
រូបថត និងវីដេអូជាច្រើនពាក់ព័ន្ធនឹងប្រទេសថៃ ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងរូបថត ឬវីដេអូដែលមិនត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់ផងដែរ។
នៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញកោះមួយដែលមានសំណង់អគារ និងជណ្តើរពីលើកំពូលរហូតដល់ផ្ទៃទឹក ត្រូវបានទំព័រហ្វេសប៊ុកមួយបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនានាជាច្រើន។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Beautiful Craft បានបង្ហោះរូបថតចំនួនមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពកោះមួយ ដែលមានអគារសាងសង់នៅពីលើ ដោយមានជណ្តើរផងដែរ។ រូបថតមួយសន្លឹកនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះ ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។
រូបថតខាងលើនេះអាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិ និងចែករំលែកបន្ត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានបង្ហាញអំពីទិដ្ឋភាពកំពូលកោះមួយ ជាមួយនឹងសំណង់នៅពីលើ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រ istockphoto ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលនេះ បានបង្ហាញថា កោះមួយនេះ មានទិដ្ឋភាពសំណង់អគារនៅពីលើនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Ao Phang Nga National Park. Located near Phuket in Thailand. Famous landmark and famous travel destination» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ឧទ្យានជាតិផាំងង៉ា មានទីតាំងនៅជិតភូកេតប្រទេសថៃ ដែលជាកន្លែងទេសចរណ៍ និងគោលដៅដ៏ល្បីល្បាញ»។

Istockphoto Link | Archived Link
ដូចគ្នានេះ រូបថតដែលបានបង្ហាញពីទិដ្ឋភាពកោះមួយនេះពីចម្ងាយ ក៏ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Alamy ផងដែរ។ គេហទំព័រដដែលនេះ បានផ្តល់ព័ត៌មានលម្អិតអំពីរូបថតខាងលើនេះជាភាសាអង់គ្លេសថា «James Bond Rock in the Phang Nga Bay, Thailand, Asia» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «កោះ James Bond, ឈូងសមុទ្រផាំងង៉ា, ប្រទេសថៃ, អាស៊ី»។

តើកោះ James Bond ស្ថិតនៅទីណា?
កោះ James Bond ឬកោះតាពូ (James Bond Island or Tapu Island) ស្ថិតនៅក្នុងខេត្តផាំងង៉ា (Phang Nga) ប្រទេសថៃ ដោយមានចម្ងាយប្រមាណជាង៤០គីឡូម៉ែត្រពីកោះភូកេត។ កោះមួយនេះ ត្រូវបានគេស្គាល់តាមរយៈរឿងមួយមានចំណងជើងថា “The Man with the Golden Gun” ដែលផ្សព្វផ្សាយតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ។
រូបភាពផ្តាមចេញពីគេហទំព័រ Google Map បង្ហាញអំពីទិដ្ឋភាពរួមនៃកោះ James Bond ដែលពុំបានបង្ហាញពីទិដ្ឋភាពសំណង់អគារនៅពីលើនោះទេ។


ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ខាងលើត្រូវបានកាត់ត មុននឹងបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ការពិតច្បាប់ដើមនៃរូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពកោះ James Bond ឬកោះតាពូ មានទីតាំងស្ថិតនៅក្នុងខេត្តផាំងង៉ា (Phang Nga province) ប្រទេសថៃ។ កោះមួយនេះ ពុំបានបង្ហាញអំពីទិដ្ឋភាពសំណង់អគារនៅពីលើនោះឡើយ។

Title:កោះមួយនៅក្នុងប្រទេសថៃ ត្រូវបានកាត់តដោយមានសំណង់អគារនៅពីលើ
Fact Check By: Kakada SimResult: Altered
