អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ប្រមាណ​​ជាង ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​ក្នុង​សភាព​ដេក​ស្តូក​ស្តឹង​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា​លោក​បាន​ទទួល​មរណភាព​ដោយ​បាតុ​ភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​នៅ​ក្នុង​ប្រទេស​បារាំង។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ និង​បាន​ចែក​ចាយ​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «TV Sorn Dara» ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ និង​សំណេរ​រៀប​រាប់​ថា​ រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​ដោយ​សារ​តែ​បាតុ​ភូត​ធម្មជាតិ​។​

រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ មុន​នេះ​បន្តិច​ អន្ទិត​ឡុង​ដែល​ជា​ដៃ​ឆ្វេង​របស់​លោក​ប៉ា​ធាន ​[ប្រធាន​] សម​ រង្សុី​ បាន​ប្រាប់​ខ្ញុំ​អា​ស្ដេច​ខ្លា​ថា​ ភ្លៀង​មួយ​មេ​នៅ​ប្រទេស​បារាំង​ ល្ងាច​មិញ​នេះ​ លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​បាត់​បង់​អាយុ​ជីវិត​ហើយ​..»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

ដំណឹង​មរណភាព​របស់​មេដឹក​នាំ​ប្រឆាំង​កំពូល​ម្នាក់​នេះ​ គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ និង​ផ្សព្វ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នានា​ ឬ​​តាម​រយៈ​គណ​បក្ស​របស់​ខ្លួន​ផ្ទាល់​។​

តាម​រយៈ​គេហ​ទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​សោត​ទស្សន៍​ដ៏​ធំ​មួយ​ បាន​បង្ហោះ​នូវ​រូប​ថត​របស់​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ ប៉ុល​ពត​ ពេល​ដែល​លោក​ទទួល​មរណភាព​នៅ​ក្នុង​តំបន់​អន្លង់​វែង​ ក្បែរ​ព្រំ​ប្រទល់​ប្រទេស​ថៃ​។​ រូប​ថត​នេះ​ ត្រូវ​បាន​បញ្ចូល​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មេសា​ ឆ្នាំ​១៩៩៨​ និង​ត្រូវ​បាន​ថត​ដោយ​លោក​ ជេសុន​ ព្លែប​ទ្រឺ​ (Jason Bleibtreu)។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ « The supposed remains of the Khmer Rouge dictator on show, near the Thai border»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ទិដ្ឋ​ភាព​សាក​សព​មេ​ដឹក​នាំ​ផ្តាច់​ការ​ខ្មែរ​ក្រហម​ ក្បែរ​ព្រំដែន​នៃ​ប្រទេស​ថៃ​»។​

Getty Stock Images | Archived Link

ដូច​គ្នា​នេះ​​ដែរ​ យោង​ទៅ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ សម​ រង្ស៊ី​ ដែល​បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នូវ​ វេទិការ​សម្លេង​សង្រ្គោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១​ថ្មី​ៗនេះ​ ក៏​បាន​បង្ហាញ​លោក​ សម​ រង្ស៊ី​ មាន​វត្ត​មាន​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី​ មេ​ដឹកនាំ​ខ្មែរ​សញ្ជាតិ​មួយ​ ឬ​សញ្ជាតិ​ពីរ​ ដែល​ការពា​រ​ជាតិ​ខ្មែរ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ សម​ រង្ស៊ី​ ដែល​បាន​សរសេរ​រៀបរាប់​ថា​ «វេទិកា​សំឡេង​សង្គ្រោះ​ជាតិ​ ស្តី​ពី​ មេ​ដឹកនាំ​ខ្មែរ​សញ្ជាតិ​មួយ​ ឬ​សញ្ជាតិ​ពីរ​ ដែល​ការពា​រ​ជាតិ​ខ្មែរ​»។​

Facebook Post | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ​ច្បាប់​ដើម​នៃ​រូប​ថត​នេះ គឺ​ជា​រូប​របស់​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ប៉ុល​ពត​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​១៩៩៨​ នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ចំណែក​លោក​ សម​ រង្ស៊ី​ នៅ​រស់​រាន​មាន​ជីវិត​ដូច​ធម្មតា​នៅ​ឡើយ​ទេ​ ហើយ​លោក​ទើប​តែ​បង្ហាញ​វត្តមាន​នៅ​ក្នុង​វេទិកាសំឡេងសង្គ្រោះជាតិកាល​ពី​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

Avatar

Title:តើ​លោក​ សម​ រង្ស៊ី​ ពិត​ជា​បាន​ស្លាប់​ដូច​គេ​អះ​អាង​មែន​ឬ​?​

Fact Check By: Kakada Sim

Result: False