
សព្វថ្ងៃនេះ នៅតាមបណ្តាញសង្គមនានា គឺពោរពេញទៅដោយព័ត៌មានជាច្រើន ដែលក្នុងនោះមានទាំងព័ត៌មានពិត ព័ត៌មានមិនពិត ព័ត៌មានចម្លែក ភ្ញាក់ផ្អើល និងព័ត៌មានសោកសង្រែងជាច្រើនដែលបានចែកចាយ និងផ្សព្វផ្សាយពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ក្នុងចំណោមនោះ មានព័ត៌មានមួយបានអះអាងថា បុរសម្នាក់ជាឪពុកបានយំសោក ក្រោយពីដឹងដំណឹងបាត់បង់ត្រីនាគដោយសារកូននោះ ត្រូវបានចុះផ្សព្វផ្សាយដោយភ្ជាប់រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពបុរសពីរនាក់កំពុងយំ។ ព័ត៌មាននេះ ត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថាការអះអាងភ្ជាប់ជាមួយនឹងរូបថតខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ គេហទំព័រសារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Komsan Obsok (កម្សាន្តអផ្សុក) បានចុះផ្សាយនូវអត្ថបទបង្ហាញអំពីទិដ្ឋភាពរូបថតបុរសពីរនាក់កំពុងយំ។ រូបថតនេះ ត្រូវបានភ្ជាប់ជាមួយនឹងការសរសេរថា «តើឲ្យបន្ទោសអ្នកណា? ឪពុកយំស្ទើរតែធ្លាក់ថ្លើមក្តុកក្រោយ ត្រីនាគរបស់ខ្លួនដែលខំបង្កាត់ពូជអស់រាប់ម៉ីនដុល្លា ត្រូវរលាយ១ភ្លែតដោយសារតែកូនគាត់»។
រូបភាពផ្តាមចេញពីទំព័រសារព័ត៌មានដែលភ្ជាប់រូបថតឪពុក និងកូនប្រុសយំ ជាមួយនឹងរូបថតត្រីដែលកំពុងតែត្រូវបានដាក់អាំងចម្អិន។
Komsan Obsok News Report | Archived Link
ដូចគ្នានេះផងដែរ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Sdach Reading ក៏បានចែកចាយព័ត៌មានខាងលើ ដោយភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹកនេះ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗ។
រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកដែលបានសរសេររៀបរាប់ថា «តើឲ្យបន្ទោសអ្នកណា? ឪពុកយំស្ទើរតែធ្លាក់ថ្លើមក្តុកក្រោយ ត្រីនាគរបស់ខ្លួនដែលខំបង្កាត់ពូជអស់រាប់ម៉ីនដុល្លា ត្រូវរលាយ១ភ្លែតដោយសារតែកូនគាត់បាន….!»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញនៅគេហទំព័រសារព័ត៌មានអន្តរជាតិ Daily Mail កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ដែលបានផ្សព្វផ្សាយនូវព័ត៌មានមួយ ទាក់ទងទៅនឹងការជួបជុំរវាងឪពុកម្តាយជនជាតិចិនវ័យចំណាស់ពីរនាក់ និងកូនប្រុសរបស់ខ្លួនដែលបានបាត់កាលពី៣៨ឆ្នាំមុន។ រូបថតនេះ ក៏បានបង្ហាញនូវទិដ្ឋភាពនៃការឱបគ្នា និងយំរបស់ឪពុកម្តាយផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានអន្តរជាតិ Daily Mail ដែលបានបង្ហាញរូបថតមួយសន្លឹកនៃការវិលត្រលប់របស់កូនប្រុសក្នុងក្រុមគ្រួសារមួយនៅក្នុងប្រទេសចិន។ គេហទំព័រមួយក៏បានសរសេររៀបរាប់ជាភាសាអង់គ្លេសផងថា «This is the touching moment two elderly Chinese parents are reunited with their long-lost son 38 years after he was abducted. Emotional footage shows the family breaking down in tears» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «នេះគឺជាគ្រាដ៏រំជួលចិត្តមួយ ដែលឪពុកម្តាយជនជាតិចិនវ័យចំណាស់ពីរនាក់ បានជួបជុំគ្នាជាមួយកូនប្រុស ដែលបាត់ខ្លួនអស់រយៈពេល ៣៨ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានគេចាប់ពង្រត់»។
Daily Mail News Report | Archived Link
តាមរយៈគេហទំព័រសារព័ត៌មាន The Sun ចុះផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ក៏បានបង្ហាញនូវទិដ្ឋភាពក្រុមគ្រួសារជនជាតិចិនមួយ ដែលបានជួបជុំជាមួយនឹងកូនប្រុសរបស់ខ្លួន ដោយត្រូវបានគេចាប់ពង្រត់កាលពី៣៨ឆ្នាំមុនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន The Sun សរសេររៀបរាប់ជាភាសាអង់គ្លេសថា «REUNITED AT LAST Heartwarming moment parents are reunited with their abducted son 38 YEARS after he was snatched as a toddler» ឬប្រែសម្រួលជាភាសាខ្មែរថា «ជួបជុំគ្នាចុងក្រោយគ្រាដ៏កក់ក្តៅ ដែលឪពុកម្តាយជួបជុំគ្នាជាមួយកូនប្រុស ដែលត្រូវចាប់ពង្រត់កាលពី ៣៨ឆ្នាំមុន តាំងពីគាត់នៅតូចម៉្លេះ»។
The Sun News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺធ្វើឡើងមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនបានទាក់ទងទៅនឹង ការបាត់បង់ត្រីនាគនោះអ្វីឡើយ។ ការពិតរូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពដ៏រំជួលចិត្តមួយដែលឪពុកម្តាយ ជនជាតិចិនវ័យចំណាស់ពីរនាក់ បានជួបជុំគ្នាជាមួយកូនប្រុស ដែលបាត់ខ្លួនអស់រយៈពេល ៣៩ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានគេចាប់ពង្រត់កាលពីឆ្នាំ១៩៨២។

Title:តើបុរសជាឪពុកម្នាក់នេះយំដោយសារតែការបាត់បង់ត្រីនាគរបស់ខ្លួនមែនឬ?
Fact Check By: Kakada SimResult: False
