វីដេអូ​ចាស់​មួយ​ត្រូវ​បានគេ​ផ្សាយ​​ថា ជា​យន្តហោះ​ចម្បាំង​​ឥណ្ឌា​ដែល​ប៉ាគីស្ថាន​បាញ់​ទម្លាក់

False International

បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​យន្តហោះ​មួយ​គ្រឿង​ផ្ទុះ​ឆេះ​នៅ​លើ​ដី​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​យន្តហោះ​ចម្បាំង​ឥណ្ឌា ដែល​ត្រូវ​ប៉ាគីស្ថាន​បាញ់​ទម្លាក់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវនោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​យន្តហោះ​មួយ​ធ្លាក់​ផ្ទុះ​ឆេះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយការអះអាង​ថា វា​ជា​យន្តហោះ​កង​ទ័ព​អាកាស​ឥណ្ឌា ដែល​ត្រូវ​បាន​កង​ទ័ព​ប៉ាគីស្ថាន​បាញ់​ទម្លាក់់​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​តាម​ផ្លូវអាកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​រហូត​ដល់​ទៅ​ជាង ១០០​ដង​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់់​បណ្ដាញ​សង្គម​កម្ពុជា ដែល​ជឿ​ទៅ​តាម​ការ​អះអាង​ដូច្នេះ។

ខាង​ក្រោម​នេះ គឺ​ជាវីដេអូ​ផ្ដាម​ចេញ​ពី​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “នេះ​ជា​ការ​ពិត​ដែល​យើង​ត្រូវ​ទទួល​ស្គាល់​ថា ប្រទេស​ឥណ្ឌា​ពិត​ជា​នៅ​ខ្សោយ​ខាង​ផ្នែក​បច្ចេកទេស និង​យុទ្ធសាស្ត្រ​ប្រើ​ប្រាស់​ទ័ព​អាកាស​នៅ​ឡើយ​ទេ ព្រោះ​ត្រូវ​គេ​បាញ់​យន្តហោះ​ធ្លាក់​អស់ ៥​គ្រឿង​ត្រឹម​រយៈ​ពេល​មួយ​ថ្ងៃ។ ហើយ​នេះ​ជា​យន្ត​យន្តហោះ​ទ័ព​អាកាស​ឥណ្ឌា​ដែល​ត្រូវ​ប៉ាគីស្ថាន​បាញ់​ធ្លាក់”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បញ្ចេញ​មតិ​យោបល់​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា​ជា​ការពិត មួយ​ចំនួន​ទៀត​ចោទ​សួរ​ថា តើ​វា​ជា​វីដេអូ​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត (AI) ឬ​ក៏​យ៉ាងណា ហើយ​មួយ​ចំនួន​ទៀត​កោត​សរសើរ​សមត្ថភាព​របស់​កង​ទ័ព​អាកាស​ប៉ាគីស្ថាន។

វីដេអូឃ្លីប ១៥​វិនាទី​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ YouTube ផង​ដែរ ដោយ​បញ្ជាក់​ថា វា​ជា​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​រវាង​កង​ទ័ព​ឥណ្ឌា និង​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

Video Uploaded on YouTube | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការអះអាង​ខាង​លើ​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search វា​បង្ហាញ​ឱ្យ​ឃើញ​ប្រភព​ដើម​នៃ​វីដេអូ​នេះ និង​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍​មួយ​នេះ ដែល​បញ្ជាក់​ថា យន្តហោះ​ដែល​ធ្លាក់​ឆេះ​នេះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​តិច​ជិត​មួយ​ខែ​មុន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន បាន​កើត​ឡើង។

រូបថត​ដូច​គ្នា​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​ និង​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​កន្លង​មក​នេះ។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ សារព័ត៌មាន​ឥណ្ឌាឈ្មោះ INDIA TV បាន​និយាយ​ថា យន្តហោះ​ហ្វឹក​ហ្វឺន​មួយ​គ្រឿង​របស់​កង​ទ័ព​អាកាស​ប៉ាគីស្ថាន បាន​ធ្លាក់​ផ្ទុះ​ឆេះ​នៅ​​ស្រុក​វេហារី (Vehari) ក្នុង​ខេត្ត​បញ្ចាប (Punjab)របសស់​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា​កន្លង​មក​នេះ។

សេចក្ដី​រាយការណ៍​ដដែល​នេះ​ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​រដ្ឋាភិបាល​ប៉ាគីស្ថាន បាន​ឱ្យ​ដឹង​ទៀត​ថា យន្តហោះ Mirage V Rose ដែល​ផលិត​ដោយ​ប្រទេស​បារាំង បាន​ជួប​បញ្ហា​បច្ចេកទេស ដែល​បណ្ដាល​ឱ្យ​​ធ្លាក់​ចុះ និង​ផ្ទុះ​ឆេះ​អស់ ប៉ុន្តែ អាកាស​យានិក ២​រូប​ដែល​បញ្ជា​យន្តហោះ​នេះ គ្រាន់​តែ​រង​របួស​តិច​តួច​ប៉ុណ្ណោះ។

INDIA TV’s Report | Archived Link

ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​​ជា​ភាសា Urdu (ភាសា​ផ្លូវការ​ប្រើ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន)​ដោយ​​វេបសាយ​សារព័ត៌មាន​មួយ​ WENEWS ដែលមាន​ខ្លឹមសារ​ដូច​គ្នា​ទៅ​នឹង​សេចក្ដី​រាយការណ៍​ខាង​លើ។

WENEWS REPORT | Archived Link

ព័ត៌មាន​មួយ​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​ដទៃ​ទៀត​ជា​ភាសា​ផ្សេង​ទៀត​ផង​ដែរ ដូចជា សេចក្ដី​រាយការណ៍​ហិណ្ឌី​របស់​សារព័ត៌មាន Punjab Kesari (archived) និង​សារព័ត៌មាន DAWN​ (archived) ជាភាសា​អង់គ្លេស​ជាដើម។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ខាង​លើ​នេះ សុទ្ធ​តែ​បញ្ជាក់​ថា យន្តហោះដែល​ធ្លាក់់ និង​ផ្ទុះ​ឆេះ​នេះ ​ជា​យន្តហោះ​របស់​កង​ទ័ព​អាកាស​ប៉ាគីស្ថាន ហើយ​ហេតុការណ៍​ធ្លាក់​បាន​កើង​ឡើង​តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា ពោល​គឺ​ជិត​មួយ​ខែ​មុន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ពី​សំណាក់​កង​ទ័ព​ឥណ្ឌា​ចូល​ទៅ​ក្នុង​ទឹក​ដី​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា។

YouTube Video | Archived Link

ឥណ្ឌា​បាន​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​​តាម​ផ្លូវ​អាកាស​ឈ្មោះ​ថា Operation Sindoor នៅ​ថ្ងៃ​៧ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយ​បាន​បាញ់​មីស៊ីល​សំដៅ​ទីតាំង​ជាច្រើន​នៅ​ក្នុង​ទឹកដី​គ្រប់​គ្រង​ដោយ​ប៉ាគីស្ថាន។

ការ​វាយ​ប្រហារ​​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​អាកាស​រវាង​ប្រទេស​ទាំង​ពីរ បាន​ជំរុញ​ឱ្យ​មាន​ព័ត៌មាន​ក្លែង​ក្លាយ ឬ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instagram

សន្និដ្ឋាន

Fact Crescendo បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​នេះ មិន​មែន​ជា​យន្តហោះ​ចម្បាំង​របស់​កង​ទ័ព​អាកាស​ឥណ្ឌា​ដែល​ត្រូវ​ប៉ាគីស្ថាន​បាញ់​ទម្លាក់់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​ជា​វីដេអូ​នៃ​ការ​ធ្លាក់​យន្តហោះ​ហ្វឹកហ្វឺន​មួយ​គ្រឿង​របស់​ទ័ព​អាកាស​ប៉ាគីស្ថាន​​នៅ​ខេត្ត​បញ្ចាប កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​កន្លង​មក។

Avatar

Title:វីដេអូ​ចាស់​មួយ​ត្រូវ​បានគេ​ផ្សាយ​​ថា ជា​យន្តហោះ​ចម្បាំង​​ឥណ្ឌា​ដែល​ប៉ាគីស្ថាន​បាញ់​ទម្លាក់

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *