ហ្វេសប៊ុក​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​​បង្កើត​គណនី​ឥត​គិត​ថ្លៃ​ដដែល ខណៈមាន​ការ​កែ​ប្រែ​ខ្លះ​សម្រាប់​ប្រទេស​ពីរ

False International

បន្ទាប់​ពី​​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក​ លោក​ Mark Zuckerberg បានប្រកាស​ថា​ អ្ន​កគ្រប់គ្នាអាចបើក​សញ្ញា​ Blue Tick ដោយ​ចំណាយ​ប្រាក់​មិន​ដល់​ ១៥​ដុល្លា​រកាល​ពី​ពេល​ថ្មី​ៗ​នោះ​ នៅ​ឯ​កម្ពុជា​ឯនេះ​វិញ ការ​អះ​អាង​មួយ បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ នឹង​តម្រូវ​ឱ្យ​បង់​លុយ​ជិត ១២​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​បង្កើត​គណនី​ហ្វេសប៊ុក​មួយ​នា​ពេល​អនាគត។​ ការ​បង្ហោះ​សំណេរ​នេះ​ បាន​ទទួល​នូវ​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ​សំណេរ​ដែល​អះ​អាង​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះ​សំណេរមួយ​ ដែល​អះអាងថា នាពេលអនាគត ដើម្បីបង្កើតគណនីហ្វេសប៊ុក អ្នកប្រើប្រាស់ត្រូវបង់ប្រាក់​ប្រមាណ ១១.៩៩ដុល្លារក្នុងមួយខែ។

ការលើកឡើងខាងលើនេះ ត្រូវបានបង្ហោះឡើង ក្រោយពីមានការបង្ហោះមួយនៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg កាលពីថ្ងៃអាទិត្យកន្លងទៅ។

ការអះអាងនេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ទទួល​បាន​មតិ​យោបល់ និង​ប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនដង។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​បង្ហោះ​សំណេរ​រៀបរាប់​ថា «អនាគត​ឆាប់​ខាង​មុខ​នេះ​ចង់​បង្កើត​គណនី​ហ្វេសប៊ុក​ត្រូវ​បង់​លុយ​១១,៩៩​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​គណនី​១»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​ការ​ប្រកាស​ព័ត៌មាន​របស់​លោក​ Mark Zuckerberg ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ស្ថាប័ន​បណ្ដាញ​សង្គម​ Facebook លោក Mark Zuckerberg ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន META (ជា​ក្រុមហ៊ុន​មេ​របស់​ Facebook) បាន​​បង្ហោះ​ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ដែល​និយាយ​អំពី​ការ​វិវត្តន៍​ថ្មី​បន្ថែម​ទៀត​របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

បើ​តាម​ខ្លឹមសារ​ដែល​លោក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​លោក ស្ថាបនិក​បណ្ដាញ​សង្គម​រូប​នេះ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ការ​ទិញ​សញ្ញា​គូស​ពណ៌​ខៀវ (Blue Tick) ឬ​ហៅ​ថា សញ្ញា​ផ្ទៀង​ផ្ទាត់​ភាព​ត្រឹម​ត្រូវ (Meta Verified) សម្រាប់​គណនី​ហ្វេសប៊ុក។

លោក Zuckerberg បាន​បញ្ចាក់​ទៀត​ថា កម្មវិធី​ថ្មី​នេះ​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ណូវែលហ្សឺឡង់ ដោយ​ការ​ទិញ​សេវាកម្ម​នេះ​មាន​តម្លៃ ១១.៩៩​ដុល្លារ​សម្រាប់​គេហទំព័រ​មួយ និង​តម្លៃ ១៤.៩៩​ដុល្លារ​សម្រាប់​ប្រព័ន្ធ iOS។

