Fact-Check: ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ស៊ីរី​ មិន​មែន​នៅ​ភូមា​ដូច​ការ​អះ​អាង​ទេ

False International

ប្រទេស​មីយ៉ាន់ម៉ា ឬ​​ភូមា បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ និង​ការ​តវ៉ា​ដ៏​​បង្ហូរឈាម​អស់​រយៈ​ពេល​ជិត ៣​ខែ​​មក​ហើយ​ចាប់​តាំង​ពី​ពួក​យោធា​បាន​ដណ្ដើម​អំណាច​​តាម​រយៈ​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ពី​រដ្ឋាភិបាល​ស៊ីវិល​អ្នកស្រី អ៊ុងសាន ស៊ូជី។ វិបត្តិ​នយោបាយ​ដ៏​បង្ហូរឈាម​នៅ​ប្រទេស​ភូមា​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​ចែក​រំលែក​យ៉ាងច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខណៈ​ដែល​ភូមា​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​នយោបាយ​ដ៏​បង្ហូរ​ឈាម​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​អះ​អាង​ថា កង​ទ័ព​ឧទ្ទាម​កាឈិន (Kachin) បាន​បើក​ប្រតិបត្តិ​ការ​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​រដ្ឋាភិបាល​យោធា​ភូមា ហើយ​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគ​ចក្រ​របស់​កង​ទ័ព​ភូមា​ទៀត​ផង​។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់ Fact Crescendo Cambodia នឹង​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​មក​នេះ ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​និយាយ​ថា កង​កម្លាំង​របស់​ក្រុម​ឧទ្ទាម​កាឈិន​នៅ​ក្នុង​ប្រទេស​ភូមា បាន​បាញ់​កម្ទេច​យន្ត​ហោះ​ចម្បាំង​មួយ​គ្រឿង​របស់​កង​ទ័ព​រដ្ឋាភិបាល​យោធា​ភូមា​ដែល​កំពុង​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ មឹន អ៊ុងលាំង (Min Aung Hlaing)។ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត ៣​សន្លឹក​ផង​ដែរ ដែល​បង្ហាញ​បុរស​ម្នាក់​កាន់​​សព្វាវុធ​​នៅ​នឹង​ដៃ​ផង និង​លី​នៅ​លើ​ស្មា​ផង និង​ឧទ្ធម្ភាគចក្រ​មួយ​កំពុង​ត្រូវ​ភ្លើង​ឆាប​ឆេះ ហើយ​ធ្លាក់​ចុះ​។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ទៅ​ដល់​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ ឬ​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​បណ្ដាញ​សង្គម​ផង​ដែរ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម និយាយ​ថា​ «ព័ត៌មាន​ក្ដៅ ថ្ងៃ​នេះ​ទី​២០ មេសា ២០២១ កង​ទ័ព​កាឈិន បាញ់​យន្ត​ហោះ​ចម្បាំង​កង​ទ័ព មីង អ៊ុងឡាំង ឆេះ​ពេញ​មេឃ នេះ​ជា​បាបកម្ម​របប​យោធា​ផ្ដាច់ការ​ធ្វើ​រដ្ឋប្រហារ មីង អ៊ុងឡាំង នៅ​ភូមា របប​ផ្ដាច់ការ​មួយ​នេះ​នឹង​ប្រឈម​ទទួល​ការ​បរាជ័យ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ដល់​នេះ​ជាក់​ជា​មិន​ខាន​ឡើយ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​​ផ្ទៀង​ផ្ទាត់​រូបថត​តាម​​ប្រព័ន្ធ​អ៊ីនធឹណិត ដែល​នាំ​ឱ្យ​យើង​ជួប​ប្រទះ​រូបថត និង​វីដេអូ​ដូច​ទៅ​នឹង​រូបថត​ដែល​​ត្រូវ​បាន​អះអាង​ខាង​លើ​នេះ។

សេចក្ដីរាយការណ៍​មួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ាក់ Kurdistan24 បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​នៃ​ការ​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​នេះ បាន​កើត​ឡើង​នៅ​ប្រទេស​ស៊ីរី កាល​ពី​​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​កន្លង​មក។

សារព័ត៌មាន​នេះ រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ត្រូវ​បាន​ដោយ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ បាញ់​ទម្លាក់​នៅ​ជិត​ទីក្រុង​អាឡិបប៉ូ (Aleppo) ដែល​មាន​ចម្ងាយ​ប្រហែល ៣៦០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​រដ្ឋ​ធានី​ដាម៉ាស។

Kurdistan24 | Archived Link

ហេតុការណ៍​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​នេះ ក៏​ត្រូវ​បាន​រាយការណ៍​ដោយ​សារព័ត៌មាន​អន្តរជាតិ​ដទៃ​ទៀត​ដែរ ដូចជា​សារព័ត៌មាន​ Telegraph របស់​ប្រទេស​អង់គ្លេស និង​ទូរទស្សន៍​ RT របស់​ប្រទេស​រុស្ស៊ី ដែល​បញ្ជាក់​ថា វា​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០។

Telegraph | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​អះអាង​ដូច​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​នៃ​ការ​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​នោះ បាន​កើត​​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ហើយ​ឧទ្ធម្ភាគចក្រ​នោះ គឺជា​របស់​កង​ទ័ព​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​​នៅ​ទីក្រុង​អាឡិបប៉ូ។

Avatar

Title:Fact-Check: ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ស៊ីរី​ មិន​មែន​នៅ​ភូមា​ដូច​ការ​អះ​អាង​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *