រូបថតតាំងក្នុងការិយាល័យលោក ហ៊ុន ម៉ាណែត ត្រូវបានកាត់តឱ្យខុសពីរូបថតដើម
បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោកហើយនោះ ការអះអាងមួយដែលកំពុងតែផ្ទុះនៅលើបណ្ដាញសង្គម បានលើកឡើងថា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះ បានដាក់តាំងរូបថតអតីតមេដឹកនាំវៀតណាម លោក ហូ ជីមិញ នៅក្នុងការិយាល័យរបស់លោក។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តយ៉ាងផុសផុល និងបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកនេះត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញការដាក់តាំងរូបថតស្ថាបនិកនៃប្រទេសវៀតណាមសង្គមនិយម លោក ហូ ជីមិញ នៅក្នុងការិយាល័យលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជានោះ ត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានបង្ហោះភ្ជាប់ជាមួយការអះអាងថា លោក ហ៊ុន ម៉ាណែត បានដាក់តាំងរូបថតលោក ហូ ជីមិញ នៅក្នុងការិយាល័យរបស់លោក ១ថ្ងៃក្រោយពីលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីផ្លូវការ។
រូបថតជាមួយការអះអាងនេះ ត្រូវបានចែកចាយ រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «បងប្អូនខ្មែរយើងជួយមើលស្អីគេហ្នឹង ឡើងបានពីរថ្ងៃតាំងរូបអ្នកមានគុណបាត់»។
រូបថតបែបនេះ ក៏ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), ឬតំណភ្ជាប់មួយនៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានៅក្នុងការិយាល័យរបស់លោកនាយករដ្ឋមន្ដ្រីថ្មី ហ៊ុន ម៉ាណែត ត្រូវបានរកឃើញ និងបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។
រូបថតខាងលើនេះ បានបង្ហាញទិដ្ឋភាពរូបព្រះឆាយាល័ក្ខណ៍របស់សម្ដេចតា សម្ដេចយាយ និងព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះ នរោត្តម សីហមុនី ដែលតាំងនៅពីក្រោយតុធ្វើការរបស់លោកនាយករដ្ឋមន្ដ្រីផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «ថ្ងៃទីមួយ នៅក្នុងបន្ទប់ការិយាល័យធ្វើការថ្មី»។
ដូចគ្នានេះ រូបថតបង្ហាញទិដ្ឋភាពលោក ហ៊ុន ម៉ាណែត អង្គុយនៅក្នុងបន្ទប់ការិយាល័យធ្វើការថ្មីរបស់លោក នៅវិមានសន្ដិភាព ក៏ត្រូវបានផ្សព្វផ្សាយផងដែរ នៅលើគេហទំព័រសារព័ត៌មាន Fresh News (archived link) កាលពីល្ងាចថ្ងៃទី២៤ ខែសីហាកន្លងទៅ។
ខាងក្រោម គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនេះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ការពិត ច្បាប់ដើមនៃរូបថតដែលដាក់តាំងនៅក្នុងការិយាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជារូបព្រះឆាយាល័ក្ខណ៍របស់សម្ដេចតា សម្ដេចយាយ និងសម្ដេចនរោត្តម សីហមុនី។
Title:រូបថតតាំងក្នុងការិយាល័យលោក ហ៊ុន ម៉ាណែត ត្រូវបានកាត់តឱ្យខុសពីរូបថតដើម
Written By: Kakada SimResult: Altered