ភ្នំ​មាន​សណ្ឋាន​​ជា​សត្វ​ខ្លា​ឃ្មុំ​ ជា​រូប​ថតកាត់​ត

Altered International

រូបថត និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ។ នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ភ្នំ​ដែល​មាន​ទម្រង់​រូប​រាង​ជា​សត្វ​ខ្លា​ឃ្មុំ​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Cambodia Life បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ភ្នំ​មួយ​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​ជា​សត្វ​ខ្លា​ឃ្មុំ​។​ រូប​ថត​នេះ​ ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​

រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Beautiful! It should be called bear Island 🐻»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ស្រស់​ស្អាត​! វា​គួរ​តែ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ កោះ​ខ្លា​ឃ្មុំ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ Amica Moda។​ គេហទំព័រដដែល ​ក៏​​​​បាន​បញ្ជាក់​អំពីទីតាំង​នៃ​តំបន់​មួយ​នេះ​ផង​ដែរ​ជា​ភាសា​អង់គ្លេស​ថា​ «Another highlight of the place is the beautiful view of the Bear Mountain or Ayu-Dag»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ចំណុច​សំខាន់​មួយ​ទៀត​ គឺ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ភ្នំ​ខ្លា​ឃ្មុំ​ ឬ​អាយូដាច​»។​

Amica Moda Link | Archived Link

ចំណែក​ឯ​គេហ​ទំព័រ Across Russia ក៏​បាន​​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​អំពី​រូបថត​មួយ​សន្លឹក​នេះ​ផង​ដែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ ដែល​​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ភ្នំ​ខ្លា​ឃ្មុំ​ ឬ​តាម​ភាសា​គ្រីមៀ​ហៅ​ថា​ អាយូដាច​ គឺ​ជា​និមិត្ត​សញ្ញា​មួយ​នៅ​ក្នុង​ចំណោម​និមិត្ត​សញ្ញា​ ដែល​អាច​ស្គាល់​បាន​បំផុត​នៃ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​តំបន់​គ្រីមៀ​។ ឈ្មោះ​នេះ​សំដៅ​ទៅ​លើ​ភ្នំ​ ដែល​មាន​លក្ខណៈ​ដូច​ខ្លា​ឃ្មុំ​ដ៏​ធំ​ដោយ​ឱនទៅ​សមុទ្រ និង​ទឹក​ផឹក»។​

Across Russia Link | Archived Link

ករណី​ដូច​គ្នា​នេះ​ ក៏​ធ្លាប់​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ការងារ AFP ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបថត​ចែក​ចាយ​ ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​រូបថត​ច្បាប់​ដើម​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​គេហ​ទំព័រ​ខាង​លើ​។​

AFP Report | Archived Link 

ដូច​គ្នា​នេះ​តាម​រយៈ​គេហ​ទំព័រ​ Google Map ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថាទិដ្ឋ​ភាព​ភ្នំ​អាយូ​ដាចមួយ​នេះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​គ្រី​មៀ​ នៃ​ប្រទេស​រុស្ស៊ី​។​

Google Map | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ពិតច្បាប់​ដើម​នៃ​រូប​ថត​មួយ​សន្លឹកនេះ​ គឺ​ជា​ទិដ្ឋ​ភាព​ភ្នំ​អាយូ​ដាច​ (Ayu-Dag) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​គ្រីមៀ​​ (Crimea) ប្រទេស​រុស្ស៊ី​។​ រូប​ថត​​នេះ​ពុំ​បាន​បង្ហាញ​​សណ្ឋាន​ និង​រូប​រាង​ដូច​ជា​សត្វ​ខ្លា​ឃ្មុំ​នោះ​ឡើយ​។​

Avatar

Title:ភ្នំ​មាន​សណ្ឋាន​​ជា​សត្វ​ខ្លា​ឃ្មុំ​ ជា​រូប​ថតកាត់​ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.