
បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ដែលបង្ហាញគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនោះ រូបថតមួយសន្លឹកដែលបង្ហាញអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាន់សន្លឹកឆ្នោតមិនបានការនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាត និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាន់សន្លឹកឆ្នោតមួយសន្លឹកដែលត្រូវបានគូសខ្វែងចោលនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីចុងខែកក្កដាកន្លងមកនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង មានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ បន្ទាប់ពីវាត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតលោក បារ៉ាក់ អូបាម៉ា កាន់សន្លឹកឆ្នោតមិនបានការមួយសន្លឹក ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀត ដែលទទួលបានការចែករំលែកបន្តដល់ទៅរាប់រយដង និងមានការបញ្ចេញមតិយ៉ាងច្រើនផងដែរ។

ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតលោក អូបាម៉ា កាន់សន្លឹកឆ្នោតមិនបានការ ដែលបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ហើយក៏ទទួលបានការចែករំលែកបន្តផងដែរ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញរូបថតអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ស្ថិតក្នុងទ្រង់ទ្រាយដូចគ្នានេះនៅលើទំព័រ Twitter មួយឈ្មោះថា White House Archivedប៉ុន្តែ លោកមិនបានកាន់សន្លឹកឆ្នោតដូចរូបថតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ។
រូបថតដែលបង្ហោះដោយទំព័រ Twitter មួយនេះកាលពីឆ្នាំ២០១៤កន្លងមកនោះ បង្ហាញលោក អូបាម៉ា ដែលជាកំពុងកាន់តំណែងជាប្រធានាធិបតីអាមេរិកនាពេលនោះ កាន់ផ្ទាំងក្រដាសមួយសន្លឹកមានសំណេរ«#ReachHigher»។
យុទ្ធនាការ Reach Higher ឬដែលអាចប្រែសម្រួលជាភាសាខ្មែរថា «ទៅកាន់តែខ្ពស់» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមជំរុញការអប់រំកាន់តែខ្ពស់សម្រាប់ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ យុទ្ធនាការនេះ ត្រូវបានផ្ដួចផ្ដើមដោយលោកស្រី មីហ្សែល អូបាម៉ា (Michelle Obama) ដែលជាភរិយារបស់លោក អូបាម៉ា ឬជាជំទាវទី១នាពេលនោះ។

រូបថតអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាន់សន្លឹកឆ្នោតមិនបានការមួយសន្លឹកនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយពីកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដោយគណបក្សភ្លើងទៀន ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនោះឡើយ។
ការបោះឆ្នោតកាលពីខែកក្កដាកន្លងមកនេះ បង្ហាញឱ្យឃើញគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងកាន់អំណាចនោះ ឈ្នះបានអាសនៈដ៏ច្រើនលើសលប់នៅក្នុងសភាតំណាងរាស្ត្រ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតមួយសន្លឹកដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺជារូបភាពកាត់តតែប៉ុណ្ណោះ។ រូបថតច្បាប់ដើម បង្ហាញឱ្យឃើញអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាន់ផ្ទាំងក្រដាសសរសេរ«#ReachHigher» ចូលរួមក្នុងយុទ្ធនាការជំរុញពលរដ្ឋអាមេរិកសិក្សារៀនសូត្រឱ្យកាន់តែខ្ពស់។

Title:រូបថតអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាន់សន្លឹកឆ្នោតមិនបានការ គឺជារូបភាពកាត់ត
Written By: Jay UdomResult: Altered