តើ​រូបថត​អ្វី​ដែល​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ប្រគល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក?

Altered Political

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ព្រោង​ព្រាត​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​នេះ។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក ហ៊ុន សែន និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មិន អ៊ុងហ្លាំង បាន​ផ្លាស់​ប្ដូរ​រូបថត​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ រូបថត​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ប្រគល់ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក បង្ហាញ​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ស្ថិត​ក្នុង​ឯកសណ្ឋាន​យោធា។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​​ខ្មែរ​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ដោយ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅក​្នុង​ចំណោម​រូបថត​ដទៃ​ទៀត ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថត​រូប​រួម​គ្នា​ជាមួយ​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងហ្លាំង។

មេដឹកនាំ​ទាំង​ពីរ​បាន​ប្រគល់ និង​ទទួល​រូបថត​មួយ​ផ្ទាំង ដែល​បង្ហាញ​លោក ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​យោធា ហើយ​លោក មិន អ៊ុងហ្លាំង ក៏​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា​ផង​ដែរ។

រូបថត​មួយ​សន្លឹកនេះដែល​បង្ហោះ​រួម​ជាមួយ​រូបថត​ដទៃ​ទៀត ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាប​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​សរសេរ​រៀបរាប់​ថា «ក្រោយ​ជំនួប​នៅ​ភូមា ហ៊ុន សែន និង មិន អ៊ុងហ្លាំង ក្លាយ​ជា​បង​ប្អូន​បង្កើត​រួម​សុខ រួម​ទុក្ខ រួម​សាច់​រួម​ឈាម…[…]»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​តៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះដោយ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​សប្ដាហ៍​មុន។

រូបថត​ច្បាប់​ដើម បង្ហាញ​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ប្រគល់ និង​ទទួល​រូបថត​មួយ​ផ្ទាំង ដែល​រូបថត​នោះ​នោះ បង្ហាញ​លោក ហ៊ុន សែន ឈរ​ជាមួយ​លោក មិន អ៊ុងហ្លាំង។

រូបថត​មួយ​ផ្ទាំង​នោះ ត្រូវ​បាន​ប្រគល់ និង​ទទួល​​អំឡុង​ពេល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​​ទទួល​ទាន​អាហារ​រួម​គ្នា ដែល​រៀបចំ​ឡើង​ដោយ​ភាគី​ម្ចាស់​ផ្ទះ​កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ នៅ​ឯ​រដ្ឋ​ធានី​ណៃពិដោរ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៨ ខែ​មករា ជា​អ្វី​ដែល​មេដឹកនាំ​កម្ពុជា​ហៅ​ថា ដើម្បីស្វែង​រក​ដំណោះ​ស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា។

Hun Sen’s Facebook Page | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ច្បាប់​ដើម បង្ហាញ​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ប្រគល់ និង​ទទួល​ផ្ទាំង​រូបថត​មួយ​សន្លឹក​ដែល​រូបថត​របស់​ពួកគាត់​ទាំង​ពីរ​នាក់។

Avatar

Title:តើ​រូបថត​អ្វី​ដែល​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ប្រគល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *