តើ​មេ​បញ្ជាការ​អង្គរក្ស​លោក ហ៊ុន សែន ត្រូវ​បាន​បារាំង​ចាប់​ខ្លួន​ហើយ​មែន​ទេ?

False Political

ចាប់​តាំង​ពី​ចុង​ខែ​មករា​រហូត​មក​ដល់​ដើម​ខែ​កុម្ភៈ​នេះ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​រស់​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា តុលាការ​បារាំង​បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​ជា​មេ​បញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ រហូត​មក​ដល់​ជិត​ពាក់​កណ្ដាល​ខែ​កុម្ភៈ​នេះ មាន​ការ​ផ្សព្វផ្សាយ​លើ​ឆាណែល​ YouTube ​ថា មេ​បញ្ជា​ការ​កង​អង្គរក្ស​លោក ហ៊ុន សែន ត្រូវ​បាន​បារាំង​ចាប់​ខ្លួន​ហើយ។

ព័ត៌មាន​​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ទៀត​ផង​ដែរ ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗគ្នា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង ​រក​ឃើញ​ថា ព័ត៌មាន​នេះ ក្លែង​ក្លាយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ ដែល​​​និយាយ​ថា លោក ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​អង្គរក្ស​​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បារាំង​ចាប់​ខ្លួន។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ជា​បន្ត​បន្ទាប់​ទៀត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​​រៀបរាប់​ថា «ព្រះ​ជួយ​លែង​បាន ហ៊ីង ប៊ុនហៀង ត្រូវ​បារាំង​ចាប់​ខ្លួន»។

Facebook Post | Archived

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ បន្ទាប់​ពី​វា​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅលើ​បណ្ដាញ​​ឆាណែល YouTube នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ហើយ​​ទទួល​បាន​ការ​ចូល​ទៅ​ទស្សនា​ជិត ២​ដង​​នៅ​ក្នុង​រយៈ​ជិត ១០​ថ្ងៃ​មក​នេះ។

YouTube | Archived

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត និង​ការ​សម្ភាស​លោក ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម។

នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ លោក ហ៊ីង ប៊ុនហៀង បាន​ច្រាន​ចោល​ការ​អះ​អាង​នេះ ដោយ​លោក​និយាយ​ថា កំពុង​បម្រើការងារ​កង​ទ័ព​ដូច​ធម្មតា។

លោក ហ៊ីង ប៊ុនហៀង ប្រាប់​ថា​៖ «មេ​បញ្ជាការ​អង្គរក្ស​របស់​អគ្គ​​បញ្ជាការ​កង​ទ័ព នរណា​មក​ចាប់​អី​ងាយៗ​អា​អូន​ហ៎ា។ ​មេ​បញ្ជាការ​រង​កង​ទ័ព មេ​បញ្ជាការ​អង្គរក្ស​រាប់​ពាន់​នាក់ អាណា​មក​ចាប់​កើត»។

សម្រាប់​កិច្ច​សម្ភាស​រវាង Fact Crescendo Cambodia និង​លោក ហ៊ីង ប៊ុនហៀង គេ​អាច​ចូល​ទៅ​ស្ដាប់​បាន​នៅ​​ក្នុង​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ

ជាង​នេះ​ទៅ​ទៀត អង្គភាព​សារព័ត៌មាន Fresh News ដែល​ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រាជ​រដ្ឋាភិបាល បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក ហ៊ីង ប៊ុនហៀង ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​គ្រូ​បង្រៀន និង​សិស្សានុសិស្ស​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​ នៅ​ថ្ងៃ​នេះ។

សារព័ត៌មាន​ដដែល​នេះ ក៏​បាន​ផ្សាយ​ជាមួយ​នូវ​រូបថត​ជា​ច្រើន​សន្លឹក ដែល​បង្ហាញ​លោក ហ៊ីង ប៊ុនហៀង ឈរ​ថ្លែង​នៅ​លើ​វេទិកា​ដែល​មាន​ផ្ទាំងចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ផ្ដាម​ចេញ​ពី​ការ​ផ្សាយ​របស់​សារព័ត៌មាន Fresh News ដែល​​អាច​អាន​បាន​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​ក៏​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​មាន​នៅ​ទីនេះ

Fresh News | Archived

តាម​រយៈ​កម្មវិធី​​ផ្ទៀង​ផ្ទាត់​រូបថត​នៅ​លើ​បណ្ដាញ​អ៊ីនធឹណិត យើង​បាន​រក​ឃើញ​ថា រូបថត​ដែល​បង្ហាញ​បុរស​ស្បែក​ស ៣​រូប​ចាប់​ខ្លួន​លោក ហ៊ីង ប៊ុនហៀង នោះ មិន​មែន​ជា​ការពិត​នោះ​ឡើយ។

រូបថត​ច្បាប់​ដើម ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ដោយសារព័ត៌មាន POLITICO និង​សារព័ត៌មាន Daily Mail កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣​កន្លង​មក។ សារព័ត៌មាន​ទាំង​ពីរ​នេះ បាន​រាយការណ៍​ថា បុរស​គ្មាន​អត្ត​សញ្ញាណ​ម្នាក់ ត្រូវ​បាន​ប៉ូលិស​សម្ងាត់​ចាប់​​ខ្លួន​នៅ​ក្រៅ​សេតវិមាន បន្ទាប់​ពី​បុរស​រូប​នោះ បាន​​បោះ​ផាវ​ទៅ​លើ​របង​សេតវិមាន។

POLITICO | Archived

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ច្បាប់​ដើម​ដែល​ចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន​ទាំង​ពីរ​ខាង​លើ និង​រូបថត​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​សង្គម និង​ឆាណែល​ YouTube។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ លោក ហ៊ីង ប៊ុនហៀង ប្រាប់​ថា គ្មាន​នរណា​ចាប់​ខ្លួន​លោក​ឡើយ។ រូបថត​ច្បាប់​ដើម បង្ហាញ​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ដោយ​កម្លាំង​សន្តិសុខ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៣ បន្ទាប់​ពី​បុរស​នោះ​បាន​បោះ​ផាវ​ទៅ​លើ​របង​សេតវិមាន​ប្រធានាធិបតី​អាមេរិក។

Avatar

Title:តើ​មេ​បញ្ជាការ​អង្គរក្ស​លោក ហ៊ុន សែន ត្រូវ​បាន​បារាំង​ចាប់​ខ្លួន​ហើយ​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.