គ្រូ​ពេទ្យ​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ឆ្លង​កូវីដ​១៩​ក្រោយ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ

គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​កើត​ឡើង​លើ​មនុស្ស​សរុប​ដល់​ទៅ ១,៨៥១​នាក់​ហើយ នៅ​ក្នុង​ចំណោម​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​សរុប ២,៣៧៧​ករណី​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទីតាំង ភូមិ​ស្រុក និង​ខេត្ត​ជាច្រើន​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ សារ​ជា​សំឡេង​មួយ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​ ដូចជា កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេសប៊ុក (Messenger) និង​តេឡាក្រាម (Telegram) ដោយ​និយាយ​ថា ការ​ឆ្លង​មេរោគ​កូវីដ​១៩​នេះ ត្រូវ​បាន​រក​ឃើញ​ផ្ទុះ​ឡើង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ដែល​ជា​មន្ទីរ​ពេទ្យ​ធំ​របស់​កម្ពុជា ហើយ​សារ​ជា​សំឡេង​នោះ បាន​ជំរុញ​ទៅ​ប្រជាជន​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ពាក់​ព័ន្ធ​នឹង​មន្ទីរ​ពេទ្យ​មួយ​នេះ។ ទោះជាយ៉ាងណា វា​ត្រូវ​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ ហើយ​នាំ​ឱ្យ​មា​នការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ សារ​ជា​សំឡេង​មួយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​លើ​ប្រព័ន្ធ​ផ្ញើ​សារ​មែសសេងជ័រ (Messenger)​របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​សារ​ជា​សំឡេង​នោះ​រៀបរាប់​ថា ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ហើយ និង​បាន​រក​ឃើញ​ឆ្លង​ទៅ​លើ​គ្រូ​ពេទ្យ​ម្នាក់​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ បន្ទាប់​ពី​គាត់​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។ សំឡេង​ដើម​ទាំង​ស្រុង​នៃ​សារ​នោះ រៀបរាប់​ថា​ «ហ្នឹង​ហើយ ឥឡូវ​សូម​ជម្រាប​បង​ប្អូន​យើង​​អ្នក​នៅ​តាម​មូលដ្ឋាន​ហ្នឹង​ឱ្យ​ដឹង​ថា នៅ​កាល់​ម៉ែត្រ អ្នក​ធ្វើការ​នៅ​កាល់ម៉ែត្រ​ហ្នឹង គឺ​ផ្ទុះ​កូវីដ​ហើយ។ អ៊ីចឹង នៅ​តំបន់​កាល់ម៉ែត្រ​ក៏​ដូចជា​មាន​បង​ប្អូន​ធ្វើ​ការ​នៅ​កាល់ម៉ែត្រ​​កុំ​ឱ្យ​ចូល​មក​ពាក់​ព័ន្ធ ឱ្យ​ធ្វើ​ចត្តាឡីស័ក​ទៅ។ ឥឡូវ តាម​អ្នក​ដឹកនាំ​ហ្នឹង​ កំពុង​ឱ្យ​តាម​រក​អ្នក​ធ្វើការ​នៅ​កាល់ម៉ែត្រ​ក៏ដូចជា​អ្នក​ព្យាបាល​ជំងឺ​នៅ​កាល់ម៉ែត្រ​ទាំង​អស់ គឺ​យក​មក​ធ្វើ​ចត្តាឡីស័ក ព្រោះ​នៅ​កាល់ម៉ែត្រ​ហ្នឹង​ផ្ទុះ​កើត​កូវីដ​ហើយ ពេទ្យ​នៅ​ក្នុង​ហ្នឹង។ […]

Continue Reading