Fact Check: ​តើ​​អ្នក​ស្រី មូរ សុខហួរ រិះ​គន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មែន​ទេ?

Altered Political

យុទ្ធនាការ​នៃ​ការ​ដាក់​លក់​ប័ណ្ណ​នាឡិកា​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី ​តម្លៃ​ ៥ដុល្លារ​​ក្នុង​មួយ​ប័ណ្ណ​នោះ​​ បាន​​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​។

ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​​រូប​ថត​របស់​អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ស្រី​ មូរ​ សុខ​ហួរ​ កំពុង​តែ​កាន់​ស្លាកសរសេរ​ជា​ភាសាខ្មែរ​ចោទ​ទៅ​លើ​លោក​ សម​ រង្ស៊ី​​​ ថា​ កំពុង​តែ​បង្វែរ​ដាន​នោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។ 

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ក្នុង​​ក្រុម​ទូរទស្សន៍ស្រាតខោជនផ្តាច់ការ ដែល​បង្ហាញ​​អ្នកស្រី​​ មូរ​ សុខ​ហួរ​ ​កាន់​ស្លាក​សរសេរ​​​ថា ​លោក​ សម​ រង្ស៊ី​ វាយ​ប្រហារ​ព្រះ​មហាក្សត្រ​នោះ​ គ្រាន់​តែ​ជា​ការ​បង្វែរ​ការ​តាមដានតែ​ប៉ុណ្ណោះ​។​

រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ 

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​អ្នកស្រី​ មូរ​ សុខ​ហួរ​ កាន់​បដា​មាន​​អក្សរ​សរសេរ​ថា​​ «សម​ រង្ស៊ី​បន្ត​វាយ​ប្រហារ​មក​លើ​ព្រះ​មហាក្សត្រ​ គឺ​ សម​ រង្ស៊ី​ កំពុង​បង្វែរ​សាច់​រឿង​ឲ្យ​ប្រជាពលរដ្ឋ​ភ្លេច​រឿង​លុយ​ប័ណ្ណ​នាឡិកា​ សម​ រង្ស៊ី​​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្តើមប្រៀប​ធៀប​​​ និង​ផ្ទៀត​ផ្ទាត់​រូប​ថត​ខាង​លើ​​តាម​រយៈ​ការ​ត្រួត​ពិនិត្យរូប​ថត​ច្បាប់​ដើម​ដែល​មាន​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​អ្នកស្រី​​ទៅ​នឹង​រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​។​

តាម​រយៈ​សារ​បង្ហោះ​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ Fact Crescendo Cambodia 

រូបថត​ដើម​ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី​ មូរ​ សុខ​ហួរ​ ដែល​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១​ថ្មីៗ​នេះ។ រូបថត​ដើម បង្ហាញ​អ្នកស្រី មូរ សុខហួរ កាន់​ផ្ទាំង​ក្រដា​មួយ​សន្លឹក​ជាមួយ​សំណេរ​ថា «ខ្ញុំ​ស្រឡាញ់​បរិស្ថាន ដោះ​លែង​សកម្មជន​បរិស្ថាន #FreeEnvironmentalActivists»។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​ទាម​ទារ​ឱ្យ​ដោះ​លែង​យុវជន​ និង​សកម្មជន​បរិស្ថាន​ជាច្រើន​រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ពាក់​ព័ន្ធ​នឹង​ការ​ជំរុញ​ឱ្យ​ការពារ​បរិស្ថាន​នៅ​កម្ពុជា។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូប​ថត​ច្បាប់​ដើម​របស់​អ្នកស្រី​ មូរ​ សុខ​ហួរ​ ពុំ​បាន​កាន់​ផ្ទាំង​ក្រដាស​​ដែល​មាន​អក្សរ​សរសេរ​​រិះ​គន់​លោក សម រង្ស៊ី នោះ​ឡើយ។​ ការ​ពិត ​អ្នកស្រី​ មូរ សុខហួរ បាន​កាន់​ផ្ទាំង​ក្រដាស​មួយ​សន្លឹក​ជាមួយ​សំណេរ​ទាមទារ​​ឲ្យ​​ដោះ​លែង​សកម្មជន​បរិស្ថាន​។​

Avatar

Title:​តើ​​អ្នក​ស្រី មូរ សុខហួរ រិះ​គន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មែន​ទេ?

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.