
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នឹងមិនជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីស្រាអែលនោះ មានការជជែកវែកញែកច្រើននៅលើបណ្ដាញសង្គមជុំវិញបញ្ហានេះ។ ក្នុងនោះមានការបង្ហោះព័ត៌មានថា មាននិស្សិតខ្មែរ ២នាក់ទៀត បានស្លាប់នៅក្នុងការវាយប្រហារថ្មីរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីន។ ព័ត៌មាននេះ ត្រូវបានចែករំលែកយ៉ាងផុសផុលលើបណ្ដាញសង្គមរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា ព័ត៌មាននេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ផុសផុលមួយនៅបណ្ដាញសង្គមកាលពីថ្ងៃអង្គារកន្លងមកនេះ បានលើកឡើងថា ពលរដ្ឋខ្មែរ ២នាក់ទៀត បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនាពេលថ្មីៗនេះនៃសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ការអះអាងនេះ ត្រូវបានចែកចាយបន្តយ៉ាងច្រើន ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន បានបញ្ចេញមតិយោបល់របស់ពួកគេតបនឹងការអះអាងនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលសរសេររៀបរាប់ថា «RIPសម្រាប់និស្សិតខ្មែរនៅប៉ាឡេស្ទីនឥឡូវស្លាប់២នាក់ទៀតហើយដោយសារតែសម្ដេចឱ្យនៅរួមសុខទុក្ខជាមួយគ្នា!»។

ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយ ដែលនាំឱ្យមានការចែករំលែកបន្តរហូតទៅដល់រាប់រយដង និងការបញ្ចេញមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។

អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូបទៀតដែលមានមូលដ្ឋាននៅឯក្រៅប្រទេស បានបង្ហោះព័ត៌មានដូចគ្នានេះ ហើយទទួលបានការចែករំលែកបន្តជាច្រើន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃអង្គារកន្លងមកនេះដែលសរសេររៀបរាប់ថា «សូមចូលរួមមរណទុក្ខ នស្សិតខ្មែរនៅអ៊ីស្រាអែលស្លាប់ពីរនាក់បន្តទៀតហើយ»។

ព័ត៌មាននេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់យកទៅផ្សព្វផ្សាយបន្តនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់មួយរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ដោយនិយាយថា និស្សិតខ្មែរពីរនាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររវាងអ៊ីស្រាអ៊ែល និងពួកហាម៉ាស(Hamas)នាពេលថ្មីៗនេះ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងក្នុងនោះអ្នកប្រើប្រាស់បណ្ដាញសង្គមបានលើកឡើងនូវព័ត៌មាននេះនៅនាទីដំបូងនៃការផ្សាយបន្តផ្ទាល់របស់ខ្លួន។
លោកអ្នកអាចមើលការអះអាងដដែលនេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យទៅលើការអះអាងនេះតាមរយៈការស្នើសុំការបញ្ជាក់ពីភាគីដែលបង្ហោះព័ត៌មាននេះ ភាគីរាជរដ្ឋាភិបាលកម្ពុជា និស្សិតកម្ពុជាកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល និងការពិនិត្យមើលលើសេចក្ដីរាយការណ៍របស់សារព័ត៌មានអន្តរជាតិ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
Fact Crescendo Cambodia បានរកឃើញថា ព័ត៌មានដែលនិយាយថា មាននិស្សិតកម្ពុជា ២នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែលនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដំបូងគេដោយគណនីហ្វេសប៊ុកឈ្មោះ Vann Chendavy ហើយយើងក៏រកឃើញលេខទូរស័ព្ទផងដែរ។
Fact Crescendo Cambodia បានផ្ញើសំណួរទៅកាន់លេខតេឡេក្រាម និងបណ្ដាញសង្គម WhatsApp របស់អ្នកបង្ហោះព័ត៌មាននោះដែរ ប៉ុន្តែ ពុំទទួលបានការឆ្លើយតបនោះឡើយ។
ប៉ុន្តែ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានច្រានចោលនូវព័ត៌មាននេះ ដោយចាត់ទុកជាព័ត៌មាន«ក្លែងក្លាយ»។ លោក ប៉ែន បូណា បានបញ្ជាក់បែបនេះបន្ទាប់ពី Fact Crescendo Cambodia បានសាកសួរលោកតាមបណ្ដាញ WhatsApp កាលពីថ្ងៃម្សិលមិញនេះ។
លោក បូណា បានបញ្ជាក់ទៀតថា និស្សិតកម្ពុជាជាអ ៤៥០នាក់ ដែលកំពុងសិក្សា និងហ្វឹកហាត់ការងារនៅក្នុងប្រទេសអ៊ីស្រាអែលនោះ មានសុវត្ថិភាពដូចធម្មតា និងស្ថិតក្រោមការការពារសុវត្ថិភាពពីអាជ្ញាធរអ៊ីស្រាអែល និងការតាមដានដោយក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា។
អ្វីដែលលោក បូណា បញ្ជាក់មកកាន់ Fact Crescendo Cambodia ត្រូវបានបង្ហោះបង្ហាញសាធារណជនរួចហើយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា Cambodia Government Spokesperson Unit កាលពី ២ថ្ងៃមុន។
ដើម្បីបញ្ជាក់បន្ថែមទៀត Fact Crescendo Cambodia ក៏បានស្វែងរកព័ត៌មានពីប្រភពនិស្សិតកម្ពុជាដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល។
យុវជន គួន បូរី អាយុ ២២ឆ្នាំ ដែលជានិស្សិតវិទ្យាសាស្ត្រកសិកម្ម និងកំពុងធ្វើកម្មសិក្សាខាងផ្នែកដំណាំបន្លែនៅក្នុងប្រទេសអ៊ីស្រាអែល បានបញ្ជាក់ថា លោកពុំទទួលបានព័ត៌មានជាក់លាក់ណាមួយពីក្នុងចំណោមក្រុមនិស្សិតកម្ពុជានៅក្នុងប្រទេសអ៊ីស្រាអែលនោះឡើយ។
លោក បូរី អះអាងថា ព័ត៌មានដែលនិយាយថា និស្សិតកម្ពុជា ២នាក់ទៀតបានស្លាប់នៅក្នុងការវាយប្រហារគ្នានៅអ៊ីស្រាអែលនោះ មិនមែនជា«ការពិត»នោះឡើយ ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលតែងតែបង្ហាញតួលេខ និងអត្តសញ្ញាណអ្នកស្លាប់នៅក្នុងសង្គ្រាមថ្មីៗនេះ។
ខាងក្រោមនេះ គឺជាព័ត៌មានដែលផ្ដល់ដោយ គួន បូរី នៅក្នុងកិច្ចសម្ភាសមួយជាមួយ Fact Crescendo Cambodia កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា និស្សិតខ្មែរម្នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនទៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ សូមមើលព័ត៌មានលម្អិតនៅទីនេះ។
ការស្លាប់របស់និស្សិតកម្ពុជា និងពលរដ្ឋបរទេសដទៃទៀតនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានចុះផ្សាយដោយសារសារព័ត៌មានអាមេរិក Washington Post ផងដែរ។ សូមមើលព័ត៌មាននៅទីនេះ។
ទោះជាយ៉ាងណា បន្ទាប់ពីមានការអះអាងថា មាននិស្សិតកម្ពុជា ២នាក់ទៀតបានស្លាប់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីននោះ Fact Crescendo Cambodia បានស្វែងរកព័ត៌មាននេះតាមរយៈសារព័ត៌មានជាតិ និងសារព័ត៌មានអន្តរជាតិផងដែរ ប៉ុន្តែ មិនមានសេចក្ដីរាយការណ៍បែបនេះ ត្រូវបានរកឃើញនោះឡើយ។
ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំងហាម៉ាស់នៅតំបន់កាហ្សា បានផ្ទុះឡើងកាលពីចុងសប្ដាហ៍ទី១នៃខែតុលានេះ បន្ទាប់ពីក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបាញគ្រាប់រ៉ុកកែតរាប់ពាន់ចូលទៅលើទឹកដីអ៊ីស្រាអែល ដែលបណ្ដាលឱ្យស្លាប់មនុស្សរាប់រយនាក់ ក្នុងនោះមានទាំងនិស្សិតខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម ផងដែរ។
បន្ទាប់ពីមក មានការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ដោយជំរុញរាជរដ្ឋាភិបាលកម្ពុជាឱ្យរកមធ្យោបាយជម្លៀសពលរដ្ឋរបស់ខ្លួនទាំងអស់ចេញពីប្រទេសអ៊ីស្រាអែល។
ទោះជាយ៉ាងណា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងជាមេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានបញ្ជាក់ថា កម្ពុជានឹងមិនបញ្ជូនយន្តហោះទៅដឹកពលរដ្ឋខ្លួននៅអ៊ីស្រាអែលទេ ដោយប្រាប់ឱ្យពលរដ្ឋខ្មែរទាំងនោះកុំរត់ចោលប្រទេសអ៊ីស្រាអែល ហើយផ្ទុយទៅវិញលោកបានប្រាប់ទៅនិស្សិតកម្ពុជានៅអ៊ីស្រាអែល ឱ្យធ្វើតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ សូមអានខ្លឹមសារលម្អិតនៅទីនេះ។
[From 23:00 to 27:30]
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ គ្មានប្រភពណាមួយបញ្ជាក់ថា មាននិស្សិតកម្ពុជា ២នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីននាពេលថ្មីៗនេះឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងនិស្សិតកម្ពុជាកំពុងរស់នៅអ៊ីស្រាអែល សុទ្ធតែបញ្ជាក់ថា ការអះអាងនេះ ជាព័ត៌មានក្លែងក្លាយ។

Title: ការអះអាងថា និស្សិតខ្មែរពីរនាក់ទៀតស្លាប់នៅអ៊ីស្រាអែលជាព័ត៌មានមិនពិត
Written By: Jay UdomResult: False