បើ​តាម​ស្ថាបនិក​បណ្ដាញ​សង្គម​ហ្វេសប៊ុក សេវាកម្ម​ទិញ​សញ្ញា​​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​ផ្លូវការ​នេះ គឺ​សម្រាប់​តែ​អ្នក​ស្នើ​សុំ​បញ្ជាក់​ភាព​ត្រឹម​ត្រូវនូវ​អត្តសញ្ញាណ​គណនី​ហ្វេសប៊ុក ឬ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក Zuckerberg មិន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​យក​កម្រៃ​សេវា​ពី​ការ​បង្កើត​គណនី​ហ្វេសប៊ុក​មួយ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​ជាភាសា​អង់គ្លេស​របស់​លោក Mark Zuckerberg ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដូច​នេះ «អរុណ​សួស្ដី និង​សេចក្តី​ប្រកាស​ផលិតផលសេវាកម្ម​ថ្មី​៖ ​នៅ​សប្តាហ៍​នេះ​ យើង​នឹង​ចាប់ផ្តើ​មដា​ក់ឱ្យ​ប្រើប្រាស់​ Meta Verified ជា​សេវាកម្ម​ដែល​អនុញ្ញាត​ឱ្យ​លោក​អ្នក​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​នៃ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ដោយ​ដាក់​អត្ត​សញ្ញាណប័ណ្ណ​ផ្ទាល់​ខ្លួន ដើម្បី​ទទួល​បាន​សញ្ញា​គូស​ពណ៌​ខៀវ និង​ទទួល​បាន​ការ​ការពារ​បន្ថែម​ប្រឆាំង​នឹង​ការ​អះ​អាង​ណា​មួយ​ទៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នក ហើយ​ក៏​បើក​ផ្លូវ​ឱ្យ​អ្នក​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អតិថិជន​ផង​ដែរ។ ​មុខងារថ្មីនេះ​ មាន​តម្លៃ​ចាប់ពី​ ១១.៩៩ដុ​ល្លា​រក្នុ​ងមួយ​ខែសម្រា​ប់គេហទំព័រ​ និង​តម្លៃ​ ១៤.៩៩ដុល្លារ​ សម្រាប់ប្រព័ន្ធ​ iOS។ យើងនឹ​ងដាក់ឱ្យ​ដំណើរកា​រនៅ​ក្នុ​ងប្រទេសអូស្ត្រាលី​ និង​នូវែលសេឡង់​ក្នុងសប្តាហ៍​នេះ​ និង​ប្រទេស​ជាច្រើន​ទៀត​ក្នុ​ងពេលឆា​ប់​ៗ»។

Facebook Post | Archived Link

ការ​បើក​​ឱ្យ​មាន​ការ​ស្នើ​សុំ​សញ្ញា​គ្រីស​ខៀវ​ (Meta Verified) នៅ​លើ​គណនី​របស់​អ្នក​ប្រើប្រាស់​នេះ​ ក៏​ត្រូវ​បាន​ចុះ​បង្ហោះ​នៅ​លើ​គេហទំព័រ​ CNBC ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​។

ការ​បើក​ដំណើរការ​សេវាកម្ម​ ឬ​មុខងារ​ថ្មី​របស់​ក្រុមហ៊ុន META​ នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ពី​សំណាក់​បណ្ដាញ​សារព័ត៌មាន​នានា​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ CNBC ដែល​ពុំ​បាន​បញ្ជាក់​សោះ​ឡើយ​ថា ការ​បង្កើត​គណនី​ហ្វេសប៊ុក​ នឹង​ត្រូវ​ចំណាយ​លុយ​នោះ។

CNBC Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ​ស្ថាបនិក​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​ នឹង​ដាក់​ឱ្យ​ដំណើរការ​មុខ​ងារ​ទិញ​​សញ្ញា​គូស​ពណ៌​ខៀវ (Meta Verified) ដែល​បញ្ជាក់​អត្ត​សញ្ញាណ​ផ្លូវ​ការ​របស់​​គណនី​ ឬ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​ប្រើប្រាស់​​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ នៅ​ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដោយមានតម្លៃចាប់ពី ១១.៩៩ដុល្លារក្នុងមួយខែសម្រាប់គេហទំព័រ និងតម្លៃ ១៤.៩៩ដុល្លារ សម្រាប់ប្រព័ន្ធ iOS។ គ្មាន​ការ​ប្រកាស​ជាផ្លូវការណា​មួយ​បញ្ជាក់​ថា ការ​បង្កើត​គណនី​ហ្វេសប៊ុក​មួយ​ នឹង​ត្រូវ​ចំណាយ​លុយ​នោះ​ឡើយ​នា​ពេល​អនាគត​នោះ។

Avatar

Title:ហ្វេសប៊ុក​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​​បង្កើត​គណនី​ឥត​គិត​ថ្លៃ​ដដែល ខណៈមាន​ការ​កែ​ប្រែ​ខ្លះ​សម្រាប់​ប្រទេស​ពីរ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *