ហេតុអ្វី​បាន​ជា​គ្មាន​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​លើ​សន្លឹក​ឆ្នោត​នៅ​សង្កាត់​ផ្សារ​ដើមគ?

Misleading Political

ភ្លាមៗ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​បាន​បញ្ចប់​ទៅ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សន្លឹក​ឆ្នោត​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់​នៅ​លើ​សន្លឹក​ឆ្នោត​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​នឹង​សំណេរ​ចោទ​សួរ​ថា តើ​ឱ្យ​អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​គូស​នៅ​ត្រង់​ណា បើ​គ្មាន​ឈ្មោះ​គណបក្ស​នេះ​នៅ​លើ​សន្លឹក​ឆ្នោត​ផង​នោះ។ រូបថត និង​សំណេរ​បែប​នេះ ហាក់​សំដៅ​ថា ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​គេ​បោះ​ពុម្ព​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ឡើយ ដោយ​មាន​ចេតនា​ទុក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​តែ​ម្ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត និង​សំណេរ​បែប​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ខ្មែរ សុវណ្ណភូមិ បាន​បង្ហោះ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដែល​មាន​តែ​ឈ្មោះ និង​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់ នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមគរ ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ។

គណនី​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀបរាប់​ថា «ថោក! អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​បោះ​ចំ​ត្រង់​ណា បើដាក់​ប្រឡោះ​តែ​មួយ»។ សំណេរ​នេះ ហាក់​មាន​ន័យថា ឈ្មោះ​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​បោះ​ពុម្ព​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ឡើយ ដែល​នាំ​ឱ្យ​គ្មាន​កន្លែង​សម្រាប់​អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​ជ្រើស​រើស​នោះ​ឡើយ។

រូបថត និង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ទៅ​នឹង​ការ​អះ​អាង​បែប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក ខ្មែរ សុវណ្ណភូមិ ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា «ថោក! អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​បោះ​ចំ​ត្រង់​ណា បើ​ដាក់​ប្រឡោះ​តែ​មួយ»។

Facebook Post | Archived Link

​រូបថត និង​ការ​អះ​អាង​បែប​នេះ បាន​ជំរុញ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន យល់​ច្រឡំ ហើយ​បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​លើ​រូបថត និង​សំណេរ​បែប​នេះ។

Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ជាមួយ​សំណេរ​ក្នុង​ន័យ​ថា គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​បំបាត់​ពី​សន្លឹក​ឆ្នោត ដែល​នាំ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ គ្មាន​ជម្រើស​សម្រាប់​គូស​នោះ​ឡើយ។ រូបថត​នេះ​អាច​រក​មើល​បាន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន និង​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ Fact Crescendo Cambodia កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែ​មិថុនា លោក ថាច់ សេដ្ឋា អនុ​ប្រធាន​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើងទៀន បាន​ទទួល​ស្គាល់​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​គ្មាន​ឈ្មោះ​នៅ​លើ​សន្លឹកឆ្នោត​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​សង្កាត់​ផ្សារ​ដើមគ​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បញ្ជាក់​ថា បញ្ជី​បេក្ខជន​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​លុប​ចោល​ទៅ​វិញ បន្ទាប់​ពី​គ.ជ.ប. រក​ឃើញ​បេក្ខជន ២​រូប​របស់​គណបក្ស​នេះ មិន​ចេះ​អាន និង​សរសេរ​អក្សរ។

លោក ថាច់ សេដ្ឋា បាន​ឱ្យ​ដឹង​ថា​ បញ្ជី​បេក្ខជន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ចំនួន ១០​សង្កាត់​នៅ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​គ.ជ.ប. លុប​ចេញ​ពី​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​នេះ។

សូម​ស្ដាប់​ការ​បក​ស្រាយ​របស់​​លោក ថាច់ សេដ្ឋា អនុ​ប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន ​ឆ្លើយ​តប​ទៅ​នឹង​អវត្តមាន​គណបក្ស​របស់​លោក​ចូល​រួម​ប្រកួត​ប្រជែង​នៅ​សង្កាត់​ផ្សារដើមគ។

Fact Crescendo Cambodia ក៏​បាន​ស្នើ​សុំ​ការ​បក​ស្រាយ​ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ (គ.ជ.ប.)​ផង​ដែរ។ មន្ត្រី​​នាំ​ពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា បាន​ឱ្យ​ដឹង​ថា មាន​តែគណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាក់​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​នៅ​សង្កាត់​ផ្សារ​ដើមគ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឱ្យ​ដឹង​ថា គ.ជ.ប. បាន​​សម្រេច​លុប​ចោល​បញ្ជី​ឈ្មោះ​របស់​បេក្ខជន​គណបក្ស​ភ្លើងទៀន បន្ទាប់​ពី​រក​ឃើញ​បេក្ខជន​មួយ​ចំនួន​របស់​គណបក្ស​នេះ មិន​ចេះ​សរសេរ និង​អាន​​អក្សរ​នោះ​ឡើយ ហើយ​បេក្ខជន​មួយ​ចំនួន​ទៀត មិន​បាន​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​របស់​គ.ជ.ប.។

បើ​តាម​លោក ហង្ស ពុទ្ធា គ.ជ.ប. បាន​សម្រេច​លុប​ឈ្មោះ​បេក្ខជន​​គណបក្ស​ភ្លើងទៀនសរុប ៨៦​រូប​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​គ​.ជ.ប. បាន​រក​ឃើញ​ថា បេក្ខជន​ទាំង​នោះ មិន​បាន​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​របស់​គ.ជ.ប.​សម្រាប់​ចូលរួម​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​នេះ។

អ្នកនាំ​ពាក្យ គ.ជ.ប. រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា គ.ជ.ប. បាន​សម្រេច​លុប​ចោល​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើង​ទៀន​ចំនួន ១១​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស គណបក្ស​ឆន្ទៈ​ខ្មែរ ១​ឃុំ​សង្កាត់ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ១​ឃុំ​សង្កាត់​ផង​ដែរ។

សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ លោក ហង្ស ពុទ្ធា បាន​ឱ្យ​ដឹង​បន្ថែម​ថា គណបក្ស​ភ្លើង​ទៀន បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​បាន​ត្រឹម ១,៦២៣​ឃុំ​សង្កាត់​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប ១,៦៥២​នៅ​ទូទាំង​ប្រទេស។

សូម​ស្ដាប់​ការ​បក​ស្រាយ​របស់​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​​គ.ជ.ប. ដែល​បាន​ផ្ដល់​សម្ភាស​ជាមួយ Fact Crescendo Cambodia នៅ​ថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ​២០២២ ឬ​មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​បង្ហោះ​រូបថត និង​សំណេរ​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​សង្កាត់​ផ្សារ​ដើមគ​នៅ​ឆ្នាំ​២០២២​នេះ ត្រឹម​ត្រូវ​ទាំង​ស្រុង ដោយ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​នៅ​លើ​សន្លឹក​ឆ្នោត ប៉ុន្តែ គ្មាន​គណបក្ស​ភ្លើង​ទៀន​នោះ​ឡើយ ដោយសារ​តែ​គ.ជ.ប. បាន​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​មួយ​នេះ​ដក​សិទ្ធិ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត។

Avatar

Title:ហេតុអ្វី​បាន​ជា​គ្មាន​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​លើ​សន្លឹក​ឆ្នោត​នៅ​សង្កាត់​ផ្សារ​ដើមគ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.