កីឡាការិនីកម្ពុជា​​ ប៊ូ​ សំណាង​ មិន​បាន​ឈ្នះ​​មេដាយ​មាស​​ដូច​ការ​អះ​អាង​នោះ​ឡើយ​

Misleading Social

បន្ទាប់​ពី​វីដេអូ​កីឡាការិនី​កម្ពុជា ប៊ូ សំណាង តស៊ូ​រត់​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​រួច​មក ការ​អះអាង​មួយ​បាន​និយាយ​ថា កីឡាការិនី​រូប​នេះ​ បាន​ទទួល​មេដាយ​មាស​យ៉ាង​លំបាក​។​ ការ​អះអាង​នេះ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្មជា​ច្រើន​យ៉ាង​ផុស​ផុល​​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

ការ​អះ​អាង​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា អត្តពលិក​រត់​ប្រណាំង​កម្ពុជា ប៊ូ សំណាង បាន​ឈ្នះ​មេដាយ​មាស បន្ទាប់​ពី​នាង​តស៊ូ​រត់​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​ក្នុង​ការ​ប្រកួត​វិញ្ញាសារ​រត់​ចម្ងាយ ៥,០០០​ម៉ែត្រ។

ការ​អះ​អាង​ដដែល​នេះ ក៏​បាន​បង្ហោះ​នូវ​រូបថត​ ៣​សន្លឹក ដែល​បង្ហាញ​អត្តពលិក ប៊ូ សំណាង រត់​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង និង​មាន​ទឹក​មុខ​យំ នៅ​ឯ​ទីលាន​រត់​ប្រណាំង​។

ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅជាង​​ ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៩​​​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «​​ប្អូន​ស្រី​ ប៊ូ​ ​សំណាង​ ទទួល​បាន​មេដៃ​មាស​យ៉ាង​លំបាក​​ក្នុ​ងកា​ររ​ត់ប្រណាំង​ ៥,០០០​ម៉ែត្រ​ក្រោមដំណក់ភ្លៀង»​។​

Facebook Post | Archived Link

​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ​។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived), (archived), (archived)។

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​នេះ​​តាម​រយៈ​ Google Reverse Image Search និង​ព័ត៌មាន​នា​នា​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ទិដ្ឋភាព​ការ​ប្រកួត​​លើវិ​ញ្ញាសា​រត់ចម្ងាយ​ ៥,០០០ម៉ែត្រ​ នៅ​ពហុកីឡដ្ឋា​នជា​តិមរតក​តេជោ​​កាលពី​ថ្ងៃទី​០៨​ ខែ​ឧសភា ឆ្នាំ២០២៣​កន្លង​ទៅ​ ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វផ្សាយ​ដោយសារព័ត៌មាន Channel News Asia (CNA)។​

វីដេអូ​ឃ្លីប​ ខាង​ក្រោម​នេះ​ បាន​​បង្ហាញ​ទិដ្ឋភាព​កីឡាការិនី​វៀត​ណាម​ Nguyen Thi Oanh បាន​បញ្ជប់​ទី​ក្នុង​លំដាប់​លេខ​រៀង​ទី​​១​ ជាមួយ​នឹង​ថិរវេលា​សរុប​ប្រមាណ​ ១៧​នាទី​ ខណៈ​​ដែល​កីឡាការិនី​កម្ពុជា​ ប៊ូ​ សំណាង​ បាន​មក​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​​ចុង​ក្រោយ​គេបង្អស់​ស្ថិត​នៅ​​លំដាប់​លេខ​រៀង​ទី​​​១១​ ដោយ​ប្រើ​ប្រាស់​ថរិវេលា​សរុបជិត​ ២៣​នាទី​។​

CNA News Report | Archived Link

វីដេអូ​ឃ្លីប​ ខាង​ក្រោម​ ក៏​បាន​បង្ហាញ​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ការ​ប្រកួត​វិញ្ញាសា​រត់ចម្ងាយ​ ៥,០០០ម៉ែត្រ ដែល​កីឡាការិនី​កម្ពុជា​ ប៊ូ​ សំណាង​ បាន​បញ្ជប់​ទី​ ក្នុង​លំដាប់​លេខ​រៀង​ទី​​១១​ ដោយ​ម្ចាស់ជ័យ​លាភី​​មេដាយ​មាស​បាន​ទៅ​លើ​កីឡាការិនី​វៀត​ណាម​ Nguyen Thi Oanh ដែល​បាន​បញ្ជប់​ទី​ក្នុង​ថិរវេលា​ប្រមាណ​ ១៧​នាទី​។​

YouTube Link | Archived Link

ដូច​គ្នា​នេះ​ដែរ ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា កីឡាការិនី​កម្ពុជា​រូប​នេះ មិន​ជាប់​នៅ​ក្នុង​ចំណាត់​ទទួល​បាន​មេដាយ​នោះ​ឡើយ ប៉ុន្តែ លោក​បាន​ប្រកាស​ផ្ដល់​ប្រាក់ ១​ម៉ឺន​ដុល្លារ​ដើម្បី​លើក​ទឹក​ចិត្ត ​សម្រាប់​ការ​តាំង​ចិត្ត​ខ្ពស់​របស់​នាង។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ដែល​​​រៀប​រាប់​ថា​ «រឿងដែលគួរឲ្យ​ចាប់​អារម្មណ៍ គឺ​កីឡាការិនី​ ប៊ូ​ សំណាង រ​ត់​ក្រោមដំណក់ទឹកភ្លៀង​​រហូត​ដល់ទី​ប​ញ្ចប់​ ទោះបីជាខ្លួនមិនជាប់​​ចំណាត់​ថ្នា​ក់​ក៏ដោយ»។​

Facebook Link | Archived Link

បើទោះបី​ជា​មិន​ជាប់​ចំណាត់​សម្រាប់​មេដាយ​ណា​មួយ​ក្ដី កីឡាការនី ប៊ូ សំណាង ទទួល​បាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រឹង​ប្រឹង និង​ការ​តាំង​ចិត្ត​របស់​នាង​មិន​បោះ​បង់​ការរត់​ប្រណាំង​នៅ​ក្រោម​ដំណក់​ភ្លៀង​ខ្យល់។

ខាង​ក្រោម​នេះ គឺ​ជាវីដេអូ​នៃ​ការ​រត់​របស់​កីឡាការិនី​កម្ពុជា ប៊ូ សំណាង នៅ​ក្រោម​ដំណក់​ភ្លៀង បើទោះបី​ជាបញ្ចប់​ទី​ចុង​ក្រោយ​គេ​ក៏​ដោយ ហើយ​សកម្មភាព​របស់​នាង​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក Time។

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​​ ការ​អះ​អាង​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​​ ការ​ពិត​ កីឡាការិនី​កម្ពុជា​ ប៊ូ សំណាង​ មិន​បាន​ទទួល​មេដាយ​មាស​ក្នុង​វិញ្ញាសារ​​រត់​ចម្ងាយ​ ៥,០០០​ម៉ែត្រ​​នៅ​ក្នុង​ការ​ប្រកួត​​ស៊ីហ្គេម​លើក​ទី​៣២​ នៅ​កម្ពុជា​ ​ដូច​ការ​អះ​អាង​នោះ​ឡើយ ដោយ​នាង​បាន​បញ្ជប់​ទី​នៅ​លំដាប់​លេខ​រៀង​ទី​១១​​។​

Avatar

Title:កីឡាការិនីកម្ពុជា​​ ប៊ូ​ សំណាង​ មិន​បាន​ឈ្នះ​​មេដាយ​មាស​​ដូច​ការ​អះ​អាង​នោះ​ឡើយ​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *