តើ​បេក្ខជនបក្ស​ភ្លើងទៀន​ជាប់​ឆ្នោត​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះ​ធាតុ​មែន​ឬទេ?

False Political

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​បាន​បញ្ចប់​ទៅ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា បេក្ខនារី​គណបក្ស​ភ្លើង​ទៀន អ្នក​នាង សុខ ស្រីនួន បាន​ជាប់​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះធាតុ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញមតិ​អបអរ​សាទរ​ឆ្លើយ​តប​នឹង​ការ​អះ​អាង​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ ​ជា​ដំណឹង​ក្លែង​ក្លាយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​បាន​បញ្ចប់​ទៅ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ ​និយាយ​ថា បេក្ខនារី​មួយ​រូប​របស់​គណបក្ស​ភ្លើងទៀន បាន​ក្លាយ​ជា​មេ​ឃុំ​ថ្មី​នៃ​ឃុំ​ព្រះធាតុ ស្ថិត​ក្នុង​​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឃុំ​ព្រះធាតុ។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុ​កជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​អបអរ​សាទរ​ផង​ដែរ​ចំពោះ​ព័ត៌មាន​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​សរសេរ​រៀបរាប់​ថា «ប្រធាន​ឃុំ​ព្រះធាតុ» និង​​សំណេរ​«សូម​សរសើរ​ប្អូន​ស្រី​ក្លាយ​ជា​មេឃុំ​ស្រុក​អូររាំងឪ​(ខេត្ត​ត្បូងឃ្មុំ)។ មាន​ទីតាំង​វាយ​សត្រូវ​ល្អ​ណាស់​ហោង»។

Facebook Post | Archived Link

ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​មួយ​ទៀត​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ដែល​សរសេរ​រៀបរាប់​ថា «មេ​ឃុំ​ភ្លើងទៀន ២០២២​ប្រចាំ​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ជូនពរ​ក្មួយ​សម្រេច​ជោគជ័យ​រាល់​កិច្ចការ​បម្រើ​ជាតិ»។

Facebook Post | Archived Link

ការ​អះ​អាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដទៃ​ទៀត​ផង​ដែរ ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ (, , , , , , , )។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នៅ​ឃុំ​ព្រះធាតុ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) និង​កិច្ច​សម្ភាស​បន្ថែម​ជាមួយ​អ្នក​នាង សុខ ស្រីនួន បេក្ខនារី​ឈរ​ឈ្មោះ​ជា​តំណាង​គណ​បក្ស​ភ្លើង​ទៀន​នៅ​ឃុំ​ព្រះ​ធាតុ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់​​ គ.ជ.ប.។ ដោយ​បាន​​ពិនិត្យ​មើល​លទ្ធផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​​នៅ​ឆ្នាំ​នេះ យើង​បាន​រក​ឃើញ​ថា គណបក្ស​ភ្លើង​ទៀន ទទួល​បាន​សន្លឹក​ឆ្នោត​​គាំ​ទ្រ ១,១៨២​សំឡេង​នៅ​ឯ​ឃុំ​ព្រះ​ធាតុ ស្ថិត​ក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​រហូត​ដល់ ៤,៦០៨​សំឡេង។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ បង្ហាញ​​ថា គណបក្ស​​ប្រជាជន​កម្ពុជា ឈ្នះ​បាន​តំណែង​មេ​ឃុំ​នៅ​ឃុំ​ព្រះ​ធាតុ ខណៈ​ដែល​គណបក្ស​ភ្លើង​ទៀន ទទួល​បាន​អាសនៈ​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​មួយ​នេះ។

NEC | Archived Link

បើ​តាម​បញ្ជី​ឈ្មោះបេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​នេះដែល​ផ្សព្វផ្សាយ​ដោយ គ.ជ.ប. យើង​រក​ឃើញ​ថា អ្នក​នាង សុខ ស្រីនួន ត្រូវ​បាន​គណបក្ស​ភ្លើងទៀន​ជ្រើស​រើស​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​លេខ​រៀង​ទី​១​ នៅ​ក្នុង​ចំណោម​បេក្ខជន​សរុប ២២​រូប ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ឃុំ​ព្រះធាតុ។

នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​​ Fact Crescendo Cambodia ៣​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត អ្នក​នាង សុខ ស្រីនួន អាយុ ៣៥​ឆ្នាំ បាន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ឃុំ​ព្រះ​ធាតុ ហើយ​ថា គណបក្ស​ភ្លើងទៀន អាច​ទទួល​បាន​ត្រឹម ២​អាសនៈ​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​ព្រះធាតុ។

អ្នកនាង ស្រីនួន បញ្ជាក់​បន្ថែម​ថា អ្នក​នាង​អាច​ទទួល​បាន​ត្រឹម​តែ​ជំនប់​ទី​២ ​នៃ​ក្រុម​ប្រឹក្សា​ឃុំ​ព្រះធាតុ​ប៉ុណ្ណោះ ខណៈ​តំណែង​មេឃុំ និង​ជំទប់​ទី​១ បាន​ទៅ​បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​នាង ស្រីនួន ក៏​បាន​ច្រាន​ចោល​ផង​ដែរ​នូវ​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដែល​ផ្សព្វផ្សាយ​ថា អ្នក​នាង​នឹង​ក្លាយ​ជា​មេឃុំ​ថ្មី​ប្រចាំ​នៅ​ឃុំ​ព្រះធាតុ ហើយ​អ្នក​នាង​ក៏​បាន​ចង្អុល​បង្ហាញ​ទៅ​សំណេរ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ផង​ដែរ។

សំណេរ​មួយ​​បង្ហោះ​​នៅ​លើ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​ដាក់​ឈ្មោះ​ថា Bopha Meanrith នៅ​យប់​ថ្ងៃ​អាទិត្យ​​កន្លង​មក​នេះ អ្នក​នាង ​ស្រីនួន បាន​ប្រាប់​ទៅ​ដល់​អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​ថា គណបក្ស​មួយ​នេះ​ទទួល​បាន​សំឡេង​គាំ​ទ្រ​ត្រឹម​តែ ១,១៨២​សំឡេង​តែ​ប៉ុណ្ណោះ ឬ​ទទួល​បាន ២​អាសនៈ ដែល​អាច​ឱ្យ​អ្នក​នាង​បាន​ជាប់​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​ព្រះ​ធាតុ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​មួយ​របស់​អ្នកនាង ស្រីនួន បង្ហោះ​នៅ​លើ​គណនីហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​ម៉ោង​ខ្ទង់ ១០​កន្លះ​យប់​ថ្ងៃ​ទី០៥ ខែ​មិថុនា ឆ្នាំ​២០២២។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ អ្នកនាង សុខ ស្រីនួន បេក្ខភាព​មេ​ឃុំ​ព្រះ​ធាតុ​របស់​គណបក្ស​ភ្លើងទៀន មិន​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ថ្មី​នោះ​ឡើយ ប៉ុន្តែ បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​ព្រះ​ធាតុ​សម្រាប​់អាណត្តិ​ថ្មី​នេះ បន្ទាប់​ពី​គណបក្ស​មួយ​នេះ ទទួល​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​តិច​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ តំណែង​មេ​ឃុំ​ព្រះ​អាធាតុ​សម្រាប់​អាណត្តិ​ថ្មី បាន​ទៅ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

Avatar

Title:តើ​បេក្ខជនបក្ស​ភ្លើងទៀន​ជាប់​ឆ្នោត​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះ​ធាតុ​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.