
ស្របពេលមានការបញ្ចេញមតិចម្រុះជាច្រើនអំពីការរៀបចំតុបតែងសង្ក្រាន្តឆ្នាំថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ រូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពដើមណូអែល ធ្វើពីកន្ត្រក និងកញ្ជ្រែង ត្រូវបានបង្ហោះឡើង ដោយភ្ជាប់នឹងការលើកឡើងថា នោះគឺជាការរៀបចំតុបតែងថ្មីនៅ។ ការបង្ហោះនេះ ទទួលបានការប្រតិកម្ម និងចែកចាយជាច្រើនពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹក ដែលប្រៀបធៀបអំពីការរៀបចំតុបតែង ជាដើមណូអែលធ្វើពីកន្ត្រក ក្នុងអំឡុងការប្រារព្ឋពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
រូបថតខាងលើ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានចែករំលែកបន្តគ្នាជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «រិះគន់ហើយ គិតថា ល្អជាងមុន តែនេះយ៉ាប់ជាងមុន តើអ្វីទៅជាអត្តសញ្ញាណជាតិ»។

ការបង្ហោះរូបថតមួយសន្លឹកបែបនេះ ក៏ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកមួយផ្សេងទៀតផងដែរ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដែលបានចោទជាសំណួរសួរថា «តើនេះជាការពិតទេ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នាមួយនេះ ត្រូវបានរកឃើញ និងបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ។ អ្នកប្រើប្រាស់ដដែលខាងលើនេះ ក៏បានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនផងដែរថា នោះគឺជាទិដ្ឋភាពនៃការរៀបចំតុបតែងជាដើមណូអែល ធ្វើអំពីកន្ត្រកក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ខាងក្រោមនេះ គឺជារូបភាពចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស «Christmas tree at phnom Penh airport made from baskets used for fishing. Good symbolism» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ដើមណូអែល នៅអាកាសយានដ្ឋានភ្នំពេញ ធ្វើពីកន្ត្រក ប្រើសម្រាប់ការនេសាទ និមិត្តសញ្ញាល្អ»។

រូបថតបង្ហាញទិដ្ឋភាពជ្រុងមួយផ្សេងទៀត ក៏ត្រូវបានរកឃើញនៅលើគេហទំព័រ Teacher Horizon ផងដែរ ដែលបានបញ្ជាក់ថា នោះគឺជាទិដ្ឋភាពនោះគឺជាការតុបតែងដើមណូអែលពីកន្ត្រក នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញគេហទំព័រខាងលើ ដែលពុំបានបញ្ជាក់ថានេះ ជាទិដ្ឋភាពនៃការរៀបចំតុបតែងសង្ក្រាន្តថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នោះឡើយ។

Teacher Horizons Link | Archived Link
ក្រុមការងាររបស់ Fact Crescendo Cambodia ក៏បានរកឃើញទិដ្ឋភាពមួយជ្រុងផ្សេងទៀតផងដែរ នៅលើគេហទំព័រ Frontier Traveller Link ដែលបានបង្ហាញការតុបតែង និងរៀបចំជាដើមណូអែល ធ្វើអំពីកន្ត្រក ដោយភ្ជាប់នឹងការសរសេរថា «រីករាយបុណ្យណូអែល ពីអាកាសយានដ្ឋានភ្នំពេញ»។

Frontier Traveller Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនេះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពរៀបចំតុបតែងដើមណូអែល ដែលធ្វើឡើងដោយកន្ត្រក និងកញ្ជ្រែង នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងអំឡុងពេលបុណ្យណូអែល កាលពីឆ្នាំ២០១៤មកម្ល៉េះ។

Title:តើនេះជាទិដ្ឋភាពនៃការរៀបចំតុបតែងសង្ក្រាន្តថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមែនឬ?
Fact Check By: Kakada SimResult: Misleading
