​ដែល​លោក​សម្រាក​ព្យាបាល​ជំងឺ​នៅ​ឯ​គេហ​ដ្ឋាន​របស់​លោក​។​ ចំណែក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ​ទើប​តែ​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។​

Avatar

Title:តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ត្រូវ​បាន​គេ​ធ្វើ​ឃាត​មែន​ឬ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.