
ចាប់តាំងពីចុងខែមករារហូតមកដល់ដើមខែកុម្ភៈនេះ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលរស់និរទេសខ្លួនឯងនៅឯក្រៅប្រទេស បានលើកឡើងជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុករបស់លោកថា តុលាការបារាំងបានចេញដីកាឱ្យចាប់ខ្លួនលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាមេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រហូតមកដល់ជិតពាក់កណ្ដាលខែកុម្ភៈនេះ មានការផ្សព្វផ្សាយលើឆាណែល YouTube ថា មេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន ត្រូវបានបារាំងចាប់ខ្លួនហើយ។
ព័ត៌មាននេះ ត្រូវបានចែករំលែកបន្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការចែករំលែកបន្តទៀតផងដែរ ព្រមទាំងមានការបញ្ចេញមតិ និងប្រតិកម្មផ្សេងៗគ្នា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ព័ត៌មាននេះ ក្លែងក្លាយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៣ ខែកុម្ភៈ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកនូវព័ត៌មានមួយ ដែលនិយាយថា លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបារាំងចាប់ខ្លួន។ ព័ត៌មាននេះ ត្រូវបានចែករំលែកជាបន្តបន្ទាប់ទៀត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុក ដែលចែករំលែកនូវព័ត៌មានមួយដែលរៀបរាប់ថា «ព្រះជួយលែងបាន ហ៊ីង ប៊ុនហៀង ត្រូវបារាំងចាប់ខ្លួន»។

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចែករំលែកព័ត៌មាននេះ បន្ទាប់ពីវាត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញឆាណែល YouTube នៅថ្ងៃទី១៣ ខែកុម្ភៈ ហើយទទួលបានការចូលទៅទស្សនាជិត ២ដងនៅក្នុងរយៈជិត ១០ថ្ងៃមកនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងនេះតាមរយៈការដំណើរការកម្មវិធីផ្ទៀងផ្ទាត់រូបថត និងការសម្ភាសលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
នៅក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia នៅថ្ងៃទី២៣ ខែកុម្ភៈ លោក ហ៊ីង ប៊ុនហៀង បានច្រានចោលការអះអាងនេះ ដោយលោកនិយាយថា កំពុងបម្រើការងារកងទ័ពដូចធម្មតា។
លោក ហ៊ីង ប៊ុនហៀង ប្រាប់ថា៖ «មេបញ្ជាការអង្គរក្សរបស់អគ្គបញ្ជាការកងទ័ព នរណាមកចាប់អីងាយៗអាអូនហ៎ា។ មេបញ្ជាការរងកងទ័ព មេបញ្ជាការអង្គរក្សរាប់ពាន់នាក់ អាណាមកចាប់កើត»។
សម្រាប់កិច្ចសម្ភាសរវាង Fact Crescendo Cambodia និងលោក ហ៊ីង ប៊ុនហៀង គេអាចចូលទៅស្ដាប់បាននៅក្នុងតំណភ្ជាប់មាននៅទីនេះ។
ជាងនេះទៅទៀត អង្គភាពសារព័ត៌មាន Fresh News ដែលជាសារព័ត៌មានស្និទ្ធនឹងរាជរដ្ឋាភិបាល បានចេញផ្សាយនៅថ្ងៃនេះថា លោក ហ៊ីង ប៊ុនហៀង ជួបសំណេះសំណាលជាមួយក្រុមគ្រូបង្រៀន និងសិស្សានុសិស្សនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃនេះ។
សារព័ត៌មានដដែលនេះ ក៏បានផ្សាយជាមួយនូវរូបថតជាច្រើនសន្លឹក ដែលបង្ហាញលោក ហ៊ីង ប៊ុនហៀង ឈរថ្លែងនៅលើវេទិកាដែលមានផ្ទាំងចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
ខាងក្រោមនេះ គឺជារូបថតផ្ដាមចេញពីការផ្សាយរបស់សារព័ត៌មាន Fresh News ដែលអាចអានបានទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ ឬក៏តំណភ្ជាប់ដែលត្រូវបានរក្សាទុកមាននៅទីនេះ។

តាមរយៈកម្មវិធីផ្ទៀងផ្ទាត់រូបថតនៅលើបណ្ដាញអ៊ីនធឹណិត យើងបានរកឃើញថា រូបថតដែលបង្ហាញបុរសស្បែកស ៣រូបចាប់ខ្លួនលោក ហ៊ីង ប៊ុនហៀង នោះ មិនមែនជាការពិតនោះឡើយ។
រូបថតច្បាប់ដើម ត្រូវបានរកឃើញចុះផ្សាយដោយសារព័ត៌មាន POLITICO និងសារព័ត៌មាន Daily Mail កាលពីខែកញ្ញា ឆ្នាំ២០១៣កន្លងមក។ សារព័ត៌មានទាំងពីរនេះ បានរាយការណ៍ថា បុរសគ្មានអត្តសញ្ញាណម្នាក់ ត្រូវបានប៉ូលិសសម្ងាត់ចាប់ខ្លួននៅក្រៅសេតវិមាន បន្ទាប់ពីបុរសរូបនោះ បានបោះផាវទៅលើរបងសេតវិមាន។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតច្បាប់ដើមដែលចេញផ្សាយដោយសារព័ត៌មានទាំងពីរខាងលើ និងរូបថតដែលផ្សព្វផ្សាយដោយបណ្ដាញសង្គម និងឆាណែល YouTube។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដូចដែលបានរៀបរាប់ខាងលើនេះ មិនមែនជាការពិតនោះឡើយ។ លោក ហ៊ីង ប៊ុនហៀង ប្រាប់ថា គ្មាននរណាចាប់ខ្លួនលោកឡើយ។ រូបថតច្បាប់ដើម បង្ហាញការចាប់ខ្លួនបុរសម្នាក់ដោយកម្លាំងសន្តិសុខអាមេរិកកាលពីឆ្នាំ២០១៣ បន្ទាប់ពីបុរសនោះបានបោះផាវទៅលើរបងសេតវិមានប្រធានាធិបតីអាមេរិក។

Title:តើមេបញ្ជាការអង្គរក្សលោក ហ៊ុន សែន ត្រូវបានបារាំងចាប់ខ្លួនហើយមែនទេ?
Fact Check By: Jay UdomResult: False
