
ខណៈដែលទីក្រុងមីឡានជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយនៅអ៊ីតាលីនោះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពព្រះវិហារមួយស្រោបទៅដោយត្បូងពេជ្រមានពន្លឺចាំងចែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថារូបថតខាងលើ គឺត្រូវបានកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា Vivann Reganបានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពព្រះវិហារមួយ ដែលមានពន្លឺចែងចាំងពីត្បូងពេជ្រ។ រូបថតនេះ ត្រូវបានគេអះអាងថា មានទីតាំងស្ថិតនៅក្នុងទីក្រុងមួយរបស់ប្រទេសអ៊ីតាលី។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «និមិត្តរូប នៃទីក្រុងមីឡានដ៏ល្បីល្បាញ នៅប្រទេសអ៊ីតាលី»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Unsplash ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលនេះ បានបង្ហាញឲ្យឃើញថា រូបថតមួយសន្លឹកខាងលើ គឺជាព្រះវិហារមួយនៅក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី និងត្រូវបានបានបញ្ចូលទៅក្នុងគេហទំព័រ កាលពីឆ្នាំ២០១៨កន្លងទៅ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ពុំបានបង្ហាញទិដ្ឋភាពព្រះវិហារស្រោបដោយត្បូងពេជ្រ និងមានពន្លឺចាំងចែងនោះឡើយ។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថតបង្ហោះខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតមួយសន្លឹកនេះ គឺជាព្រះវិហារមួយនៅក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដែលពុំបានបង្ហាញទិដ្ឋភាពអាគារត្រូវបានស្រោបដោយត្បូងពេជ្រ និងមានពន្លឺចាំងចែងនោះឡើយ។

Title:ព្រះវិហារមួយក្នុងប្រទេសអ៊ីតាលី ត្រូវបានកាត់តឱ្យស្រោបដោយត្បូងពេជ្រ
Fact Check By: Kakada SimResult: Altered
