រូប​ថត​បង្ហាញ​លោក​ ពូ​ទីន​ ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

Altered International

បន្ទាប់​ពី​​ប្រធានាធិបតី​​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ (Vladimir Putin) បាន​បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ រូប​ថត​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​សង្គ្រាម​ និង​ព័ត៌មាន​រិះ​គន់​ទៅ​លើ​លោក​ ពូ​ទីន​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ជា​ហូរ​ហែរ​។​

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ស្ថិត​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដោយ​មាន​ការ​អះ​អាង​ថា​ មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ ត្រូវ​បាន​ឃាត់​ខ្លួន​ និង​កំពុង​តែ​រង់​ចាំ​ដីកា​របស់​តុលាការ​។​ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចែក​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​សង្គម​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​នោះ​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​ចាយ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋ​ភាព​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​លោក​ ពូ​ទីន​ ស្ថិត​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​អ្នក​ជាប់​ពន្ធនាគារ​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ ដែល​មាន​ឈ្មោះ​ថា​ “Dara Sorn”។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​កំពុង​រង់​ចាំ​ដីកា​របស់​តុលាការ​។​

ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ សរសេរ​រៀប​រាប់​ថា​ «ជន​បទ​ឧក្រិដ្ឋ​សង្រ្គាម​ ពូ​ទីន​ (Putin) ដែល​ពិភពលោក​ស្វែង​រក​ ត្រូវ​បាន​ឃាត់​ខ្លួន​, ហើយ​កំពុង​រង់ចាំ​ដីកា​តុលាការ»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ IMDB។​ គេហទំព័រ​ IMDB គឺ​ជា​គេហ​ទំព័រ​បណ្ដុំ​ព័ត៌មាន​មួយ​ ទាក់​ទង​នឹង​ខ្សែ​ភាពយន្ត​ កម្មវីធី​ទូរទស្សន៍​ វីដេអូ​ហ្គេម​ និង​វីដេអូកម្សាន្ត​នានា​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Sydney Lassick, Jack Nicholson, and Will Sampson in One Flew Over the Cuckoo’s Nest (1975)»​ ឬ​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​មាន​ន័យ​ថា​ «លោក ស៊ីដនី​ ឡាសស៊ីក​ (Sydney Lassick), លោក ជេក​ នីកូសុន​ (Jack Nicholson)​ និង​លោក​​ វីល​ ស៊ាមសុន​ (Will Sampson) នៅ​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ One Flew Over the Cuckoo’s Nest »​។​

IMDB Link | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​ Alamy ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ដោយ​ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ប្រធានាធិបតី​រុស្ស៊ី​លោក​ ពូ​ទីន​ ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ស្ថិត​នៅ​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​នោះ​ឡើយ​។​

គេហ​ទំព័រ​ដដែល​ខាង​លើ​ ក៏​​បាន​បញ្ជាក់​ព័ត៌មាន​បន្ថែម​ជា​ភាសា​អង់​គ្លេស​ថា​ «Film Title: “One Flew Over the Cuckoo’s Nest” directed by Milos Forman film company united artist 19 November 1975»​ ឬ​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​មាន​ន័យ​ថា​ «ចំណង​ជើង​ភាពយន្ត​៖ One Flew Over the Cuckoo’s Nest ដឹក​នាំ​ដោយ​ក្រុមហ៊ុន​ភាពយន្ត​ Milos Forman ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៧៥​»​។​ 

Alamy Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ​។​ ការ​ពិតរូប​ថត​មួយ​សន្លឹក​នេះ​ ​ត្រូវ​បាន​កាត់​ត​ មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ច្បាប់​ដើម​នៃ​រូប​ថត​មួយ​នេះការ​ពិត​​ គឺ​ត្រូវ​បាន​យក​ចេញ​ពី​ខ្សែ​ភាព​យន្ត​មួយ​ដែល​មាន​ឈ្មោះ​ថា​ «One Flew Over the Cuckoo’s Nest» ដោយ​តួ​អង្គ​បុរស​ទាំង​បី​នោះ​ គឺ​ជា​តារា​សម្ដែង​ភាព​យន្ត​អន្តរជាតិ​ លោក ស៊ីដនី​ ឡាសស៊ីក​ (Sydney Lassick), លោក ជេក​ នីកូសុន​ (Jack Nicholson)​ និង​លោក​​ វីល​ ស៊ាមសុន​ (Will Sampson) (រាប់​ពី​ឆ្វេង​ទៅ​ស្តាំ​)។

Avatar

Title:រូប​ថត​បង្ហាញ​លោក​ ពូ​ទីន​ ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.